News

Check out real estate news updates

វិធីទិញផ្ទះបានល្អ ចំណេញលុយច្រើន លក់ចេញបានថ្លៃ

ដោយសារតែកំណើននៃប្រជាពលរដ្ឋ តម្រូវការលំនៅឋានត្រូវបានគេមើលឃើញថា មានតម្រូវកើនឡើងជាលំដាប់។ ដូច្នេះ ការទិញលំនៅឋាន ឬការវិនិយោគត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចៀសវាងមានបញ្ហាក្រោយពេលទិញ ពិបាកលក់ចេញបន្តទៀត។ ត្រង់ចំណុចនេះ លោកគាម សៀកឡុង ស្ថាបនិកក្រុមហ៊ុន Century21 Dream Propertyបានបង្ហាញនូវចំណុចសំខាន់ ត្រូវគិតមុនសម្រេចចិត្តទិញ ឬវិនិយោគលើផ្ទះដូចខាងក្រោម។

លោកគាម សៀកឡុង បានថ្លែងថា ចំណុចទី១៖គឺការជ្រើសរើសតំបន់ដែលមានសក្តានុពល។ តំបន់ដែលមានសក្តានុពលនឹងជួយឲ្យអចលន​​ទ្រព្យឡើងថ្លៃខ្ពស់ទៅថ្ងៃអនាគត។ ដូច្នេះការជ្រើសរើសទីតាំងណាដែលល្អ ពិតជាមានសារៈសំខាន់ សម្រាប់អ្នកទិញផ្ទះសម្រាប់បើកអាជីវកម្ម ឬលក់ចេញបន្ត។ បើតំបន់ល្អក៏តម្លៃថ្លៃទៅតាមនោះដែល តែបើយើងចេះព្យាករណ៍តំបន់អភិវឌ្ឍថ្មីៗ កន្លែងត្រូវវិនិយោគរយៈពេលខ្លី ឬវែងនៅពេលខាងមុខ ហើយអាចទិញមុនឡើងថ្លៃ នោះឱកាសចំណេញមានច្រើន ហើយក្នុងស្ថានភាពអចលនទ្រព្យប្រទេសកម្ពុជាសព្វថ្ងៃ ឱកាសបែបនេះមានច្រើន ដោយសារវិស័យនេះកំពុងពង្រីក និងអភិវឌ្ឍនជាបន្តបន្ទាប់។

សហគ្រិនរូបនេះបន្តថា ចំណុចមួយទៀត គឺលទ្ធភាពជាក់ស្តែង លំហូរសាច់ប្រាក់ ប្រភពថវិកា ឬហិរញ្ញវត្ថុរបស់អ្នក​ទិញ ឬអ្នកវិនិយោគ។ ជាការពិតណាស់អចលនទ្រព្យ មានតម្លៃថ្លៃ ត្រូវការមានដើមទុនច្រើន ឬទុនបម្រុងផងដែរ ដើម្បីចៀសវាងហានិភ័យក្នុងការបង្វិលលុយ។ តែបច្ចុប្បន្នទោះមិនមានដើមទុនជាទឹកប្រាក់សុទ្ធគ្រប់ ដើម្បីទិញតែម្តង តែយើងអាចជ្រើសរើសយកផ្លូវបង់រំលស់ប្រចាំខែក៏បាន តែត្រូវគិតឲ្យបានម៉ត់ច្មត់លើបញ្ហាបង្វិលហិរញ្ញវត្ថុ ឬប្រភពចំណូលដែលយើងអាចរកបាន និងលទ្ធភាពបង់ប្រចាំខែ ជាពិសេសត្រូវធានាថាមានប្រភពដើមទុន ដែលអាចបង្វិលបានភ្លាមៗ មិនឲ្យរាំងស្ទះហិរញ្ញវត្ថុ។

លោកបានបញ្ជាក់ថា ភាពស្របច្បាប់ ឬមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវរបស់ផ្ទះ ជាចំណុចមួយសំខាន់ណាស់សម្រាប់អ្នកវិនិយោគ។ យើងត្រូវជ្រើសរើសទិញ​គម្រោងណា​ដែលស្របច្បាប់ មានអជ្ញាប័ណ្ណសាងសង់ អជ្ញាប័ណ្ណអភិវឌ្ឍគម្រោង អជ្ញាប័ណ្ណលក់ត្រឹមត្រូវ​ដែលចេញ​ដោយ​ក្រសួងពាក់ព័ន្ធ។​ អ្នក​ទិញគួរ​ធ្វើ​ការ​សិក្សា​អំពីប្រវត្តិ និងកេរ្តិ៍ឈ្មោះម្ចាស់គម្រោងដើម្បី​ធានា​ថា ​គម្រោង​ដែល​កំពុង​ដំណើរ​ការ និង​ធ្វើ​ការអភិវឌ្ឍ​នោះ​អាចទុកចិត្ត​បាន​ ជាពិសេស គឺអាចផ្ទេរកម្មសិទ្ធិប្លង់រឹងបាន។ ប្រសិនបើផ្ទះដែលបានសាងសង់រួច ឬកំពុងរស់នៅ ត្រូវតែមានកម្មសិទ្ធិស្របច្បាប់។

លោកបណ្ឌិតគីម ហ៊ាង អ្នកជំនាញអចលនទ្រព្យ មានប្រសាសន៍ថា ប្រជាពលរដ្ឋយើងភាគច្រើនចង់សន្សំលុយគ្រប់ ទើបទិញផ្ទះ បញ្ហាត្រង់ថាតើពេលណាទើបសន្សំលុយដើម្បីទិញវា។ ព្រោះជាទូទៅកំណើនតម្លៃផ្ទះនៅភ្នំពេញជាមធ្យមមានចន្លោះពី១០ទៅ២០ភាគរយ ហើយផ្ទះតំបន់ខ្លះមានកំណើនតម្លៃពី៣០ទៅ៥០ភាគរយឯណោះ។

អ្នកជំនាញរូបនេះបន្ថែមថា បើចាំសន្សំលុយគ្រប់គឺជារឿងមិនអាចនោះទេ ព្រោះតម្លៃផ្ទះចេះតែឡើងថ្លៃរហូត។ ឧទាហរណ៍៖ ផ្ទះមួយមានតម្លៃ៥ម៉ឺន គាត់មានលុយ២៥០០០ដុល្លារ គាត់អត់ចង់ទិញភ្លាមនោះទេ ចាំសន្សំបានគ្រប់៥ម៉ឺនចាំទិញ តែទម្រាំសន្សំបាន២៥០០០ដុល្លារទៀត ផ្ទះនោះនឹងឡើងដល់១០ម៉ឺនដុល្លារតែម្តង។ ដូច្នេះការសន្សំលុយគ្រប់ បានស្វែងរកទិញផ្ទះជាជម្រើសមួយដែលមិនត្រឹមត្រូវ។ ជាពិសេសតម្លៃដីធ្លីក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជាយើង។

កម្ពុជាយើងគឺកំពុងអភិវឌ្ឍន៍ ការសាងសង់ច្រើន ការទិញលក់ដីធ្លីច្រើន ហើយតម្លៃដីធ្លីរយៈពេល១០ឆ្នាំចុងក្រោយនេះកើនឡើងរហូត ហើយតម្លៃផ្ទះកើនឡើងជាទូទៅ១០%ក្នុងមួយឆ្នាំ។ ហើយរវល់តែរង់ចាំសន្សំលុយគ្រប់ច្បាស់ជាពិបាកទិញផ្ទះបាននៅណាស់។លោកបណ្ឌិតបានផ្តល់យោបល់ បើយើងមានត្រឹម៥០%គួរតែទិញតែម្តង ហើយសល់៥០%ទៀត គួរខ្ចីធនាគារ ព្រោះបច្ចុប្បន្នមានធនាគារច្រើនណាស់ផ្តល់កម្ចីទិញផ្ទះ ដែលមានរយៈពេលវែង បង្កលក្ខណៈងាយស្រួលដល់អតិថិជនបង់រំលស់៕

Source From: https://www.business-cambodia.com/public/article/how-to-buy-home-get-more-income

Leave a Reply

Your email address will not be published. Required fields are marked *