លោក ឱម យ៉ិនទៀង ថាដីដែលឧកញ៉ា សុខ ប៊ុន រំលោភយកនៅកោះរ៉ុងមានទំហំ ៥២៥ហិកតា

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ថ្លែងបញ្ជាក់ក្នុងសន្នីសីទកាសែតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះថា ការរំលោភយកដីរដ្ឋដោយខុសច្បាប់នៅកោះរ៉ុង គឺមានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយករណីនេះ ACU បានរកឃើញដោយការស៊ើបអង្កេត។ ក្នុងនោះដីដែលលោក សុខ ប៊ុន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ សុខ ប៊ុន គ្រុប រំលោភយកគឺមានទំហំ ៥២៥ហិកតា ដោយមានជាប់ពាក់ព័ន្ធនឹងប្រធានក្រុមប្រឹក្សាក្រុងកោះរ៉ុង ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងសមាជិកក្រុមប្រឹក្សា។
លោក ឱម យ៉ិនទៀង អះអាងថា អ្នកទាំង៦ បានសារភាពថា ពិតជាបានក្លែងឯកសារប្រាកដមែន។ «អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើរឿងនេះដោយម៉ត់ចត់ និងមានភស្តុតាងគ្រប់គ្រាន់។ ខាងអង្គភាពប្រឆាំងអំពើពុករលួយស្នើតុលាការចោទប្រកាន់អ្នកទាំង៦នាក់។ ហើយចំពោះដីរបស់រដ្ឋដែលយកទៅប្រចាំនៅធនាគារ គឺនឹងរឹបអូសយកមកវិញ តែបើរកឃើញថា ខាងធនាគារមានការឃុបឃិត គឺមានទោសដូចគ្នា»។
ប្រធាន ACU រូបនេះបន្តថា ដើមចមរឿងហេតុដែលឈានដល់ការឃាត់ខ្លួនមនុស្សទាំង៦នាក់នេះ គឺផ្តើមចេញពីជម្លោះរវាងប្រជាពលរដ្ឋចំនួន៤២គ្រួសារជាមួយលោក សុខ ប៊ុន រឿងដី ៥២៥ហិកតា។
សូមជម្រាបថា លោកឧកញ៉ា សុខ ប៊ុន និងមន្ត្រីនៅកោះរ៉ុង ចំនួន០៥នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។
លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោកឧកញ៉ា សុខ ប៊ុន និងមន្ដ្រីរាជការ ដែលជាអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន ៥នាក់ ជាបណ្តោះអាសន្ន ក្រោយរកឃើញថា ឃុបឃិតគ្នាជាប្រព័ន្ធក្លែងបន្លំឯកសារ រំលោភយកដីរដ្ឋដោយខុសច្បាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៩នេះ។
ចំណែកលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើលោកឧកញ៉ា សុខ ប៊ុន ពីបទ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ យោងតាមមាត្រា ២៨, មាត្រា មាត្រា ៦០១, មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។
រីឯលោក អ៊ុង និត ជាប្រធានក្រុមប្រឹក្សាក្រុងកោះរ៉ុង, លោក សេង ហូលាង ជាចៅសង្កាត់កោះរ៉ុង, លោក ហែម សាឡេះ ជាសមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង, លោក កែ សោម ជាចៅសង្កាត់រងទី២ និងលោក កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានចោទប្រកាន់ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, វីតិក្រម, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ យោងតាមមាត្រា ៥៩២, មាត្រា ៥៩៣, មាត្រា ៦០១, មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ៕
Source From: http://kleykley.sabay.com.kh/article/1148445#utm_campaign=onpage