News

Check out real estate news updates

លោក​បណ្ឌិត​គីម ហ៊ាង៖ បញ្ហា​ដីឡូត៍​នឹង​រារាំង​ដល់​ការអភិវឌ្ឍ​នាពេល​អនាគត

ភ្នំពេញ៖ ស្របពេល​ចរន្ត​ពុះ​ដីឡូត៍​លក់​មានការ​កើនឡើង​យ៉ាងគំហុក ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​អះអាងថា ការ​ពុះ​ដីឡូត៍​លក់​បើ​គ្មាន​ការទប់ស្កាត់ និង​មាន​យន្តការ​ច្បាស់លាស់ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ឬ​រារាំង​ដល់​ការអភិវឌ្ឍ​ទីក្រុង​នាពេល​អនាគត។

លោក​បណ្ឌិត​គីម ហ៊ាង​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១ តុលា​កន្លងមក​ថា បើ​និយាយ​ពី​ដីឡូត៍ និង​សេចក្តីប្រកាសថ្មីៗរបស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​វា​ជា​ពេល​សមស្រប ហើយ​រំពឹងថា​សេចក្តីប្រកាស​ថ្មី​នេះ​នឹងមាន​ប្រ​សិទ្ឋិ​ភាព ប៉ុន្តែ​លោក​គិតថា​សេចក្តីប្រកាស​ថ្មី​នេះ​ហាក់​មិនមាន​ភាពច្បាស់លាស់​នោះទេ។

លោក​បន្តថា “ការអភិវឌ្ឍ​ដីឡូត៍​នៅ​កម្ពុជា ជិត​ក្លាយជា​ជំងឺមហារីក​ហើយ ខណៈដែល​ប្រជាពលរដ្ឋ​គិតថា​ល្អ ប៉ុន្តែ​ផែនការ១០ទៅ២០ឆ្នាំក្រោយ ដីឡូត៍​នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​ពិបាក​ពង្រីក​ក្រុង អភិវឌ្ឍន៍​ទីក្រុង​ឲ្យ​ទំនើប និង​ទាន់សម័យ ដោយសារ​ជាប់គាំង​នឹង​ដីឡូត៍​នេះឯង។

លោក​លាង​គង់ យិន​ស្ថាបនិក​គេហទំព័រ Propertyarea.asiaដែល​បាន​តាមដាន​ការវិវត្តន៍​នៅក្នុង​ផ្នែក​នេះ បាន​យល់ស្រប​នឹង​ការលើកឡើង​របស់លោក​បណ្ឌិត​គីម ហ៊ាង​ដោយ​លោក​បាន​ថ្លែងថា តំបន់​ដីឡូត៍ ជា​តំបន់​គ្មាន​ការអភិវឌ្ឍ ហើយ​បើទោះជា​មានការ​សាងសង់​លំនៅដ្ឋាន ក៏​លំនៅដ្ឋាន​តំបន់​នោះ​គ្មាន​របៀបរៀបរយ​នោះទេ ព្រោះ​អ្នក​អភិវឌ្ឍ​ដីឡូត៍​ភាគច្រើន​បាន​លក់​តែ​ដី ដោយ​មិនបាន​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ឬ​គំរូ​លំនៅដ្ឋាន​ដែល​គួរ​សាងសង់​នៅ​លើដី​នោះទេ។

លោក​បាន​បន្ត​លើក​ជា​សំណួរ​ថា អ្នក​អភិវឌ្ឍន៍​ដីឡូត៍​បានប្រកាស​ពី​គំរោង​ផ្លូវ ប្រ​ព័​ន្ឋ​លូ​ក្នុង​គំរោង​របស់ខ្លួន ប៉ុន្តែ​សួរថា​តើ​ផ្លូវ​ពួកគេ​ធ្វើ​សម​ស្របតាម​ស្តង់ដា និង​ប្រ​ព័​ន្ឋ​បង្ហូរ​មាន​ភាពច្បាស់លាស់​ឬទេ? តើ​ត្រូវ​បង្ហូរ​ទៅ​ទីណា ទឹក​ភ្លើង​នៅឯណា? អ្នកណា​ជា​អ្នកចំណាយ​ជាដើម?។

លោក​បន្តថា “អ្នកលក់​ដីឡូត៍​ភាគច្រើន​ចំណេញ​កប់​ក្តោង​រួចទៅហើយ ហេតុនេះ​បើ​ទិញ​ដីឡូត៍​ដើម្បី​យកចំណេញ គឺមាន​ឳ​កាស​ចំណេញ​តិចតួច​ណាស់។

លោក​លាង​គង់ យិន​បាន​សំណូមពរ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​គួរ​កំណត់​បទដ្ឋាន​ច្បាស់លាស់​មួយ សម្រាប់​អ្នក​អភិវឌ្ឍន៍​ដីឡូត៍ គួរតែមាន​ការរៀបចំ​ប្រ​ព័​ន្ឋ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ច្បាស់លាស់ គួរ​មាន​គំរូ​លំនៅដ្ឋាន​មួយ​សមស្រប​ដែល​អ្នកទិញ​ដីឡូត៍​ត្រូវ​សាងសង់ដូចៗគ្នា និង​គួរ​កំណត់​រយៈពេល​ច្បាស់លាស់​ថា បន្ទាប់ពី​ទិញ​រយៈពេល​ប៉ុន្មាន​ត្រូវ​សាងសង់​លំនៅដ្ឋាន​របស់ខ្លួន ព្រោះ​បច្ចុប្បន្ន​តំបន់​ដីឡូត៍​គ្មាន​ការអភិវឌ្ឍ​ច្បាស់លាស់​នោះទេ។

បញ្ហា​នេះ​មិន​ត្រឹមតែ​កើត​នៅ​កម្ពុជា​នោះទេ ប៉ុន្តែ​វា​បានកើត​មាននៅ​ប្រទេស​វៀតណាម​ផងដែរ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម​បានចេញ​ច្បាប់​ទប់ស្កាត់​ចរន្ត​ពុះ​ដីឡូត៍​លក់បាន​ទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *