News

Check out real estate news updates

លោកស្រី Wu Yajun៖ ឈប់ធ្វើការពីអ្នកកាសែត ចេញរកស៊ីរហូតក្លាយជាមហាសេដ្ឋីអចនទ្រព្យ

លោកស្រី Wu Yajun មានអតីតជាអ្នកកាសែតអស់រយៈពេលជិត១០ឆ្នាំ ក៏សម្រេចចិត្តឈប់ ហើយប្រឡូកក្នុងវិស័យជំនួញអចលនទ្រព្យ ខិតខំប្រឹងប្រែងតស៊ូយ៉ាងខ្លាំងរហូតកសាងក្រុមហ៊ុនតូច ក្លាយជាក្រុមហ៊ុនធំ និងជោគជ័យដ៏ធំមួយនៅប្រទេសមហាយក្សចិន។ ហើយបច្ចុប្បន្ននេះ លោកស្រីគឺជាមហាសេដ្ឋីអចលនទ្រព្យដែលមានទ្រព្យសម្បត្ដិ ជិត៨ ពាន់លានដុល្លារ និងជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅប្រទេសចិនមានឈ្មោះថា  Longfor Properties ផ្ដោតសំខាន់ទៅលើគម្រោងលំនៅឋាន។

បច្ចុប្បន្នលោកស្រីជាប់ចំណាត់ថ្នាក់ទី៣ក្នុងចំណោមស្ត្រីដែលមានជាងគេបំផុតនៅក្នុងប្រទេសចិន និងលេខ ២២ក្នុងចំណោមស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោក។

លោកស្រីWu Yajun កើតនៅឆ្នាំ ១៩៦៤ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យពហុបច្ចេកទេសខាងជើងនៅនាយកដ្ឋានវិស្វកម្មនាវាចរណ៍នៅឆ្នាំ ១៩៨៤។ ការងារដំបូងរបស់លោកស្រីគឺធ្វើជាអ្នកកាសែតនៅទីភ្នាក់ងារព័ត៌មាន Shirong នៃប្រទេសចិន។ ការងារជាអ្នកកាសែតបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ១៩៩៣។

បន្ទាប់មកក៏សម្រេចចិត្តឈប់ពីការងារ ចេញប្រឡូកលើវិស័យអចលនទ្រព្យវិញ ជាមួយស្វាមីលោកស្រី គឺលោក Cai Kui ស្របពេលដែលប្រទេសចិនមានការកម្រែទម្រងសេដ្ឋកិច្ចបើកចំហរជើងមេឃនៅទសវត្សឆ្នាំ៩០ ដែលផ្តល់ឱកាសល្អ សម្រាប់អាជីវកម្មថ្មីៗ ព្រោះអ្វីៗទើបចាប់ផ្តើមទាំងអស់ ប្តូរពីកម្មសិទ្ធិរបស់រដ្ឋ មកឯកជន។ ដូច្នេះប្រទេសចិនត្រូវការភោជនីយដ្ឋាន ធនាគារ ក្រុមហ៊ុនអចលនទ្រព្យ សំណង់ជាច្រើន។

ជាការកត់សម្គាល់ ដោយសារតែការខិតខំប្រឹងប្រែង ភាពវៃឆ្លាត និងចេះក្តោបក្តាប់ឱកាស ផ្តើមចេញរកស៊ីតាំងពីក្រុមហ៊ុននៅតូច គ្មានបទពិសោធន៍ ធ្វើឲ្យអតីតអ្នកកាសែតមួយនេះ ក្លាយជាមហាសេដ្ឋីអចលនទ្រព្យដ៏លេចធ្លោមួយនៅប្រទេសចិន។

គួររំលឹកថា កាលពីដំបូងលោកស្រីនិងស្វាមីបានបង្កើតក្រុមហ៊ុនមានឈ្មោះថា The Chongqing Zhongjianke Real Estate Co Ltd ប៉ុន្ដែក្រោយមកបានប្ដូរឈ្មោះទៅជា Longfor Properties វិញ។ ដោយសារតែការខិតខំប្រឹងប្រែងរបស់លោកស្រី និងស្វាមីធ្វើអោយក្រុមហ៊ុននេះបានពង្រីកយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងធំៗដូចជា Beijing, Chengdu, Dalian និង Changzou ដែលទទួលបានការសហការណ៍វិនិយោគពីក្រុមហ៊ុនសំខាន់ៗដូចជា ក្រុមហ៊ុនធានារ៉ាប់រង Ping An Insurance និងក្រុមហ៊ុន Temasek Holdings។

បច្ចុប្បន្នក្រុមហ៊ុនរបស់មហាសេដ្ឋីរូបនេះ មានបុគ្គលិកជាង ១០,០០០នាក់និងបានបង្កើតគម្រោងពាណិជ្ជកម្មចំនួន ២១ និងគម្រោងលំនៅដ្ឋានជាង ១០០។ លោកស្រីក៏មានតួនាទីជាសមាជិកនៃ National People’s Congress និងជាអនុប្រធាននៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ក្រុមហ៊ុន Chongking Municiplaity។ យោងតាមរយៈទស្សនវដ្តី Forbes បានបង្ហាញថានៅឆ្នាំ២០១៨ លោកស្រី Wu Yajun គឺមានទ្រព្យសម្បត្ដិសរុប ៧.៧ពាន់លានដុល្លារ៕

Source From: https://business-cambodia.com/2018/11/30/ms-wu-yajun-for-journalist-to-billionaire/

Leave a Reply

Your email address will not be published. Required fields are marked *