News

Check out real estate news updates

លោកភិន សុផល៖ ការវិនិយោគអចលនទ្រព្យតាមគ្នាច្រើនពេក នឹងមានហានិភ័យបរាជ័យខ្ពស់

បើទោះបីនៅប្រទេសកម្ពុជាមានការរីកចម្រើនលើវិស័យអចលនទ្រព្យក្តី តែបើយើងសម្រុកវិនិយោគអចលនទ្រព្យតាមគ្នាច្រើនហួសពេក មិនមានគំនិតច្នៃប្រឌិត នោះអត្រាហានិភ័យនៃភាពបរាជ័យអាចមានច្រើនមិនខានឡើយ ព្រោះលើសពីតម្រូវការ។ បើយើងសង្កេតមើលការវិវឌ្ឍន៍វិស័យនេះបច្ចុប្បន្ន យើងអាចដឹងយ៉ាងច្បាស់ថា ការសម្រុកបោះទុនវិនិយោគលើដីឡូត៍ហាក់មានសន្ទុះខ្លាំងបំផុត នៅតំបន់ជ្រាយក្រុង និងបណ្តាទីរួមខេត្តមួយចំនួនថែមទៀត បើការពុះដីឡូត៍នៅតែកើនឡើង ការផ្គត់ផ្គង់ច្បាស់ជាលើសតម្រូវ ហើភាពបរាជ័យលើការវិនិយោគនឹងកើតមានឡើងជាមិនខាន។

លោកភិន សុផល ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យបញ្ញាវ័ន្តលែន បានថ្លែងប្រាប់ Business Cambodia ថា ការវិនិយោគអចលនទ្រព្យដែលគ្មានមានភាពច្បាស់លាស់ មិនមានវិជ្ជាជីវៈពិតប្រាកដ ឃើញគេធ្វើបានធ្វើតាមគេដែរ កត្តានេះសម្បូរបំផុតនៅប្រទេសកម្ពុជា ព្រោះពួកគាត់គិតថាងាយៗ និងមានដើមទុនចូលគ្នា៤ ទៅ៥នាក់គាត់ធ្វើបានដែរ ហើយបើអ្នកទិញប៉ះចំគម្រោងបែបនេះ គឺងាយនិងរងគ្រោះមែនទែន ព្រោះអត្រានៃការជួបបញ្ហាអាចខ្ពស់ ដោយសារតែអ្នកវិនិយោគគិតងាយៗ និងចេញរកស៊ីតាមគ្នា មិនសូវមានគំនិតច្នៃប្រឌិត។

សហគ្រិនរូបនេះបន្តថា កត្តាធ្វើឲ្យអ្នកវិនិយោគបរាជ័យ អាចជាការជ្រើសរើសទីតាំងមិនសូវល្អដែលធ្វើអោយគាត់ពិបាកក្នុងការអភិវឌ្ឍន៍ មានភាពយឺតយ៉ាវ ហើយរួមទាំងដើមទុនស្តួចស្តើង កត្តានេះក៏អាចនិងងាយបរាជ័យផងដែរ ព្រោះមិនសូវមានទុនបម្រុងគ្រប់គ្រាន់។

បន្ថែមពីលើនេះ ការដឹកនាំរបស់អ្នកវិនិយោគមិនមានភាពច្បាស់លាស់ មិនមានផែនការជាក់លាក់ ឬធ្វើតាមអារម្មណ៍ចង់ កត្តានេះសំខាន់បំផុតដែលអ្នកវិនិយោគគ្រប់គ្នាមិនត្រូវមើលរំលង ព្រោះភាពមិនច្បាស់លាស់របស់គាត់អាចនិងធ្វើអោយអតិថិជនរងគ្រោះនៅថ្ងៃក្រោយ។

ជាបទពិសោធន៍ការវិនិយោគ ឬរកស៊ីតាមគ្នានៅកម្ពុជាហាក់មានច្រើន ជាក់ស្តែងការរកស៊ីលើវិស័យកាហ្វេ មានសន្ទុះនៃការបើកហាងផ្ទាល់ខ្លួន ទិញសិទ្ធិធុរៈកិច្ចយ៉ាងកក្រើកទីផ្សារ រហូតផ្គត់ផ្គង់លើសតម្រូវការ ហើយបង្ខំចិត្តបិទទ្វារ លក់ហាងទៅជាបន្តបន្ទាប់ ដែលបញ្ជាក់ថា សហគ្រិនខ្មែរនៅមិនទាន់មានគំនិតច្នៃប្រឌិតលើការរកស៊ីច្រើននោះទេ។ បើឃើញងាយស្រួលរកស៊ី ឃើញគេជោគជ័យខ្លាំង ក៏សម្រុកចេញរកស៊ីដែរ៕

Source From: https://business-cambodia.com/2018/11/15/investment-in-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *