News

Check out real estate news updates

រោងចក្រ ឃ្លាំងស្តុកទំនិញ យានដ្ឋានជួស​ជុល​រថន្តធុនធំក្នុង​ក្រុង នឹងត្រូវ​រើទៅកាន់ផ្លូវក្រវ៉ាត់ក្រុងទី៣

ដោយសារនៅទីក្រុងមានភាពចង្អៀត បង្ករឲ្យមានការស្ទះចរាចរណ៍ មានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ មានផ្សែងពុល​ពីរោងចក្រ មានការរំខានដោយសំឡេងរំពងផ្សេងៗ ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចចេញលិខិតស្នើរ​សុំជាផ្លូវការ​ទៅ​កាន់​ម្ចាស់អាជីវកម្មក្នុងក្រុងមួយចំនួនឲ្យរើចេញ។

យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលរាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន ស្នើរដល់ម្ចាស់ រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ ព្រមទាំង យានដ្ឋានជួសជុលរថយន្តធំៗ ដែលមានទីតាំងស្ថិត​នៅទីក្នុងទី​ប្រជុំជន​នៅ​ភ្នំពេញទាំងអស់ រៀបចំផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួនទៅផ្លូវក្រវ៉ាត់ក្រុងទី៣ទាំងអស់ ខណៈទីតាំងកន្លែង​ណាមួយ​នៅមិនទាន់ប្រាកដនៅឡើយ។

អភិបាលរាជធានៅភ្នំពេញ លោក ឃួង ស្រេង បានប្រាប់អ្នកសារពត៌មានថា រោងចក្រវាយនភណ្ឌ ក្នុងក្រុងទាំងអស់ នឹងត្រូវរើទៅកាន់កន្លែងផ្សេង” នៅតាមផ្លូវនៃក្រវ៉ាត់ក្រុងទី៣ ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងថែរក្សាបរិស្ថាននៅក្នុងក្រុងផងដែរ ។

ជាមួយគ្នានេះ លោកបានលើកផងដែរថា  បច្ចុប្បន្ននេះ នៅមានរថយន្តដឹកទំនិញធុនធំមួយចំនួន បើកបរចូលក្នុងក្រុង ស្ថិតក្នុងម៉ោងហាមឃាត់ដដែល តែនៅពេលខាងមុខ អាជ្ញាធរ នឹងទប់ស្កាត់បាន ១០០ ភាគរយចំពោះ​រថយន្តដឹក​ទំនិញ​ធំៗដែលលួចបើកចូលក្រុង ក្រោយពីមានការរៀបចំឲ្យឃ្លាំងផ្ទុកទំនិញ និងរោងចក្រវាយនភណ្ឌទាំងអស់ ប្ដូរទីតាំង​ពីក្នុង​ក្រុងទៅនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី ៣ នៅពេលដែលផ្លូវ នេះសាងសង់រួចរាល់ ។

គួរឲ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងត្រូវសាងសង់ចាប់ពីផ្លូវជាតិលេខ៤ម្តុំអូរដឹមត្រង់គីឡូម៉ែត្រលេខ ១៤+១០៥ ទៅចំណុច​បញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិ​លេខ៣ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រ លេខ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រ​លេខ ១៨+៤០០ និង ផ្លូវខ្នែងប្រវែង ៥,៣៧៥ គីឡូម៉ែត្រ។ ដែលនឹងត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប ៤៧,៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវ ៤ គន្លង ដោយមាន ទទឹងតួផ្លូវសរុប ២៥ ម៉ែត្រ សម្រាប់ផ្លូវរថយន្ត ៤ គន្លង មានទទឹង ៣,៥០ ម៉ែត្រ/គន្លង និងផ្លូវទោ ចក្រយានយន្ត ២ គន្លង ទទឹង ២,២៥ ម៉ែត្រ/គន្លង ។

យ៉ាងណារដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹង​ខាងលើនេះ​ឲ្យបានល្អប្រសើរ។

Source From: https://business-cambodia.com/2019/02/27/the-warehouse-the-garage-repair-service-in-the-city-will-be-moved-to-the-3rd-ring-road/

Leave a Reply

Your email address will not be published. Required fields are marked *