News

Check out real estate news updates

រោងចក្រ​ផលិត​កង់​ដ៏ធំ​ចំនួន​២នៅចិន​ គ្រោង​ប្ដូរ​​​មកកម្ពុជា

ក្រុមហ៊ុន Trek Bicycle និង​ក្រុមហ៊ុន Kent ដែល​មាន​រោងចក្រ​នៅ​ប្រទេស​ចិន គ្រោង​នឹង​សាងសង់​រោងចក្រ​ផលិត​កង់ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​ក្រោយ ដើម្បី​គេច​ចេញ​ពី​ទណ្ឌកម្ម​ពន្ធ​លើ​អាលុយមីញ៉ូម របស់​សហអាមេរិក។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ Bicycle Retailer កាលពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។

Bicycle Retailer បាន​ឲ្យដឹង​ថា Trek មាន​គម្រោង​ផលិត​កង់​ឲ្យ​បាន ២០​ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ បន្ទាប់ពី​ប្ដូរ​ទីតាំង​រោងចក្រ​របស់​ខ្លួន​ពី​ប្រទេស​ចិន មក​កាន់​ប្រទេស កម្ពុជា។ ​ក្រុមហ៊ុន​នេះ មាន​បំណង​នាំចូល​អាលុយមីញ៉ូម​ពី​រោងចក្រ A&J (Cambodia) ដែល​បាន​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ផលិត​កង់ ដូចជា Bianchi, Scott, Felt, Rocky Mountain, Norco និង Kona ។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Trek មិន​បាន​បញ្ជាក់​ពី​គម្រោង​ប្ដូរ​ទីតាំង​រោងចក្រ​ពី​ចិន មក​កាន់​កម្ពុជា នេះ​ទេ​។

ប្រភពដដែល​ឲ្យដឹង​ដែរ​ថា ​ក្រុមហ៊ុន Kent International ចង់​ផលិត​កង់ នៅ​កម្ពុជា​ផងដែរ។ លោក Arnold Kamler នាយក​ប្រតិបត្តិ Kent International បាន​ថ្លែង​ថា ​ក្រុមហ៊ុន​គ្រោង​នាំចេញ​កង់​មួយ​ចំនួន ពី​ប្រទេស​កម្ពុជា នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ។ លោក​បន្ត​ថា តម្លៃ​កង់ Kent ៣៥​% គឺ​ចេញ​ពី​ផ្នែក ឬ​កម្លាំង​ពលកម្ម​កម្ពុជា​។

សូម​បញ្ជាក់​ថា កង់​ដែល​នាំចេញ​ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អាមេរិក ស្ថិត​ក្រោម​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ GSP ។ ចំណែក កង់​ដែល​នាំ​ចេញ​ពី​ចិន ទៅ​កាន់​អាមេរិក ត្រូវ​បង់​ពន្ធ ២១% ក្នុង​នោះ ១០% ជា​អត្រា​ពន្ធ ដែល​ត្រូវ​បាន​ដំឡើង​កាល​ពី​ខែ​កញ្ញា​លើ​ទំនិញ​របស់​ចិន។

កង់​ដែល​នាំ​ចេញ​ពី​កម្ពុជា ទៅ​កាន់​សហគមន៍​អឺរ៉ុប ត្រូវ​បាន​លើកលែង​ពន្ធ​ផង​ដែរ ​ក្រោម​កម្មវិធី GSP Plus ​៕

Source From: http://kleykley.sabay.com.kh/article/1104897#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *