News

Check out real estate news updates

រឿង​វិជ្ជមាន៖ ទឹកប្រាក់ ២៥ពាន់​លាន​ដុល្លារ​ផ្លាស់ប្តូរ​មុខមាត់​ក្រុងភ្នំពេញ

ភ្នំពេញ៖ ទឹកប្រាក់២៥ពាន់​លាន​ដុល្លារ​បាន​បង្ហូរ​ចូលក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​បានធ្វើ​ឲ្យ​ក្រុងភ្នំពេញ​ផ្លាស់ប្តូរ​មុខមាត់​យ៉ាង​លឿន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ។

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​សៀវភៅ​សុវត្ថិភាព ក្នុង​ការដ្ឋាន​សំណង់ កាលពីពេលថ្មីៗនេះ លោក​ឆាន់ សូរ្យ​ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សំណង់ នៃ​ក្រសួង​រៀបចំ​ដែនដី​នគ​រូប​និ​យក​ម្ម និង​សំណង់​បានបង្ហាញ​ពី​ការរីកចម្រើន​នៃ​វិស័យ​សំណង់​កម្ពុជា ដោយ​ទឹកប្រាក់​វិនិយោគ​លើ​វិស័យ​សំណង់​ចាប់តាំងពី​ឆ្នាំ ២០១១រហូតដល់​ឆ្នាំ២០១៧ ។

ក្នុង​រយៈពេល​ពី​ឆ្នាំ៦ឆ្នាំ ការវិនិយោគ​លើ​វិស័យនេះ​មាន​ចំនួន១៥,៧៨២គម្រោង ស្មើនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ២៤,៨៣៩លាន​ដុល្លារ​អាមេរិក។

លោក ឆាន់ សូរ្យ​ផល បាន​បន្ថែមថា គិត​ត្រឹម​រយៈពេល ១៧ឆ្នាំ​ចុងក្រោយ ចាប់ពី​ឆ្នាំ២០០០មកដល់​ឆ្នាំ ២០១៧ វត្តមាន​អាគារខ្ពស់ៗប្រណីត​នៅ​កម្ពុជា មាន​ចំនួន​រហូតដល់៩៧៩អាគារ​បាន​សាងសង់ឡើង។ អគារខ្ពស់ៗប្រណីត​ទាំងនេះ រួមមាន អាគារ​ដែលមាន​កំពស់​ចាប់ពី៥ជាន់​រហូតដល់៤០ជាន់​ឡើងទៅ។ ក្នុងនោះ​អាគារ ដែលមាន​កំពស់​ចាប់ពី៥ជាន់​ដល់៩ជាន់ មាន​ចំនួន៥៧៩អាគារ ហើយ​អាគារ​ដែលមាន​កម្ពស់១០ជាន់​ដល់១៩ជាន់​មាន​ចំនួន២៩០អាគារ។ រីឯ​អាគារ​ដែលមាន​កំពស់​ចា​ប់​ពី២០ជាន់ ដល់២៩ជាន់​មាន​ចំនួន៧០អាគារ ហើយ​អាគារ​ដែលមាន​កំពស់​ចា​ប់​ពី៣០ ជាន់​ដល់៣៩ជាន់​មាន​ចំនួន២៩អាគារ ជាពិសេស​អាគារ​ដែលមាន​កំពស់ ចាប់ពី៤០ជាន់ឡើង​វិញ​មាន​ចំនួន១១អាគារ។

អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​CBRE Cambodia បាន​ថ្លែងថា វិស័យ​សំណង់​បានរួម​ចំណែក​ដល់​កំនើន​សេដ្ឋកិច្ចកម្ពុជា​យ៉ាងខ្លាំង ហើយ​វិស័យនេះ​បាន​ផ្លាស់ប្តូរ​មុខមាត់​កម្ពុជា និង​ធ្វើ​ឲ្យ​កម្ពុជា​លេចឡើង​កាន់តែខ្លាំង​លើ​ឆាក​អន្តរជាតិ។

អ្នកនាង​បន្តថា “ពី​មុនគេ​មិនសូវ​ស្គាល់​កម្ពុជា​ទេ ប៉ុន្តែ​ពេលនេះ​មនុស្ស​ភាគច្រើន​បាន​ស្គាល់​កម្ពុជា​និង​ទីក្រុង​ភ្នំពេញ ដោយសារ​កំនើន​វិនិយោគ​ក្នុង​វិស័យនេះ។អ្នកនាង​បន្តថា “ដោយសារ​កំនើនសេដ្ឋកិច្ច និង​បរិយាកាស​នយោបាយ​ល្អ បានធ្វើ​ឲ្យ​កម្ពុជា​ស្ថិតក្នុង​គោលដៅ​នៃ​ការវិនិយោគ​បរទេស។

លំហូរ​ទុនវិនិយោគ​ពី​បរទេស​សរុប​កាលពី​ឆ្នាំ២០១៦ ២០១៧នៅ​កម្ពុ​ជាមាន​ទំហំ​ខ្ពស់ជាង​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ដែល​នៅ​ជិត​កម្ពុជា។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​គីម ហ៊ាង​បាន​ថ្លែងថា វិស័យ​សំណង់ និង​អចលនទ្រព្យ​ពិតជា​មានការ​រីកចម្រើន​លឿន ន​ហើយ​លោក​ផ្ទាល់​សឹង​មិន​ជឿថា ល្បឿន​នៃ​ការអភិវឌ្ឍន៍​ប្រទេស​របស់​យើង​បាន​ឈាន​មកដល់​ដំណាក់កាល​នេះ​យ៉ាង​លឿន​បែបនេះ​ឡើយ។

លោក​បន្តថា “យើងទាំងអស់គ្នា​គួរ​រីករាយ និង​ពេញចិត្ត​ចំពោះ​អ្វីដែល​កើតឡើង​នេះ ព្រោះ​មួយ​ទសវត្សរ៍​មុខមាត់​ទីក្រុង​ភ្នំពេញ​បាន​ផ្លាស់ប្តូរ​ទាំងស្រុង វត្តមាន​អាគារ​កប់​ពពក​កំពុង​ធ្វើ​ឲ្យ​ទីក្រុង​នេះ ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ”៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *