News

Check out real estate news updates

រយៈពេល ១០ឆ្នាំ ទុន​វិនិយោគ​ក្នុង​វិស័យសំណង់​នៅកម្ពុជា មាន​ដល់ជាង ៤៣ពាន់​លានដុល្លារ

ការ​អភិវឌ្ឍ​អចលនទ្រព្យ និង​សំណង់ បានក្លាយ​ជា​សសរ​ស្តម្ភស្នូល ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ ជាក់ស្តែង​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​​​​​​រយៈពេល ១០ឆ្នាំ ពីឆ្នាំ ២០១០ ដល់ ២០១៩ មាន​ប្រមាណ ៤៣ ៨៩៦ លាន​ដុល្លារ (ជាង ៤៣ពាន់​លាន​ដុល្លារ)។ នេះបើតាម​ការថ្លែងរបស់​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ក្នុង​វេទិកា​សាធារណៈ​ឯកជន​ស្តីពី «ការ​អភិវឌ្ឍនគរូបនីយកម្ម​កម្ពុជា-ជប៉ុន» នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

 

លោក​បន្តថា នៅខែ​មករា ឆ្នាំ​២០១៩ ទុនវិនិយោគ​ក្នុង​វិស័យ​នេះ មាន​ប្រមាណ ៨២៩ លាន​ដុល្លារ កើន​ឡើង ១៧៨% ធៀបនឹង​រយៈពេល​ដូចគ្នា​នៅឆ្នាំ ២០១៨​។ ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ដែលមាន​អាជ្ញាបណ្ណ មាន​ចំនួន ២៣០៧ ក្រុមហ៊ុន មាន​ស្ថាបត្យករ​ប្រមាណ​ជាង ២៥០០​នាក់ និងមាន​វិស្វករ​ប្រមាណ​ជាង ៣ម៉ឺន​នាក់។ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់​កម្ពុជា បាននឹង​​កំពុង​សហការ​ជាមួយ​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន និង​ទេសចរណ៍ ជប៉ុន រៀបចំ​ច្បាប់​ស្តីពី​សំណង់ និង​បទដ្ឋាន​គតិយុត្ត​ផ្សេង​ទៀត។

តម្រូវការ​វិនិយោគ​ជាច្រើន មាន​ជាអាទិ៍ ការ​អភិវឌ្ឍ​សំណង់​លំនៅឋាន សំណង់​ពាណិជ្ជ​កម្ម សំណង់​សេវាកម្ម សំណង់​ឧស្សាហកម្ម សំណង់​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវ័ន្ត និង​បរិស្ថាន សេដ្ឋកិច្ច សង្គម ពិសេស​ការ​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ បណ្តាញ​ផ្លូវ ការ​ផ្គត់ផ្គង់​ទឹកស្អាត អគ្គិសនី ប្រព័ន្ធលូ​ និង​ប្រព័ន្ធ​ការពារ​ទឹកជំនន់ ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ ការ​គ្រប់គ្រង​សំណល់​​រឹង និង​រាវ លំហ​សាធារណៈ និង​ផ្ទៃ​បៃតង បរិក្ខារ​ទីក្រុង ដែល​សុទ្ធសឹង​ជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ សម្រាប់ គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព មាន​បរិយាប័ន្ន មាន​ភាព​​ធន់ និងមាន​ភាព​ប្រកួត​ប្រជែង ឆ្ពោះទៅ​សម្រេច​ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ ២០៣០ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​នៅឆ្នាំ ២០៥០ ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់។

ក្នុង​ន័យ​នេះ លោក​ឧបនាយករដ្ឋមន្រ្តី បាន​អំពាវនាវ​និងលើកទឹកចិត្ត​ដល់ធុរជន​​និងក្រុមហ៊ុន​ជប៉ុន ចាប់​ឱកាស​ដ៏​ប្រសើរនេះ ចូល​មក​វិនិយោគ​ឬចាប់​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា។ ​លោកថា ក្រសួង​រង់ចាំ​​ផ្តល់កិច្ចសហការ សម្របសម្រួល និង​ផ្តល់​សេវា​គ្រប់យ៉ាង ក្រោម​សមត្ថកិច្ច​របស់​ខ្លួន​ ជូន​វិនិយោគិន​ទាំងអស់​ដោយ​សេចក្តីរីករាយ៕

Source From: http://kleykley.sabay.com.kh/article/1126303#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *