News

Check out real estate news updates

រដ្ឋ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​

ភ្នំពេញៈ ​រដ្ឋ​សភា​នៃព្រះ​រាជា​​ណា​ចក្រ​កម្ពុជា​ក្នុង​សម័យ​ប្រ​ជុំ​​ពេញ​អង្គលើក​ទី២ ​នីតិ​កាល​ទី​៦ កាល​ពីម្សិល​មិញបាន​សម្រេ​ច​អនុ​ម័ត​​លើ​សេច​ក្តី​ព្រា​ង​​ច្បាប់​ស្តីពី ​«ការ​អនុ​ម័ត​យល់​ព្រម​លើ​ផែន​ការយុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​ជាតិ​ ២០១៩​-២០២៣​»​ រួម​នឹ​ង​​សេច​ក្ដី​ព្រាង​ច្បាប់​ចំនួន​ ៤​ ផ្សេង​ទៀត​ដោយ​សមាជិក​សភា​បាន​បោះ​ឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ ១១២ លើ​ ១១២ សំឡេង។

អង្គប្រជុំ​រដ្ឋ​​សភា​ក្រោម​អធិប​​តី​ភាព លោក ​ហេង ​សំរិន​ ប្រ​ធា​ន​រដ្ឋ​សភាបានធ្វើ​ការ​ពិភាក្សា​ និង​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បា​ប់​​ទាំង​នេះ​​មួយ​មាត្រា​ម្តងៗហើ​យ​​​ចុង​ក្រោយ​ បានអនុ​ម័ត​យល់​ព្រម​លើ​ខ្លឹម​សារ​សេច​ក្តី​ព្រាង​ច្បាប់​ទំាង​មូល​​ហើយ​បាន​បោះឆ្នោត​​ដោយ​មាន​​សំឡេង​គាំទ្រ​ ១១២​ លើ ១១២​ សំឡេង។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌​​មា​ន​ ស្ដីពី​លទ្ធ​ផល​សម័យ​ប្រជុំ​រដ្ឋ​សភា ចេញ​ផ្សាយ​​ក្រោ​យ​ពី​បញ្ចប់​អង្គប្រជុំ​ ​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​បាន​បញ្ជាក់ថា អង្គ​សភា​បាន​ធ្វើ​ការ​ពិភា​ក្សា​ និង​អនុ​​ម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​ ៥ ​ខាង​លើ​នេះ មួយ​មា​ត្រា​ម្តង​ៗ ដោយ​សេច​ក្ដី​ព្រាង​ច្បាប់​ទី​ ១-​២-៤-៥ អង្គ​សភា​ បាន​អនុ​ម័ត​យល់​ព្រម​លើ​ខ្លឹម​សារ​សេចក្តី​ព្រាង​ច្បាប់​ទំាង​មូល​ មាន​ចំនួន​ ១១២​ សំឡេង។ ​

ចំណែក​សេច​ក្ដី​​ព្រាង​ច្បាប់​ទី​៣ ស្តីពីការ​អនុ​ម័​ត​​យល់​ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ឱ្យ​ក្រុម​ហ៊ុន ​ស្នេថេក ខូ អិល​ធីឌី អង្គ​សភា​ បាន​អនុ​ម័ត​យល់​ព្រម លើ​ខ្លឹម​សារ​សេច​ក្តី​ព្រាង​ច្បាប់​ទំាង​មូ​ល​​មាន​ចំនួន​ ១១១​ សំឡេង។

លោក ជា វ៉ាន់ដេត ​ ប្រ​ធាន​គណៈកម្មាធិការ​ផែន​ការ​ វិនិ​​យោគ​ កសិ​កម្ម​ អភិ​វឌ្ឍន៍​ជនបទ​បរិ​ស្ថាន​ និង​ធន​ធាន​ទឹក​ នៃ​​រដ្ឋ​សភាបាន​អាន​​របាយ​ការ​ណ៍​ពី​លទ្ធ​ផល​នៃការ​ពិនិត្យ​សិក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ «កា​​រ​​អនុ​ម័ត​យល់​ព្រម​លើ​​​ផែន​ការ យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​ជាតិ​ ២០១៩​-២០២៣​» ទៅ​កាន់​អង្គ​សភា​​ថា សេច​ក្ដី​ព្រាង​ច្បាប់​នេះត្រូវបាន​​លោក​នាយក​រដ្ឋមន្រ្ដី​ ហ៊ុន សែន បាន​បញ្ជូន​មក​រដ្ឋ​សភា​ កាល​ពី​ថ្ងៃទី​ ១១ ខែ​ មិថុនា ឆ្នាំ ២០១៩ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​សេច​ក្ដី​ថ្លែង​ហេតុជូន​រដ្ឋសភា​ពិនិត្យ និង​អនុម័ត​ជាការ​ប្រញាប់​ព្រម​ទាំ​ង​មាន​សេច​ក្ដី​ព្រាង​ច្បាប់​ថត​ចម្ល​ង​ ជូន​តំណាង​រាស្រ្ត​​នៃ​រដ្ឋ​សភា​គ្រប់​រូប​រួច​ហើយ​។

លោក​ថ្លែង​ថា នៅ​ថ្ងៃទី ១៩ ខែ​ មិថុនា ឆ្នាំ ​២០១៩ គណៈកម្មាធិការ​ទី៣ ​បាន​ប្រជុំ​ផ្ទៃក្នុង ​ដើម្បី​ពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដោយ​​បាន​អនុម័ត និង​រក្សា​នូវ​ទម្រង់​នៃ​សេច​ក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​នៅ​ដដែល​ និង​ស្នើ​​សុំ​ការ​បំភ្លឺ​ពី​តំណាង​រាជរដ្ឋាភិបាល​ លើ​ចំណុច​មួយ​ចំនួន។

ទិដ្ឋ​ភាព​ក្នុង​សាល​ប្រជុំ​ពេញ​អង្គ​រដ្ឋ​សភា​ កាល​ពីម្សិល​មិញ​។ រដ្ឋ​សភា​

លោកប​ន្ដថា ជាការ​ឆ្លើយ​តបតំណាង​រាជ​រដ្ឋាភិបាល បាន​​ឆ្លើយ​នឹង​សំណួរ ដែល​ជា​ចម្ងល់ និង​ជាកង្វល់​របស់​​តំណាង​រាស្រ្ដ ហើយ​បាន​កត់ត្រា​នូវ​អនុ​សាសន៍​មួយ​ចំនួន ដើម្បី​ទុក​ជាធាតុ​​សម្រាប់​ដាក់​​បញ្ចូល​​សម្រាប់​រៀប​ចំ​ផែន​ការ​ជា​បន្ដ​បន្ទាប់​ទៀត។

ទាក់ទង​នឹង​ខ្លឹម​សារ​នៃ​សេច​ក្ដី​​ព្រាង​ច្បាប់​នេះ​ លោក វ៉ាន់ដេ​ត បាន​ឲ្យ​ដឹង​ថា គណៈ​កម្មាធិការ​ទី៣ នៃរដ្ឋ​សភា​យល់​ឃើញថា សេច​ក្ដី​ព្រាង​ច្បាប់​នេះ ធ្វើឡើង​ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្ដិ​មា​ត្រា ៩០ ថ្មី ២ វាក្យខណ្ឌទី២​ នៃ​រដ្ឋ​ធម្មនុញ្ញនៃ​ព្រះរាជា​ណា​​ចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា រដ្ឋ​សភា​អនុម័ត​ថវិកាជាតិផែ​ន​​​ការ​រដ្ឋ ការ​ឲ្យ​រដ្ឋ​ខ្ចី​ប្រាក់​ពី​​គេ ការ​ឲ្យ​រដ្ឋ​ឲ្យ​ប្រាក់​គេខ្ចីការ​សន្យា​នានា​ផ្នែក​ហិរញ្ញ​វត្ថុ​ និង​ការ​បង្កើតកែប្រែ​ឬលុប​ចោល​ពន្ធដារ។ ផែន​ការ​នេះ ​មាន​លក្ខ​ណៈ​ល្អ​ប្រសើរ​ជាង​ផែន​ការ​មុនៗដែ​ល​​នេះ​បង្ហាញ​ពី​ស្មារតី​ទទួលខុស​ត្រូវ និង​ការ​អភិវឌ្ឍ​សមត្ថភាព​មន្រ្ដី​នៅ​ក្នុង​ការ​រៀបចំ​ផែនការ​របស់​ជាតិ​នៃ​ក្រសួង​ផែនការ។

លោក​បញ្ជាក់ថា​៖​ «ផែន​ការ​នេះ ​ឆ្លើយ​តប​ទៅនឹង​ស្ថាន​ភាព​​អភិវឌ្ឍន៍​នយោបាយ ​និង​សេដ្ឋ​កិច្ច​​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន»។

​បើ​តាម​លោក វ៉ាន់ដេត គណៈ​​​​កម្មាធិការ​​ទី៣ នៃរដ្ឋ​សភា​យ​ល់​ឃើញ​ថា​សេច​ក្ដី​ព្រាង​ច្បាប់​នេះ ​មាន​លក្ខណៈ​សម​ស្រប ទាំង​ទម្រង់ និង​គតិ​ច្បាប់។​ ម្យ៉ាង​ទៀ​ត​ សេច​ក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​រៀប​ចំឡើង ដើម្បី​បន្ត​ពី​ផែន​ការ​យុទ្ធ​សាស្រ្ដអភិវឌ្ឍ​ន៍ជាតិឆ្នាំ ២០១៤-​២០១៨ ដែល​ត្រូវ​បា​ន​ចប់​អាណត្ដិកាល​​ពីឆ្នាំ​ ២០១៨​ ក្នុង​នីតិកាល​ទី៥​ នៃ​រដ្ឋសភា។

លោក ​ឆាយ​ ថន​ ​រដ្ឋ​មន្រ្តី​ក្រ​សួង​ផែន​ការ តំណាង​រាជ​រដ្ឋា​ភិបាល​ ដែល​ជា​អ្នក​ការ​ពា​រ​សេច​ក្តី​ព្រាង​ច្បាប់​នេះ​បាន​​ថ្លែង​ថា សេច​ក្ដី​ព្រាង​ច្បាប់​នេះ​​ធ្វើ​ឡើ​ង​ ដើម្បី​សម្រេច​នូវ​វត្ថុ​បំណ​ង​ចំនួ​ន ៣ គឺដើម្បី​វាយ​តម្លៃ​អំពី​លទ្ធផ​ល​​​រួម ​និង​បញ្ហា​ប្រឈម​ចម្បងៗ​ដែល​បាន​កើតមាន​ឡើង​នៅ​ក្នុង​ការ​អនុវត្ដ​ផែន​ការ​យុទ្ធ​​សាស្រ្ដ​អភិវឌ្ឍន៍​ជាតិ​ កំណត់​នូវ​បណ្ដា​វិធាន​ការ​គោល​នយោបាយ​អាទិភាព​នានា​ដល់​ក្រសួ​ង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំង​អស់​ សម្រាប់​អនុវត្ដ​គោលនយោ​​បាយ​អាទិភាព​នានា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​គោល​ដៅ​​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​កំណើនសេដ្ឋកិច្ច កាត់​បន្ថយ​ភាព​ក្រីក្រ​ជា​ដើម​ និង​ដើម្បី​ដា​ក់​ចេញ​នូវ​ប្រព័ន្ធ​មួយ​សម្រាប់​​ការ​​តាម​ដាន​ត្រួត​ពិនិត្យ ​និង​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ​នៃ​​ផែន​ការ​យុទ្ធ​​សាស្រ្ដ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៩​​-២០២៣ របស់​ក្រសួង​ ស្ថាប័ន​នានា។

លោក​បន្ដថា​៖​​ «ផែន​​ការ​អភិវឌ្ឍ​ន៍ជាតិ ២០១៩​-​២០​២៣ ​មាន​តួនាទីយ៉ាង​សំខា​​ន់​នូវ​ការ​​អនុវត្ដ​គោល​នយោបាយ​អាទិភាព​នានា របស់​រាជ​រដ្ឋា​​ភិបា​ល​កម្ពុជាដែល​បាន​កំណត់​​​នៅ​ក្នុង​យុទ្ធសាស្រ្ដ​ចតុ​កោណ ដំណាក់​កាល​ទី ៤ និង​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា»។

ចំណែក​សេច​ក្តី​ព្រាង​ច្បាប់​ចំនួ​ន​ ៤ ផ្សេង​ទៀត ដែល​អង្គ​សភា​បាន​ធ្វើ​ការ​ពិភាក្សា​ និង​អនុម័ត​កាល​ពីម្សិល​មិញ​ដែរនោះ គឺ​ពាក់​ព័ន្ធ​លើ​ការ​ធានា​ទូទាត់​របស់​​ រាជ​រដ្ឋា​ភិបាល​ទៅ​ឱ្យ​ក្រុមហ៊ុន​​ចំនួន ​៤​ ​ពាក់ព័ន្ធ​នឹង​​វិស័យ​ថាមពល៕

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *