News

Check out real estate news updates

រដ្ឋាភិបាលអនុម័តគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះរបស់ចិនតម្លៃជាង៥០០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុម័តគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះតម្លៃជាង៥០០លានដុល្លាររបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ចៀន ឈឹង ថៃ គ្រុប (Chean​ Chhoeng Thai Group) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yuetai Group។ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះមានទីតាំងវិនិយោគស្ថិតនៅកំពង់ផែស្វយ័តភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះរបស់ក្រុមហ៊ុន Chean Chhoeng Thai បានបោះទុនវិនិយោគរហូតដល់ទៅប្រមាណជា ៥៣១,៦លានដុល្លារអាមេរិក ហើយអាចបង្កើតការងារបានរហូតដល់ទៅ ២១.៦៨៤កន្លែង។

សូមបញ្ជាក់ផងដែរថា ទីតាំងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះគឺត្រូវបានកំពង់ផែស្វយ័តភ្នំពេញធ្វើការជួលទៅអោយក្រុមហ៊ុនខាងលើក្នុងរយៈពេល ៥០ ឆ្នាំដោយគិតចាប់ពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០៦៨។

ក្នុងនោះដែរ ក្រុមហ៊ុន Chean Chhoeng Thai នឹងអភិវឌ្ឍន៍តំបន់នេះអោយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ រួមមាន បណ្តុំអគារការិយាល័យពាណិជ្ជកម្ម មជ្ឈមណ្ឌលសិល្បៈ ទីធ្លាសម្តែងវប្បធម៌សិល្បៈ ទីធ្លាសួនបាញ់ទឹក របាំលើទឹក និងផ្សារអណ្តែតទឹក សួនកំពង់ផែ ទីធ្លាកម្សាន្ត សួនច្បារសាធារណៈ មជ្ឈមណ្ឌលទេសចរណ៍ឆ្លាតវៃ ការិយាល័យបច្ចេកវិទ្យា អគារស្នាក់នៅរួមបែបវប្បធម៌ អគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ សាលតាំងពិព័រណ៌ មជ្ឈមណ្ឌលបេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាសបែបវប្បធម៌ព្រះពុទ្ធសសាសនា និងសកម្មភាពផ្សេងៗ តាមការកំណត់របស់ទីស្តីការគណៈរដ្ឋមន្រ្តី។

Leave a Reply

Your email address will not be published. Required fields are marked *