News

Check out real estate news updates

រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនជាង២០០ប្រកបអាជីវកម្មអភិវឌ្ឍលំនៅដ្ឋាននៅកម្ពុជា

ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានប្រមាណជាង ២០០ ក្រុមហ៊ុនបានទទួលការអនុញ្ញាតក្នុងការប្រកបអាជីវកម្មអភិវឌ្ឍលំនៅដ្ឋានរបស់ខ្លួន នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ។

ថ្លែងក្នុងកម្មវិធីចុះកិច្ចសន្យា​លក់​-​ទិញគម្រោង​លំនៅដ្ឋាន​អា​រ៉ា​ខា​វ៉ា​កាលពីដើមសប្តាហ៍កន្លងទៅនេះ ឯកឧត្តម រស់ ភីរុណ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានឲ្យដឹងថា គិតត្រឹមខែ ឧសភា ឆ្នាំ២០១៩ ក្រសួងបានផ្តល់អាជ្ញាបណ្ណសរុបចំនួន ៣០៩ ដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានចំនួន ២០១ ក្រុមហ៊ុន ។

ចំពោះអាជ្ញាបណ្ណ័សរុបខាងលើ គឺសម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋានចំនួន ២៨៥ គម្រោង ដែលក្នុងនោះ គម្រោងចំនួន ១៥២ត្រូវបានបិទបញ្ចប់ និងគម្រោងដែលកំពុងដំណើរការមានចំនួន ១៣៣ គម្រោង។

ការផ្តល់អាជ្ញាបណ្ណ័ខាងលើ គឺស្របតាមប្រកាសស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅដ្ឋានក្នុងឆ្នាំ២០១៦ លើយន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍលំនៅដ្ឋាននៅកម្ពុជា។ ក្នុងនោះដែរ ក្រសួងក៏បានតម្រូវឲ្យអ្នកប្រកបអាជីវកម្មអភិវឌ្ឍលំនៅដ្ឋានទាំងអស់ ធ្វើការដាក់ប្រាក់តម្កល់ធានាអាជីវកម្ម ប្រកាសពីដើមទុន ធ្វើការបញ្ជាក់ពីប្រភពទុនវិនិយោគ និងប្រើប្រាស់គណនីអភិវឌ្ឍលំនៅដ្ឋាន (គណនីចរន្ត) ដើម្បីរក្សា និងធ្វើប្រតិបត្តិការសាច់ប្រាក់របស់អតិថិជនឲ្យមានតម្លាភាព ព្រមទាំងតម្រូវឲ្យក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានរៀបចំផែនការអាជីវកម្មឲ្យបានច្បាស់លាស់ថែមទៀត។​

យោងតាមទិន្នន័យរបស់ក្រសួង​រៀបចំ​ដែនដី ​ នគរូបនីយកម្ម និងសំណង់ ការអភិវឌ្ឍន៍លំនៅដ្ឋានគឺមានការកើនឡើងយ៉ាងខ្លាំង ដែលក្នុងនោះ ៣៥ ភាគរយនៃទុនវិនិយោគសំណង់ក្នុងឆ្នាំំ ២០១៨ គឺសម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋាន ដែលស្មើទៅនឹងទឹកប្រាក់ប្រមាណជា ១.៨ ពាន់លានដុល្លារអាមេរិក នៃទុនវិនិយោគសរុប ៥.៧ ពាន់លានដុល្លារអាមេរិក។

ជាងនេះទៀត តម្រូវការលំនៅដ្ឋានក្នុងទីប្រជុំជនគឺនឹងបន្តកើនឡើងរហូតដល់ទៅ៧៧៧,២៧៣ លំនៅដ្ឋាន ចាប់ពីឆ្នាំ ២០១៥ ដល់ ២០៣០ ដែលស្មើនឹង ៥១,៨១៨ លំនៅដ្ឋានក្នុងមួយឆ្នាំ។

Source From: https://www.construction-property.com/khread-more-1900/

Leave a Reply

Your email address will not be published. Required fields are marked *