News

Check out real estate news updates

រដ្ឋាភិបាលចេញប្រកាសអន្តរក្រសួងថ្មីដើម្បីរឹតបន្តឹងស្តង់ដារសំណង់គ្រប់ប្រភេទ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹង ក្រសួងយុត្តិធម៌ បានចេញប្រកាសអន្តរក្រសួងថ្មីមួយស្ដីពីនីតិវិធី និងបែបបទនៃការធ្វើអធិការកិច្ចសំណង់ ក្នុងគោលបំណងដើម្បីរឹតបន្តឹងស្តង់ដារសំណង់គ្រប់ប្រភេទទាំងអស់នៅកម្ពុជា។

ចុះថ្ងៃទី២ ខែសីហា ប្រកាសមួយនេះ មានគោលបំណង គឺដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍អចលនវត្ថុឱ្យមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅតាមរយៈការបង្ការ និងទប់ស្កាត់អំពើល្មើស និងបទប្បញ្ញត្តិស្តីពីនគរូបនីយកម្មនិងសំណង់។

ជាមួយគ្នានេះដែរ ប្រកាសថ្មីមួយច្បាប់នេះ ក៏ដើម្បីឆ្លើយតបទៅនឹងភាពធូររលង់នៃគុណភាពនិងស្តង់ដារនៃការសាងសង់អគារ ដែលជាហេតុបង្កឲ្យកើតមានជាឧប្បត្តិហេតុជាច្រើនករណី មានជាអាទិ៍ដូចជា ការបាក់រលំអគារកម្ពស់៧ជាន់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង ៤០នាក់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនាកន្លងមកនេះ។ (អានបន្ថែម)

ប្រកាសថ្មីនេះ ផ្ដល់សិទ្ធិឲ្យអាជ្ញាធរទាំងថ្នាក់ជាតិនិងក្រោមជាតិក្នុងការធ្វើអធិការកិច្ច ពោលគឺ ការតាមដាន ស្រាវជ្រាវ និងត្រួតពិនិត្យ សំណង់ ដែលអាជ្ញាធរមានសមត្ថកិច្ចទាំងនោះមាន ដូចខាងក្រោម ៖

១-រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការអភិវឌ្ឍន៍អចលនវត្ថុ
គ្រប់ប្រភេទនិងទំហំ។

២- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ចំពោះការអភិវឌ្ឍន៍អចលនវត្ថុដែលស្ថិតក្រោម
សមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត។

៣- អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ចំពោះការអភិវឌ្ឍន៍អចលនវត្ថុដែល
ស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ មានតែប្រធានអង្គភាពមានសមត្ថកិច្ចប៉ុណ្ណោះ ដែលអាចលើកសំណើធ្វើអធិការកិច្ចសំណង់ទៅ អាជ្ញាធរមានសមត្ថកិច្ច។

លើសពីនេះ ក្នុងករណីពិនិត្យឃើញថា ការអភិវឌ្ឍន៍អចលនវត្ថុកំពុងដំណើរការដោយមិនអនុលោមតាម លិខិតអនុញ្ញាត បទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តជាធរមាន របាយការណ៍ស្តីពីលទ្ធផលនៃការ ចុះធ្វើអធិការកិច្ចសំណង់ ត្រូវលើកសំណើចាត់វិធានការនិង/ ឬដាក់ទណ្ឌកម្មមួយឬច្រើនដូចខាងក្រោម៖

– ការព្រមានជាលាយលក្ខណ៍អក្សរ
– ការផ្អាកការដ្ឋានសាងសង់
– ការព្យួរឬដកលិខិតអនុញ្ញាតអភិវឌ្ឍដី និង/ ឬលិខិតអនុញ្ញាតសាងសង់ឬរើ លិខិតអនុញ្ញាតបើកឬបិទការដ្ឋានសាងសង់ ឬវិញ្ញាបនបត្រអនុញ្ញាតឱ្យប្រកបអាជីវកម្មសាងសង់
– ការហាមឃាត់ការប្រើប្រាស់ ឬធ្វើអាជីវកម្មពាក់ព័ន្ធនឹងសំណង់
– ការឃាត់ទុកជាបណ្តោះអាសន្នសម្ភារ ផលិតផល បរិក្ខារ និង/ ឬគ្រឿងចក្រពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើស
– ការបង្ខំឱ្យរុះរើឬស្ថាបនាឡើងវិញ ឱ្យដូចស្ថានភាពដើម នូវអ្វីដែលប្រែប្រលឬបាត់បង់
ដោយអំពើល្មើស
– ការពិន័យអន្តរការណ៍ចំពោះបុគ្គលប្រព្រឹត្តអំពើល្មើស
– ការចាត់វិធានការផ្សេងទៀតស្របតាមបទប្បញ្ញត្តិជាធរមាន។

More information visit: https://www.construction-property.com/km/new-prakas-issued-to-tighten-construction-safety-loopholes/

Leave a Reply

Your email address will not be published. Required fields are marked *