News

Check out real estate news updates

រដ្ឋមន្រ្តី​សាធារណការ បង្ហាញពី​គម្រោង​ដែល​សម្រេច​បាន និង​កំពុងអនុវត្ត​បន្ត

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានគូស​បញ្ជាក់ពី​គម្រោង​ដែល​សម្រេច​បាន និង​កំពុង​បន្ត​សំខាន់ៗ ដែលក្នុង​នោះ រួមមាន៖ ការដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​បើកបរ​រថយន្ត​ធុនធ្ងន់ យុទ្ធនាការ​ជិះ​កង់​មើលផ្លូវ គម្រោង​ពង្រីក​ និង​ធ្វើឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ៤ ផ្លូវ​ជាតិ​លេខ៥ ផ្លូវជាតិ​លេខ៦ ពីខេត្ត​សៀមរាប-ប៉ោយប៉ែត ផ្លូវជាតិ​លេខ៧ ផ្លូវជាតិ​លេខ​៤៨ ផ្លូវជាតិ​លេខ៥៥ ពោធិ៍សាត់ទៅ​ថ្មដា ផ្លូវក្រវាត់ក្រុង​ទី៣ និង​គម្រោង​ផ្លូវ​ពី​បាត់ដំបង​ទៅ​កោះកុង​ប្រវែង ១៩៧​គីឡូម៉ែត្រ ដែល​គ្រោង​បើកការដ្ឋាន​នៅឆ្នាំនេះ។

ការ​បញ្ជាក់ខាងលើ​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក ស៊ុន ចាន់ថុល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ និង​សមាហរណកម្ម​ក្នុ​ងតំបន់(IRITWG) ដោយ មានការ​ចូលរួម​ពីដៃគូ​អភិវឌ្ឍន៍ តំណាង​ទីភ្នាក់ងារ JICA និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើបទ​បង្ហាញពី​បច្ចុប្បន្នភាព​នៃ​គម្រោង​កំពុង​សាងសង់ និង​គម្រោង​នាពេល​អនាគត​នៅ​កម្ពុជា។ កិច្ចប្រជុំនេះ​រៀបចំ​ឡើង​កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង​ ដោយ​មាន​គោលបំណង​លើក​កម្ពស់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈ​ការប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព កិច្ច​សម្របសម្រួល និងការ​ចែក​រំលែក​ព័ត៌មាន៕

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​អំពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស(AGT) ប្រព័ន្ធ​ដឹក​ជញ្ជូន​ដោយប្រើ​ផ្លូវដែក(Tramways) និង​គម្រោង​សាកល្បង Smart City ដែល​ប្រកប​ដោយ​បរិស្ថាន​ស្រស់ស្អាត និង​ផា​សុកភាព និង​គម្រោង​សាងសង់​ផែកុងតេន័រថ្មី​មួយប្រវែង​៣៥០​ម៉ែត្រ និង ជម្រៅ ១៤,៥​ម៉ែត្រ ដែល​អនុញ្ញាត​ឱ្យ​ប្រភេទ​នាវាធំៗ ៩៣% លើ​ពិភពលោក​ អាចប្រើប្រាស់​សេវា​កំពង់ផែ​នេះ​បាន ពេល​សាងសង់​ចប់។

 

ទន្ទឹម​នឹង​នេះ លោក ស៊ុន ចាន់ថុល បានស្នើឱ្យ​ដៃគូ​អភិវឌ្ឍន៍​ធ្វើការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងការ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡើង​ដោយ​ការ​បើកបរ​ហួសល្បឿន​កំណត់ និងអត់​ពាក់មួក​សុវត្ថិភាព និងបាន​ស្នើឱ្យ​បរិច្ចាគ​មួក​សុវត្ថិភាព ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍៕

Source From: http://kleykley.sabay.com.kh/article/1122523#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *