News

Check out real estate news updates

រដ្ឋមន្ត្រី​ដែនដី ​ពិភាក្សា​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា ​លើ​សេចក្ដី​ព្រាង​ច្បាប់​សំណង់

ភ្នំ​ពេញៈ លោក ​ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ កាល​ពី​ម្សិលមិញ​ បាន​ជួប​ពិភាក្សា​ជាមួយ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់​ ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ សំណង់​ ដែល​មាន​គោល​បំណង​ធានា​គុណភាព ​សន្តិសុខ​ សុវត្ថិភាព​សំណង់​នៅ​កម្ពុជា​។​ ការ​ពិភាក្សា​នេះ ​​មាន​ការ​ជជែក​ដេញ​ដោល និង​មាន​ការ​បញ្ចេញ​មតិ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ពី​បណ្តា​គណបក្ស​ប្រមាណ ​១៦ ​ដែល​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់​។​

យោង​តាម​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ សំណង់​ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​នៅ​ក្រសួង​សាមី​នេះ​បាន​ចែង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​គោល​បំណង​ធានា​គុណភាព​ សន្តិសុខ​ សុវត្ថិភាព​ សំណង់​ ការពារ​ទ្រព្យ​សម្បត្តិ​ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់​ អ្នក​ប្រើប្រាស់​ និង​សាធារណជន​ និង​មាន​គណនេយ្យភាព​ និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកប​ការងារ និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​ផង​ដែរ​។​

សេចក្តី​ព្រាង​ច្បាប់​ ដែល​មាន ​១១៣ ​មាត្រា ​និង ​២២​ ជំពូក​ ​ក៏​មាន​ចែង​អំពី​បច្ចេកទេស​នានា​នៃ​សំណង់​ ឧបករណ៍​ដែល​អាច​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់​ នីតិវិធី​នៃ​ការ​គ្រប់គ្រង​ តួនាទី​របស់​មន្ត្រី​មាន​សមត្ថកិច្ច ​និង​ការ​ធ្វើ​សវនកម្ម​ រួម​ទាំង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​វិជ្ជាជីវៈ​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​ផង​ដែរ​។​ មាត្រា​ ៩២​ ដល់​មាត្រា ​១០៦​ នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ក៏​បាន​ចែង​ពី​ទោស​បញ្ញត្តិ​ ដោយ​រួម​មាន​ការ​ព្រមាន​ ព្យួរ​ ឬ​ការ​ដក​ហូត​អាជ្ញាប័ណ្ណ ​រហូត​ដល់​ដំណាក់​ការ​រឹបអូស​ រុះរើ ​រួម​ទាំង​មាន​ជា​ទោស​ពិន័យ​ និង​ទោស​ដាក់​ពន្ធនាគារ​ ដែល​ភាគ​ច្រើន​យោង​តាម​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ជន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​នេះ​ អាច​នឹង​ជាប់​ពន្ធនាគារ​ដល់​ទៅ​ជាង ​១០ ​ឆ្នាំ​ផង​ដែរ​។​

ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​លោក​ សុខ​សុវណ្ណ វ​ឌ្ឍនាសាប៊ុង​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ ដែល​ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ទាំង​នោះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​ខ្លឹមសារ​ល្អ ​ដោយ​អាច​នឹង​គ្រប់គ្រង​វិស័យ​សំណង់​នៅ​កម្ពុជា​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ។​ ប៉ុន្តែ​កង្វល់​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ ដោយ​ចាត់​ទុក​ថា​ ការ​អនុវត្ត​ច្បាប់​ គឺ​ជា​បញ្ហា​នៃ​ការ​ព្រួយ​បារម្ភ​ ស្រប​ពេល​ដែល​ឧទាហរណ៍​ជាក់​ស្ដែង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ចំពោះ​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​។​

លោក​ ថ្លែង​ថា ​ក្រសួង​បាន​ចេញ​លិខិត​លេខ ​០៦៧ ​សសរ​ ចុះ​​ថ្ងៃទី ​៤​ តុលា​ ឆ្នាំ ​២០១៨​ បង្កើត​ក្រុម​ការងារ​ចុះ​តាម​ដាន​ពិនិត្យ​គុណភាព​សំណង់​នៅ​ក្រុង​ព្រះសីហនុ​ តែ​ក្រោយ​មក​ក្នុង​ឆ្នាំ​ ២០១៩​ បែរ​ជា​មាន​ករណី​បាក់​រលំ​អគារ​ទៅ​វិញ។​ ដូច​នេះ​បាន​ន័យ​ថា​ ក្រុម​ការងារ​ដែល​បង្កើត​នោះ​មាន​ភាព​អសកម្ម។​ ជា​ពិសេស​ថ្មីៗ​នេះ​ទៀត​ មាន​ករណី​អគារ​ដែល​សង់​បាន ​៩ ​ជាន់ ​រួច​​ហើយ​តែ​បែរ​ជា​ទើប​តែ​ដឹង​ថា ​អគារ​នោះ​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​​សាងសង់​»​។​

លោក​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់ ​និង​អ្នក​នាំពាក្យ​ក្រសួង ​២ រូប​ មិន​អាច​ទាក់ទង​បាន​ទេ កាល​ពី​ម្សិលមិញ​។​

លោក ​វឌ្ឍនាសាប៊ុង​ បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​នៅ​ក្នុង​កិច្ច​ប្រជុំ​លោក​ ជា សុផារ៉ា ​បាន​បដិសេធ​​ការ​ចោទ​ប្រកាន់​ពី​ភាព​ខ្សោយ​នៃ​ការ​អនុវត្ត​ច្បាប់ ​និង​អះអាង​ថា ក្រសួង​មិន​ទាន់​អាច​អនុវត្ត​ច្បាប់​តឹងរ៊ឹង​ពេក​បាន​នោះ​ទេ​ ព្រោះ​អាច​ធ្វើ​ឲ្យ​បាត់បង់​អ្នក​វិនិយោគ​។​

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​ថា​ ជា​ទូទៅ​ការ​បារម្ភ​ គឺ​រឿង​សម​ស្រប​មួយ​ ក៏​ប៉ុន្តែ​កាលណា​ប្រទេស​មាន​ច្បាប់​ នោះ​គឺ​បង្ហាញ​ថា​ មាន​មូលដ្ឋាន​​មួយ​ក្នុង​ការ​អនុវត្ត​ច្បាប់​ ហើយ​បើ​ជន​ណា​មិន​ចូលរួម​អនុវត្ត​ ឬ​រំលោភ​ច្បាប់ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។ ​ការ​បង្កើត​ច្បាប់​នេះ​ មាន​សារៈសំ​ខាន់​ក្នុង​កាលៈទេសៈ​នេះ​ព្រោះ​វា​ជា​មូលដ្ឋាន​គ្រឹះ​របស់​ច្បាប់​នៃ​ការ​បោះ​ជំហាន​ទៅ​មុខ​។​ ​

លោក​ ស៊ីផាន​ បាន​ថ្លែង​ថា​៖ ​«​សមត្ថកិច្ច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ហ្នឹង​ លោក​ មាន​ដែន​សមត្ថកិច្ច​ចូលរួម​ក្នុង​ការ​ពិនិត្យ​ និង​ការ​តាក់តែង​ច្បាប់​ មុន​នឹង​ចូល​កិច្ច​ពិភាក្សា​នៅ​គណៈរដ្ឋមន្ត្រី​ ហើយ​ដើម្បី​បាន​​សេចក្តី​សម្រេច​ទៅ​កាន់​រដ្ឋសភា ​ក្នុង​ការ​សម្រេច​ដែល​ជា​ខ្លឹមសារ​ក្នុង​ច្បាប់​នេះ ​ខ្ញុំ​មិន​ទាន់​បាន​ដឹង​នោះ​ទេ។​ ​ទោះ​បាក់ ​ឬ​មិន​បាក់ ​(សំណង់) វា​ជា​រឿង​ដាច់​ដោយ​ឡែក ប៉ុន្តែ​ការ​ធ្វើ​ច្បាប់​នេះ​ ស្រប​ពេល​ហ្នឹង​ ព្រោះ​ជា​តម្រូវ​ការ​ក្នុង​វិស័យ​សំណង់​ហ្នឹង​ ដើម្បី​ឆ្លើយ​តប​ទាំង​គុណភាព​ ទាំង​សុវត្ថិភាព​របស់​ប្រជាពល​រដ្ឋ​យើង​»​៕​​

More information visit: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *