News

Check out real estate news updates

រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការទប់ស្កាត់ការឈូសឆាយលើទីតាំងដីសាធារណៈរបស់រដ្ឋ នៅស្រុករវៀង

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សាធារណមតិទាំងអស់មេត្តាជ្រាបថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ មានករណីតវ៉ាការចូលឈូសឆាយដី០១កន្លែង ស្ថិតក្នុងភូមិត្នោតម្ល ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ និងត្រូវបានផ្សព្វផ្សាយចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គមថែមទៀតផង។

ជុំវិញករណីនេះ រដ្ឋបាលខេត្តសូមជម្រាបជូនថា មូលហេតុដែលនាំឲ្យកើតមានករណីតវ៉ាការចូលឈូសឆាយដី០១កន្លែង ស្ថិតនៅទីតាំងខាងលើរវាងអាជ្ញាធរស្រុក ជាមួយម្ចាស់ទីតាំងដី បន្ទាប់ពីម្ចាស់ដីបានយកគ្រឿងចក្រចូលឈូសឆាយសម្អាតដីរបស់ខ្លួន ដោយបានធ្វើការអះអាងថា ដីនេះគាត់បានទិញ-លក់ ផ្ទេរកម្មសិទ្ធិកាន់កាប់ និងមានប្លង់កម្មសិទ្ធិត្រឹមត្រូវតាមរយៈវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ ១៣០៥០១០២-០៣៨២ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត។

ជាមួយគ្នានេះ ផ្អែកតាមសាវតា និងយោងទៅលើឯកសារពាក់ព័ន្ធតាមផ្លូវច្បាប់ ចំពោះទីតាំងដីនេះជាដីសាធារណៈរបស់រដ្ឋរបស់មន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះវិហារដែលបានកាន់កាប់តាំងពីឆ្នាំ១៩៩៧ និងមានប្លង់កម្មសិទ្ធិរួចរាល់ហើយដែរ ថែមទាំងបានចុះនៅក្នុងបញ្ជីសារពើភ័ណទ្រព្យសម្បត្តិរបស់រដ្ឋទៀតផង ដែលមានការត្រួតពិនិត្យវាយតម្លៃពីគណៈកម្មការអន្តរក្រសួង និងហត្ថលេខាឯកភាពពីលោក សូរ ឃុន អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១០។

ហេតុនេះ ផ្អែកលើអង្គហេតុ និងអង្គច្បាប់ខាងលើ ឃើញថា ទីតាំងដីនេះ មានប្លង់កម្មសិទ្ធិកាន់កាប់ជាន់គ្នា ដែលជាហេតុធ្វើឲ្យមានការតវ៉ាទាមទារពីម្ចាស់កម្មសិទ្ធិ ទីតាំងដី ដើម្បីប្រើប្រាស់ដីនេះសម្រាប់ជាប្រយោជន៍។ ចំពោះករណីចម្រូងចម្រាសនេះ អាជ្ញាធរខេត្ត ស្រុកនឹងពិនិត្យដោះស្រាយបញ្ហាដីនេះឲ្យបានស្របតាមនីតិវិធីច្បាប់ និងដោយយុត្តិធម៌សម្រាប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅបញ្ចប់បញ្ហាទាំងស្រុង ដោយឈរលើ គោលការណ៍ឈ្នះៗ ដើម្បីផលប្រយោជន៍ទាំងសងខាង មិនឲ្យមានភាគីណាមួយត្រូវរងនូវភាពអយុត្តិធម៌នោះទេ។

រដ្ឋបាលខេត្តព្រះវិហារ សូមស្នើដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាសាធារណមតិទាំងអស់ សូមឲ្យមានការអត់ធ្មត់ និងរង់ចាំការដោះស្រាយរបស់អាជ្ញាធរខេត្តសិនហើយបន្ទាប់ពីធ្វើការដោះស្រាយរួច អាជ្ញាធរខេត្តនឹងជូនដំណឹងអំពីលទ្ធផលនៃដោះជាក្រោយ៕

Source From: http://www.freshnewsasia.com/index.php/en/localnews/124827-2019-06-13-12-57-15.html

Leave a Reply

Your email address will not be published. Required fields are marked *