News

Check out real estate news updates

ម៉េង គង់៖ ប្រាប់បទពិសោធន៍ត្រៀមចេញរកស៊ីអចលនទ្រព្យ និងឧបសគ្គធ្លាប់ជួបប្រទះ

ដោយសារតែវិស័យអចលនទ្រព្យកម្ពុជាមានការរីកចម្រើនខ្លាំង បានផ្តល់ឱកាសយ៉ាងច្រើនដល់សហគ្រិនខ្មែរដែលមានការចាប់អារម្មណ៍លើវិស័យនេះ ចេញរកស៊ី។ តែវិស័យនេះ ហាក់ថ្មីស្រឡាងផងដែរ សម្រាប់សហគ្រិនវ័យក្មេងកម្ពុជា ដូច្នេះបើគ្មានការត្រៀមផែនការច្បាស់ទេ អាចធ្វើឲ្យការរកស៊ីលើកដំបូង បរាជ័យធ្ងន់ងើបលែងរួច មិនខាន។

សហគ្រិនវ័យក្មេង លោកម៉េង គង់ បច្ចុប្បន្នក្លាយជាម្ចាស់ក្រុមហ៊ុន Cam Trading និងក្រុមហ៊ុនអលចនទ្រព្យ Cam Tycoon Realty.Co LTD បានថ្លែងថា «មុនចេញរកស៊ី ដំបូងបំផុតត្រូវតែផ្លាស់ប្តូរផ្នត់គំនិតខ្លួនឯងជាមុនសិន ហើយត្រូវផ្សារភ្ជាប់នូវអាជីវកម្មតូចៗ ជាជាងការរកស៊ីធំតែម្តង។ អាជីវកម្មដំបូងរបស់ខ្ញុំផ្តោតសំខាន់លើការនាំចេញទំនិញ មិនសូវចំណាយដើមទុនច្រើន។ តែយ៉ាងណា យើងត្រូវសិក្សាច្រើនផងដែរទាក់ទងដំណើរការអាជីវកម្មទាំងមូល ចៀសវាងងាយនិងបរាជ័យ ដោយមិនបានត្រៀមទុក»

សហគ្រិនវ័យក្មេងរូបនេះបន្តថា មុនចេញរកស៊ីវិស័យអចលនទ្រព្យ យើងត្រូវត្រៀមចំណេះដឹងឲ្យបានច្រើនពាក់ព័ន្ធអចលនទ្រព្យ សិក្សាឲ្យលម្អិតពីប្រភេទអលចនទ្រព្យនីមួយៗដែលយើងដាក់គោលដៅចង់រកស៊ី ឧទាហរណ៍៖ អចលនទ្រព្យដីធ្លី លំនៅឋាន អគារការិយាល័យ ផ្តល់សេវាកម្មងចលនទ្រព្យ។ បន្ទាប់ពីកំណត់ប្រភេទអចលនទ្រព្យដែលយើងត្រូវរកស៊ីរួចហើយ យើងត្រូវសិក្សាកំណត់ទីតាំងដែលមានសក្តានុពល និងមានឱកាសច្រើនសម្រាប់វិនិយោគ និងត្រូវរៀបចំផែនការគម្រោងការងារឲ្យបានច្បាស់លាស់។

«យើងត្រូវចេះគៀងគរដៃគូវិនិយោគដែលមានធនធាន មានសមត្ថភាព និងចំណេះដឹងឲ្យបានគ្រប់គ្រាន់ ដើម្បីចាប់ដៃគូសហការគ្នា សម្រាប់ដំណើរការ ព្រោះមិនថា អាជីវកម្មអ្វីទេប្រសិនបើយើងចង់ទទួលបានជោគជ័យធំនោះ យើងនឹងអាចដំណើរការ និងពង្រីកអាជីវកម្មរបស់យើងបានដោយគ្មានដៃគូសហការទេ។ តែចំណុចសំខាន់មួយទៀត ត្រូវជ្រើសរើសដៃគូដែលមានចរិកស្មោះត្រង់ផងដែរ ទើបយើងរកស៊ីជាមួយគ្នាបានយូរ» គង់ បន្ថែម។

ត្រូវត្រៀមលុយមួយចំនួន និងបង្កើតទំនាក់ទំនងជាមួយបណ្តាញ និងក្រុមការងារឲ្យបានច្រើន ទើបពេលយើងដំណើរការគម្រោងអាជីវកម្មអាចវាយលុកទីផ្សារបានលឿន និងជោគជ័យផងដែរ សម្រាប់គម្រោងដីឡូត៍ ឬលំនៅឋាន។

សហគ្រិនវ័យក្មេងរូបនេះ បានបញ្ជាក់ថា សម្រាប់ឧបសគ្គដែលធ្លាប់ជួបក្នុងវិស័យនេះ គឺមានច្រើនខ្លាំងណាស់ ប៉ុន្តែក្នុងនោះមានឧបសគ្គធំៗដូចជា ការគ្រប់គ្រងក្រុមហ៊ុន ការធ្វើទីផ្សារជាដើម។ ប៉ុន្តែទន្ទឹងនឹងនេះផងដែរ យើងត្រូវតែតស៊ូជំនះវាឲ្យបាន ព្រោះថាគ្មានជោគជ័យណាបានមកដោយស្រួលដោយមិនឆ្លងកាត់ឧសបគ្គ ឬបញ្ហា ជោគជ័យកាន់តែធំ គឺត្រូវតែឆ្លងកាត់ឧសបគ្គធំដែរ។ មានបញ្ហា មានដំណោះស្រាយជានិច្ច ដូច្នេះកុំអង្គុយគិតពីបញ្ហា ត្រូវស្វែងរកដំណោះស្រាយល្អៗ ទើបយើងអាចឈានជើងដើរទៅមុនបន្តទៀតបាន។

បន្ថែមពីលើនេះ ការចេញរកស៊ីលើវិស័យអចលនទ្រព្យលើកដំបូង ដើមទុនពិតប្រាកដ ជាគំនិត បើយើងមានគំនិតហើយ ដើមទុនផ្សេងទៀត គឺយើងប្រាកដជាអាចរកបានជាបន្តបន្ទាប់ ហើយប្រការសំខាន់បំផុតមួយទៀតគឺយើងត្រូវប្រកាន់គោលការណ៍ស្មោះត្រង់ជានិច្ច។

សូមបញ្ចាក់ថា លោកម៉េង គង់ សព្វថ្ងៃជាអ្នកអភិវឌ្ឍអចលនទ្រព្យមួយរូប ដែលជោគជ័យផងដែរ ដែលមានគម្រោងក្នុងខេត្តសំខាន់ៗ២ ខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប សរុបផ្ទៃដីប្រមាណ ៥០ហិកតា៕

Source From: https://business-cambodia.com/2018/11/30/experience-start-up-business-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *