News

Check out real estate news updates

មុន​ដំណាច់ឆ្នាំ​អាគារ​ការិយាល័យ​ចំនួន៤ទៀត​នឹង​បើក​ដំណើរការ​នៅ​ក្រុងភ្នំពេញ

ភ្នំពេញ៖ ស្របពេល​តម្រូវ​ការកើនឡើង បានធ្វើ​ឲ្យ​មាន​កំនើន​វិនិយោគ​លើ​អាគារ​ការិយាល័យ ជាក់ស្តែង​អាគារ​ការិយាល័យ​កម្រិត​Bចំនួន​បួន​ទៀត នឹង​បើក​ដំណើរការ​នៅមុន​ដំណាច់​ឆ្នាំនេះ។

អាគារ​ការិយាល័យ​កម្រិត​B ទាំង​បួន​នោះ​រួមមាន East Commercial Center, Diamond Twin, E.Sun Tower និង Elysee។ ការផ្គត់ផ្គង់​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​ទំហំ​ការិយាល័យ​ជួល​នៅ ភ្នំពេញ កើនឡើង​ដល់​ជិត៤០០ ០០០ ម៉ែត្រការ៉េ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន CBRE Cambodiaបាន​រកឃើញថា ការិយាល័យ​ដែល​កំពុង​ប្រើប្រាស់ និង​ដាក់​ជួល​ក្នុង​រាជធានី​ភ្នំពេញ គិត​ត្រឹម​ដំណាច់ត្រីមាស​ទី ៣ ឆ្នាំ ២០១៨ នេះ​បាន​កើនឡើង​តិចតួច បើ​ធៀប​នឹង​ត្រីមាស​ទី ២ ខណៈ​អត្រា​ប្រើប្រាស់​មាន​ជាង៨៦ភាគរយ។របាយការណ៍​ដដែល​បាន​បង្ហាញថា ក្នុង​ត្រីមាស​ទី ៣ អគារ​ការិយាល័យ Keystone ដែលមាន​ទំហំ​ជាង១៥,០០០ ម៉ែត្រការ៉េ ត្រូវបាន​ដាក់ចូល​ក្នុង​ទីផ្សារ។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ចំណែក​អគារ​ការិយាល័យ​កម្រិត​A មាន​អត្រា​ប្រើប្រាស់​ប្រហែល៦៨ភាគរយ កម្រិត​Bមាន​អត្រា​ប្រើប្រាស់៨៨ភាគរយ និង​កម្រិត C មាន​អត្រា​អ្នកប្រើប្រាស់​រហូតដល់៩២ភាគរយ។

ទាក់ទង​តម្លៃ​ជួល​វិញ​របាយការណ៍​របស់​CBRE Cambodiaបាន​ឲ្យ​ដឹងថា ក្នុង​ត្រីមាស​ទី៣ មិនមាន​ការប្រែប្រួល​នោះទេ បើ​ធៀប​នឹង​ត្រីមាស​ទី២ ដោយ​ការិយាល័យ​កម្រិត​A មានតម្លៃ​ចន្លោះ​ពី ២៨-៣៨ ដុល្លារ​ក្នុង ១ ម៉ែត្រការ៉េ សម្រាប់​រយៈពេល ១ ខែ កម្រិត B តម្លៃ​ពី១៨-២៨ ដុល្លារ និង​កម្រិត C តម្លៃ​ពី ១០-១៨ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *