News

Check out real estate news updates

មានចំណុច ៣នេះ ច្បាស់ជាធ្វើឱ្យអ្នករកស៊ីវិស័យអចលនទ្រព្យបរាជ័យធ្ងន់មិនខាន

សហគ្រិនដែលចេញរកស៊ីវិស័យអចលនទ្រព្យ ត្រូវតែមានលក្ខណៈពិសេសខុសពីសហគ្រិនទូទៅ ព្រោះវិស័យនេះមិនមែនងាយស្រួលរកស៊ីទទួលបានជោគជ័យពេកទេ បើសហគ្រិនខ្លួនឯងគ្មានទស្សនៈវិស័យដ៏ច្បាស់លាស់សម្រាប់ក្រុមហ៊ុន។ សហគ្រិនអចលនទ្រព្យជោគជ័យជាច្រើន តែងតែបង្កើតផ្លូវដើរដោយខ្លួនឯង និងច្នៃបទពិសោធន៍ពីសហគ្រិនជោគជ័យមុនៗបន្ថែម។ ហើយកត្តាបរាជ័យទៀតសោតអាចមានច្រើនអាស្រ័យលើស្ថានភាពជាក់ស្តែង តែចំណុចទូទៅ ដែលកើតមានចំពោះសហគ្រិនហើយតែងតែទទួលបរាជ័យ គឺមានចំណុច ៣ខាងក្រោមនេះ៖

១-គិតតែផលចំណេញ

សហគ្រិនភាគច្រើន តែងរំពឹងផលចំណេញពីអាជីវកម្មរបស់ខ្លួនមិនមែនជារឿងខុសឆ្គងនោះទេ តែបើយកផលចំណេញជាចំណុចអតិភាពធំបំផុតរបស់ការងារក្រុមហ៊ុននោះ ច្បាស់ណាស់ថា សុវត្ថិភាព និងគុណភាពរបស់សេវាកម្ម ឬផលិតផលរបស់ក្រុមហ៊ុនច្បាស់ជាធ្លាក់ចុះមិនខាន។ ព្រោះតែផលចំណេញក្រុមហ៊ុនអាចផ្តល់សេវាកម្ម ឬផលិតគ្មានគុណភាព ឬបង្ហាញដល់អតិថិជនថា ជារបស់ល្អ ខណៈផលិតខ្លួនមានបញ្ហាជាច្រើន ដែលទិញហើយនិងមានផលវិបាកនៅពេលក្រោយ។ សហគ្រិនកុំភ្លេចថា អតិថិជន ជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មដ៏មានប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុន ហើយក៏ជាអ្នកមានឥទ្ធិពលខ្លាំងផងដែរ ក្នុងការផ្សព្វផ្សាយចំណុចអាក្រក់របស់ក្រុមហ៊ុន ដូច្នេះកុំគ្រាន់តែផលចំណេញរយៈពេលខ្លី សុខចិត្តបំផ្លាញអនាគតក្រុមហ៊ុន។

២-ធ្វើការងារខ្វះទស្សនៈវិស័យ

ក្រុមហ៊ុនជោគជ័យទាំងឡាយ តែងមានទស្សនៈដ៏ត្រឹមត្រូវចំពោះខ្លួនឯង តាំងពីចាប់ផ្តើមដើរលើវិថីជំនួញដំបូងម្ល៉េះ មិនមែននៅពេលបើកក្រុមហ៊ុនចេញជារូបរាងនោះទេ ព្រោះក្រុមហ៊ុនគ្រាន់តែជាឧបករណ៍ធ្វើឱ្យសម្រេចបានគោលដៅតែប៉ុណ្ណោះ មិនមែនជាកត្តាកំណត់ភាពជោគជ័យនោះទេ។ គ្រប់រឿងអាចកែប្រែបាន តែទស្សនៈរបស់ក្រុមហ៊ុនមិនអាចផ្លាស់ប្តូរបាននោះទេ អ្នកអាចដូរផ្លូវដើរទៅគោលដៅ តែមិនអាចប្តូរគោលដៅបានទេ។ ហើយទស្សនៈវិស័យទៀតសោត ត្រូវតែប្រាកដនិយម មើលឃើញអនាគតវែងឆ្ងាយ មិនមែនជាទស្សនៈវិស័យត្រឹមតែរយៈពេល ២ ឬ៣ឆ្នាំនោះទេ។ ហើយដើម្បីបង្កើតទស្សនៈដ៏ត្រឹមត្រូវមួយបាន លុះត្រាតែសហគ្រិនខ្លួនឯងបានក្តាប់នូវស្ថានភាពបច្ចុប្បន្នបានច្បាស់លាស់ មើលឃើញនូវដំណើរវិវត្តន៍ទៅពេលអនាគត រួចកំណត់ការងារសម្រាប់ទំនោរនៃអនាគតនោះតែម្តង។ តែបើខ្វះទស្សនៈវិស័យ ឬទស្សនៈវិស័យមិនច្បាស់លាស់ មិនខុសពីយើងមិនស្គាល់គោលដៅ និងផ្លូវដើរនោះទេ ចុងក្រោយនិងបរាជ័យតែម្តង ព្រោះគ្មានការងារណាជោគជ័យបានដោយខ្វះចំណុចនេះទេ។

៣-មិនស្គាល់ខ្លួនឯង មិនស្គាល់ស្ថានភាពទីផ្សារជាក់ស្តែង

សហគ្រិនដែលតែងតែបរាជ័យ គឺមកពីមិនស្គាល់ខ្លួនឯង និងមិនស្គាល់ស្ថានភាពទីផ្សារនៃអាជីវកម្ម​ខ្លួនច្បាស់ ដូច្នេះព័ត៌មានពិតប្រាកដ គឺមានសារៈសំខាន់បំផុតមិនអាចខ្វះបានឡើយ មិនថាអ្នករកស៊ីវិស័យវិស័យអ្វីនោះទេ។ ព្រោះកត្តាជោគជ័យជាច្រើនពឹងផ្អែកលើការទទួលព័ត៌មាន និងការចេះវិភាគព័ត៌មានជាក់ស្តែង យើងមិនអាចរងចាំព័ត៌មានច្បាស់ៗ ទើបសម្រេចដាក់ផែនការងារនោះទេ ព្រោះវិនិយោគវិស័យអចលនទ្រព្យត្រូវតែលឿន ច្បាស់លាស់ ប្រាកដ ម៉ត់ហ្មត់បំផុត។ ដូច្នេះសហគ្រិនដែលមិនស្គាល់កម្លាំង ឬលទ្ធភាពខ្លួនឯងច្បាស់ និងស្ថានភាពទីផ្សារជាក់ស្តែងច្បាស់តែងតែ ដាក់ការងារអនុវត្តខុសកាលៈទេសៈ ធ្វើឱ្យខ្វះខ្ជាយពេលវេលា ទុនវិនិយោគ បណ្តាឱ្យក្រុមហ៊ុនទទួលការខាតបង់ជារឿយៗ៕

Source From: https://www.business-cambodia.com/public/article/un-successful-business-of-real-estate

Leave a Reply

Your email address will not be published. Required fields are marked *