News

Check out real estate news updates

មន្ត្រី​ថា​​ ការស្នើ​ដោះដូរ​អគារ​ អគ្គស្នងការដ្ឋាន​ នគរបាល​ជាតិ​ ដោយសារ​អគារ​នៅ​ទីតាំង​បច្ចុប្បន្ន​ ចាស់​ទ្រុឌទ្រោម និង​តូចចង្អៀត

ភ្នំពេញៈ ការស្នើសុំ​ដោះដូរ​អគារ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចេញ​ពី​ទីតាំង​នៅ​តំបន់​ប្រជុំជន​នោះ​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​អះអាង​ថា សំណើ​ដោះដូរ​នេះ​​ធ្វើឡើង​ដោយសារ​អគារ​នៅ​ទីតាំង​បច្ចុប្បន្ន​ចាស់​ទ្រុឌទ្រោម និង​តូចចង្អៀត តែ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​អាច​ជា​វិធី​ស្វែងរក​ការ​កេងចំណេញ​ផលប្រយោជន៍​របស់​មន្ត្រី​មួយ​ចំនួន​។

យោង​តាម​លិខិត​របស់​អគ្គស្នងការ​នគរបាលជាតិ​លោក​ នេត សាវឿន ចុះ​ថ្ងៃទី​ ២៩ ខែ​ធ្នូ ឆ្នាំ​ ២០១៧ ដែល​ភ្នំពេញ-ប៉ុស្តិ៍ ទើប​ទទួល​បាន​កាលពី​ថ្ងៃទី​ ២២ ខែ​តុលា​លោក សាវឿន បាន​ស្នើ​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សុំ​ឲ្យ​មាន​ការ​ដោះដូរ​ទីតាំង​ដី​អគារ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​ផ្លាស់​ទៅ​ទីតាំង​ថ្មី​នៅ​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ ការដោះដូរ​នេះ​លោក​ នេត សាវឿន បញ្ជាក់​ថា​គឺ​ដោយសារ​អគារ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បច្ចុប្បន្ន​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​តូចចង្អៀត​។

ក្នុង​លិខិត​លោក​ នេត សាវឿន ប្រាប់​លោក ស ខេង ថា​ទីតាំង​បច្ចុប្បន្ន​គឺ​ខ្វះ​អគារ​សម្រាប់​កងកម្លាំង​បំពេញ​ការងារ​ប្រចាំថ្ងៃ កន្លែង​សម្រាប់​ប្រចាំការ​ កន្លែង​កម្លាំង​ហ្វឹកហាត់ ឃ្លាំង​រក្សាទុក​អាវុធ ចំណត​រក្សាទុក​រថយន្ត ឃ្លាំង​ដាក់​សម្ភារ​ផ្សេងៗ និង​នាយកដ្ឋាន​មួយ​ចំនួន​កើនឡើង​ជា​បន្តបន្ទាប់​ធ្វើឲ្យ​ជួប​ការលំបាក​ក្នុង​ការ​បំពេញ​ការងារ​ភារកិច្ច​ប្រចាំថ្ងៃ​។ ម្យ៉ាង​ទៀត​នៅ​ពេល​កម្លាំង​អន្តរាគមន៍​ចេញ​ប្រតិបត្តិការ​ម្តងៗ ច្រក​ចេញ​ចូល​មាន​ការ​កកស្ទះ​ចរាចរណ៍​រៀងរាល់​ថ្ងៃ​។

លោក​បញ្ជាក់​ក្នុង​លិខិត​ថា​៖ «​ដើម្បី​ងាយស្រួល​ក្នុង​ការ​បំពេញ​ការងារ និង​កែសម្រួល​ទីតាំង​ឲ្យ​មាន​លក្ខណៈ​សមស្រប​តាម​ស្តង់ដារ អគ្គស្នងការ​នគរបាល​ជាតិ សូម​គោរព​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Long Ma Invest And Real Estate Co., LTD ធ្វើការ​ដោះដូរ​ទីតាំង​ខាង​លើ​នេះ និង​សុំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​មុន​ធ្វើការ​អភិវឌ្ឍ​ជា​ថ្នូរ​នឹង​ទីតាំង​ដី​របស់​ក្រុមហ៊ុន​ដែល​មាន​ទំហំ​ ៧០ ០០០ ​ម៉ែត្រការ៉េ​»​។

លិខិត​បន្ថែម​ថា​ក្រុមហ៊ុន​នឹង​ធ្វើការ​សាងសង់​អគារ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​មាន​ទំហំ​ ៣២ ​ម៉ែត្រ​គុណ​ ៦០ ​ម៉ែត្រ​កម្ពស់​ ១០ ​ជាន់​មាន​ចំនួន​ ១ ​អគារ អគារ​ស្នាក់នៅ​របស់​កងកម្លាំង​ ២ ​អគារ​តាម​បទដ្ឋាន​បច្ចេកទេស លក្ខណៈ​ស្តង់ដារ ទាំង​គុណភាព និង​សោភណភាព​ព្រម​ទាំង​បំពាក់​សម្ភារ បរិក្ខារ​ទំនើបៗ​ និង​រៀបចំ​បណ្តាញ​ទឹក​ភ្លើង ជណ្តើរយន្ត ម៉ាស៊ីនត្រជាក់ និង​ចាក់ដី​បំពេញ​បន្ថែម​លើ​ទីតាំង ធ្វើ​របង​ព័ទ្ធជុំវិញ​ខ្លោងទ្វារ ប៉ុស្តិ៍​យាម​ជូន​វិញ​ផង​ដែរ​។

លោក​ ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ដឹង​ថា ការស្នើសុំ​ការដោះដូរ​ទីតាំង​ដី​អគារ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​គឺជា​រឿង​ធម្មតា​ទេ​ហើយ​គ្មាន​អ្វី​ចម្លែក​នោះ​ទេ ហើយ​ថា​វា​គ្រាន់តែ​ជា​សំណើ​ទេ មិនមាន​បញ្ហា​អ្វី​ដែល​ត្រូវ​ជ្រួលច្របល់​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​ការចុះ​ហត្ថលេខា​ដោយ​លោក​នាយឧត្តមសេនីយ៍​សុទ្ធតែ​មាន​គោលការណ៍​ហើយ​។ នេះ​ជា​ការសម្រេច​របស់​ក្រសួង និង​រដ្ឋាភិបាល​ថា​តើ​ឲ្យ​ ឬ​ក៏​អត់ ដោយសារ​កន្លែង​អគ្គស្នងការ​វា​រាង​តូច​បន្តិច​។ ខ្ញុំ​មិន​ដឹង​ថា លិខិត​នោះ​វា​យ៉ាង​ម៉េច​ទេ​ដោយសារ​ខ្ញុំ​មិន​ទាន់​បាន​ឃើញ​លិខិត​នោះ​នៅ​ឡើយ​»​។

ប៉ុន្តែ​លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែង​ថា​ការដោះដូរ​ទីតាំង​ដី​អគារ​របស់​រដ្ឋ​ខាង​លើ​អាច​មាន​អំពើ​ពុករលួយ​មិន​បាន​ធ្វើឲ្យ​ការងារ​របស់​កងកម្លាំង​មាន​លក្ខណៈ​ល្អប្រសើរ​នោះ​ទេ​ដោយសារ​តែ​កន្លែង​ថ្មី​នោះ​វា​នៅ​ឆ្ងាយ​។

លោក​ថា​៖ «​កន្លែង​នោះ​​ [​កន្លែងចាស់​] ​គឺជា​មុខសញ្ញា​នៃ​ការអភិវឌ្ឍ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ចិន​ដែល​មាន​សណ្ឋាគារ​។ ការដោះដូរ​គ្រាន់តែ​ពាក្យ​បច្ចេកទេស ហើយ​រឿង​ពិតប្រាកដ​ហ្នឹង​វា​អាច​មាន​ផលចំណេញ​ច្រើន​ទៅ​ដល់​អ្នក​ធ្វើការ​សម្រេច​ចិត្ត​ក្នុង​ការដោះដូរ​។ នេះ​គឺជា​ការលក់​ដី​កន្លែង​តម្លៃ​ខ្ពស់​ទៅ​រក​កន្លែង​តម្លៃ​ទាប​»​។

លោក​បន្ថែម​ថា​វា​អាច​មាន​អំពើ​ពុករលួយ ដោយសារ​តែ​ពុំ​មាន​ការដាក់​ដេញ​ថ្លៃ​ប្រកួតប្រជែង​ជា​សាធារណៈ​ និង​មិន​បាន​បង្ហាញ​តម្លៃ​ការដោះដូរ​។

អ្នក​វាយតម្លៃ​អចលនទ្រព្យ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ឲ្យ​ដឹងថា តម្លៃ​ដី​ឯកជន​ដែល​មាន​ប្លង់រឹង​ស្រាប់​នៅ​តំបន់​នោះ​គឺ​មាន​តម្លៃ​ប្រហែល​ ៤ ​ពាន់​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ហើយ​ថា​បើ​ជា​ដី​រដ្ឋ​វិញ​អាច​មាន​តម្លៃ​ក្រោម​ ៤ ​ពាន់​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។ លោក​ថា​៖ «​វា​មាន​តម្លៃ​ដោយសារ​តែ​វា​នៅ​តាម​បណ្តោយ​មហាវិថី និង​តំបន់​ពាណិជ្ជកម្ម ហើយ​នៅ​លើ​ផ្លូវធំ​នៅ​ពេល​ដែល​គេ​ទិញ​ហើយ​គេ​អាច​សង់​ជា​អគារ ការិយាល័យ ខុនដូរ និង​អាច​ធ្វើ​ជា​កន្លែង​រកស៊ី​បាន​។ ប្រទេស​យើង​នៅ​លើ​មហាវិថី​ព្រះមុនីវង្ស មហាវិថី​នរោត្តម កម្ពុជា​ក្រោម​វា​មាន​តម្លៃ​ថ្លៃ​គេ​អាច​រកស៊ី​បាន​ធ្វើ​ក្រុមហ៊ុន​ក៏បាន ហើយ​សាងសង់​អ្វី​ក៏បាន​»​។

ក្រុមហ៊ុន​ខាង​លើ​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ​៕

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *