News

Check out real estate news updates

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ជំរុញ​មន្ត្រីក្រោមឱវាទឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួល​ខុសត្រូវ

AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ — រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ឯកឧត្តម​ ឆាន់ សាផាន បានជំរុញមន្ត្រីរាជការក្រោមឱវាទឱ្យបន្តរួមសាមគ្គីគ្នាខិតខំប្រឹងប្រែងបំពេញ​ការងារទៅតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ការថ្លែងក្រើនរម្លឹកដូច្នេះក្នុងឱកាសឯកឧត្តម ឆាន់ សាផាន អញ្ជើញប្រកាស លោក អាង ណារិទ្ធ ចូលកាន់មុខតំណែងជាប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យជំនួសលោក ប្រាក់ ប៉ូលី ដែលត្រូវផ្លាស់ទៅបំពេញ​ការងារនៅក្រសួងវិញ កាលពីព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៩នេះនៅសាលប្រជុំសាលាខេត្ត។

​​ ក្នុងឱកាសនោះ​ឯកឧត្តមបាន​ថ្លែង កោតសរសើរ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីររៀបចំដែនដីនគរូបនីយកម្ម ​​សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ដែល​បាន​​យកចិត្តទុកដាក់​ក្នុង​ការកសាង​ធនធានមនុស្ស សំដៅ​ពង្រឹងសមត្ថភាព​ជំនាញមន្ត្រីរាជការ​បង្កើនការទទួលខុសត្រូវចំពោះតួនាទីនិងភារកិច្ចក្នុងការបម្រើប្រជាពលរដ្ឋក៏ដូចជាប្រទេស​​ជាតិ ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​នោះ។

​ឯកឧត្តមក៏បានក្រើនរម្លឹកដល់​មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុ រិយោដីខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រឹងប្រែងថែមទៀត​ក្នុង ការបម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យបានល្អ។ បន្តជំរុញការដោះស្រាយវិវាទដីធ្លីដែលនៅ​​​តែជាបញ្ហាប្រឈមកើតមាននៅតំបន់ខ្លះ តាមបណ្តាមូលដ្ឋានជូនប្រជាពលរដ្ឋឱ្យ ឱ្យបាន លឿនប្រកបដោយភាពយុត្តិធម៌នោះ។ គប្បីយកចិត្តទុកដាក់ត្រួតពិនិត្យមើលទប់ស្កាត់ នូវរាល់សំណង់ទាំងឡាយណាដែលបាន និងកំពុងសាងសង់ឡើងដោយគ្មានច្បាប់ ទម្លាប់គ្មានគុណភាពនោះ។

ជាមួយនោះ​ការងារចុះបញ្ជីដីធ្លីក៏ជាកិច្ចការមួយដ៏សំខាន់ដែលទាមទារឱ្យមន្ត្រីជំនាញ​ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវប្រឹងប្រែងក្នុងនោះការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែល​បាន និងកំពុងអនុវត្តន៍នៅតាមមូលដ្ឋានជូនដល់ប្រជាពលរដ្ឋដែលពួកគាត់កំពុង ត្រូវការចាំ បាច់នូវភាព​ស្របច្បាប់ដើម្បីធានានូវសុវត្ថិភាពនៃ​ការកាន់កាប់​ដីធ្លី ហើយបានកាត់បន្ថយ បញ្ហាលើទំនាស់ដី​ធ្លី​​​និង​ជំរុញ​ឱ្យ​មាន​ទីផ្សារ​ដីធ្លី​ប្រកប ដោយប្រសិទ្ធភាព​ខ្ពស់​ ដែល​ស្របតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើងក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពល​រដ្ឋ៕

More information visit: https://www.akp.gov.kh/kh/post/detail/17167

Leave a Reply

Your email address will not be published. Required fields are marked *