News

Check out real estate news updates

ភ្នំពេញ​ឆ្ពោះទៅកាន់​ទីក្រុង​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ​ថ្មី​មូ​យ

ភ្នំពេញ៖ សម្លេង​នៃ​ការសាងសង់​បាន​លាន់លឺ​គ្រប់​ទីកន្លែង អាគារខ្ពស់ៗជាច្រើន​កំពុង​លូត​ឡើង​ទៅលើ​អាកាស​ប្រណាំងប្រជែង​គ្នា វត្តមាន​ដង​ស្ទូចធំៗបាន​បង្ហូត​ឡើង​នៅ​ការដ្ឋាន​សាងសង់​កាន់តែច្រើន ដែល​នេះ​ជា​សញ្ញា​ថ្មី​មួយ​សម្រាប់​ទីក្រុង​ភ្នំពេញ កំពុង​វិវត្តន៍​ឆ្ពោះ​កាន់​ដំណាក់កាល​ថ្មី​មួយ និង​កំពុង​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ។

ទីក្រុង​នេះ​បាន​ងើប​ពី​សុបិន លេចឡើង​នូវ​វត្តមាន​អាគារខ្ពស់ៗកប់​ពពក​ស្ទើរ​គ្រប់​ទីកន្លែង ជំនួស​អាគារចាស់ៗដែល​ជាប់​ស្លែ​ខ្មៅ និង​អាគារ​បែកបាក់​ដោយសារ​ភ្លើងសង្គ្រាម ជា​អ្វីដែល​ស្រមោល​អតីតកាល​ត្រូវបាន​លាង​ជំ​រះ​ដោយ​ពេលវេលា​បន្តិចម្តង។

ការមកដល់​របស់​អ្នកវិនិយោគ​ជាតិ អន្តរជាតិ ប្រតិភូ​ធុរកិច្ច និង​ថ្នាក់ដឹកនាំល្បីៗនៅលើ​ពិភពលោក មកកាន់​កម្ពុជា​បន្តបន្ទាប់ ពិសេស​ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​វេទិកា​សេដ្ឋកិច្ច​ពិភព​ស្តីពី​អាស៊ាន​កាលពី​ចុងខែ​ឧសភា​កន្លងមកនេះ ដែលជា​ព្រឹត្តិការណ៍​បង្ហាញ​មុខមាត់ កិត្យានុភាព​ទី​ប្រទេស​កម្ពុជា ពិសេស​ក្រុងភ្នំពេញ​ទៅកាន់​ពិភពលោក ក្នុងនាម​ជាទី​ក្រុង​ដែលមាន​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស។

ការកើនឡើង​នូវ​វត្តមាន​អាគារខ្ពស់ៗនៅ​ទីក្រុង​ភ្នំពេញ ទំនងជា​មិន​បញ្ចប់​នៅពេលឆាប់ៗនោះទេ ជាក់ស្តែង​អាគារ​ភ្លោះ​ថៃ​ប៊ុន​រ៉ង ដែលជា​អាគារ​ខ្ពស់​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន និង​គ្រោង​ចំណាយ​ប្រាក់​វិនិយោគ៥០០០ពាន់​លាន​ដុល្លារ នឹង​ក្លាយជា​មេដែក​ឆក់​មួយ ដែល​ផ្តល់​ទំនុកចិត្ត និង​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ថែមទៀត​មកកាន់​ប្រទេស​នេះ​កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត ប្រសិនជា​វត្តមាន​អាគារ​នេះ​លេច​រូបរាង​ពិតប្រាកដ។

ការមកដល់​នូវ​អ្នកវិនិយោគ​កូរ៉េ ចិន សាំង​ហ្កា​ពួរ ម៉ាឡេស៊ី និង​ចុងក្រោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន បានធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​ក្នុង​តំបន់​អាស៊ី ជា​ឈ្មោះ​ថ្មី​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បាន​ប្រ​សិ​ទ្ឋ​នាម​ឲ្យ​ប្រទេស​នេះ​កាលពី​ឆ្នាំមុន។ ជាមួយគ្នានេះ ធនាគារពិភពលោក​ក៏បាន​ចាត់​ចំណាត់ថ្នាក់​ថ្មី​ដល់​កម្ពុជា ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច មកជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​កាលពី​ឆ្នាំមុន​ផងដែរ។

អ្នកនាង​អាន សុ​ធីតា​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ថ្លែងថា​កម្ពុជា​កំពុងធ្វើដំណើរ​ទៅមុខ និង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ៥ទៅ១០ឆ្នាំ​ខាងមុខ ព្រោះ​យោងតាម​ការសិក្សា​របស់​យើង រហូតមកទល់​ពេលនេះ​កម្ពុ​ជាមាន​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ចំនួន៧០ក្រុមហ៊ុន​បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា ក្នុងចំណោម​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ចំនួន៥០។អ្នកនាង​បន្តថា នៅ​រយៈពេល៥ឆ្នាំ​ខាងមុខ យើង​រំពឹងថា​នឹងមាន​ក្រុមហ៊ុន៥០ភាគរយ​នៃ​ក្រុមហ៊ុន​ទាំង៥០០ចូលមក​វិនិយោគ​នៅ​កម្ពុជា ដោយសារ​កម្ពុជា​ពេលនេះ​បាននិងកំពុង​ក្លាយជា​គោលដៅ​របស់​អ្នកវិនិយោគ​អន្តរជាតិ។

អ្នកនាង​បន្តថា “បច្ចុប្បន្ន​និយាយ​ពី​កម្ពុជា គឺ​មិនទាន់​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ទេ ប៉ុន្តែ​រយៈពេល១០ឆ្នាំ​ខាងមុខ​កម្ពុជា​នឹង​សម្រេចបាន​នូវ​គោលដៅ​នេះ។

ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​បាន ទាមទារ​ឲ្យ​ប្រទេសមួយ​មាន​ធន​ធាន​មនុស្ស ធនធាន​អភិវឌ្ឍន៍ ចំណេះដឹង និង​បទពិសោធន៍ ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ខ្វះ​ធនធានមនុស្ស និង​បទពិសោធន៍។នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាង​អាន សុធី​តា។

អ្នកនាង​បន្តថា “កាលពីមុន​និយាយ​ពី​កម្ពុជា គេ​មិនសូវ​ស្គាល់​នោះទេ​នៅក្រៅ​ប្រទេស ប៉ុន្តែ​ដោយសារ​ការរីកចំរើន​នៃ​វិស័យនេះ បានធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ និង​ប្រទេស​របស់​យើង​ត្រូវបាន​គេ​ស្គាល់​កាន់តែច្រើន។

ពិតជា​ជាក់ស្តែង​និង​មិនអាច​ប្រកែក​បាន ដោយសារ​កម្ពុជា​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ទទួលបាន​ទុនវិនិយោគ​ក្នុង​វិស័យនេះ​រាប់រយ​កោដិ​ដុល្លារ។

ជាក់ស្តែង ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ដំណាច់ឆ្នាំ២០១៦ កន្លងមកនេះ​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ជាង៨,៥៣៤លាន​ដុល្លារ​អាមេរិក កើនឡើង១៥៥,៦៨ភាគរយ ធៀប​រយៈពេល​មួយឆ្នាំ​ដូចគ្នា​កាលពី​ឆ្នាំ២០១៥ ហើយ​ទំហំ​ទុន​ពិត​ប្រក​ដ​ពី​លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) មក​កម្ពុជា រយៈពេល​ម្ភៃ​ឆ្នាំ​ពី​ឆ្នាំ១៩៩៤ ដល់២០១៤ មាន​ប្រមាណ១៩,២ពាន់​លាន​ដុល្លារ ក្នុងនោះ៤៤ ភាគរយ​គឺជា​ទឹកប្រាក់​នៃ​ការវិនិយោគ​របស់​ចិន។

យោងតាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី ក្រុងភ្នំពេញ​បាន​រកឃើញថា នៅ​រាជធានី​ភ្នំពេញ​មាន​វត្តមាន​អាគារខ្ពស់ៗ ចាប់ពី៥ជាន់​រហូតដល់​ជាង៤០ជាន់​ចំនួន​ជាង៧០០អាគារ​និង​មាន​អាគារ​ជាច្រើន​ទៀត​កំពុង​ចាប់ផ្តើម​សាងសង់ ដែលមាន​កំពស់​រហូត​ដល់៦៣ជាន់។

ជាមួយនឹង​គោលដៅ​នេះ កម្ពុជា​ក៏​សម្រេចបាន​នូវ​កំនើន​ប្រាក់ចំណូល​យ៉ាងខ្ពស់​ផងដែរ​ជាក់ស្តែង​យោងតាម​ការសិក្សា​របស់​អង្គភាព​ព័ត៌មាន​សេដ្ឋវិទូ​បាន​រកឃើញថា ទំហំ​នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ក្នុង​ទីក្រុង​នេះ​ភ្នំពេញ​មាន​ចំណូល១០.៩០០ដុល្លារ​កាលពី​ឆ្នាំមុន និង​កើន​ដល់៣២.២០០ដុល្លារ​នៅ​ឆ្នាំ២០៣០ខាងមុខ។

យោងតាម​តួ​ក​លេខ​របស់​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេ ញ​ទៅកាន់​ពិភពលោក ក្នុង​ទំហំ​ទឹកប្រាក់១២ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន។

ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​គីម ហ៊ាង​បាន​ថ្លែងថា “កាលពី១០ឆ្នាំមុន ខ្ញុំ​មិន​ហ៊ាន​រំពឹងថា​ក្រុងភ្នំពេញ​មាន​ភាព​រីកចំរើន​បែបនេះ​ទេ តែ​ពេលនេះ​វត្តមាន​អាគារខ្ពស់ៗបាន​រីក​ដូច​ផ្សិត វា​ជា​មោទនភាព​មួយ។លោក​បន្តថា “នៅពេល​ជនបរទេស​ចុះ​ពី​យន្តហោះ ពួកគេ​ឃើញ​ហាងទំនើបៗ អាគារខ្ពស់ៗ រថយន្តទំនើបៗ ពួកគេ​សប្បាយ​ចិត្តនឹង​មក​រស់នៅ និង​វិនិយោគ​នៅទីនេះ។

ភាព​រីកចំរើន​នេះ មិនអាច​កាត់​ផ្តាច់ចេញ​ពី​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរក្សាបាន​កំនើនសេដ្ឋកិច្ច​យ៉ាងរឹងមាំ​នោះទេ ជាក់​ស្តែក​គិត​ត្រឹម​រយៈពេល​ពីរ​ទសវត្ស​រ៍ កម្ពុជា​សម្រេចបាន​មាន​កំនើនសេដ្ឋកិច្ច៧,៧ភាគរយ​គិតពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៤ និង​រក្សា​កំនើន​រហូតដល់៧ភាគរយ​បន្ថែមទៀត សម្រាប់​រយៈពេល​មធ្យម​ខាងមុខនេះ។

ជាមួយនឹង​កំនើន​ឥតឈប់ឈរ​នេះ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល៤ខែ​ដើម​ឆ្នាំនេះ​មាន​ទំហំ​ទឹកប្រាក់​ជាង៤០០០លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង៤០ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា កម្ពុជា​ពិតជា​បាន​រីកចំរើន​ច្រើន​ហើយ​លើ​សម្ភារៈ និង​សេដ្ឋកិច្ច ដែល​កាលពី១០ឆ្នាំមុន​ឬ​យូរ​ជាង​នេះ យើង​មិនទាន់មាន​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​ការរីកចំរើន​របស់​យើង​ខ្វះ​គុណភាព​ជីវិត ព្រោះ​ទីក្រុង​របស់​យើង​មិនគួរ​មានតែ​កន្លែង​ផឹកស៊ី​ទេ តែ​គួរ​មាន​សួនច្បារ មាន​សារមន្ទីរ វិចិត្រសាល កន្លែង​តាំង​ពិ​ព៌​ណ​លំដាប់​អន្តរជាតិ​ជាដើម។

លោក​បន្តថា “បើ​គិតពី​អាយុ​មនុស្ស ខ្ញុំ​គិតថា​កម្ពុជា​ប្រៀបបាន​នឹង​មនុស្ស​ជំទង់​វ័យ១៣ទៅ១៤ឆ្នាំ​ប៉ុណ្ណោះ”៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *