News

Check out real estate news updates

ភ្នំពេញនឹងមានអាងស្តុកទឹកក្រោមដីនិង ប្រព័ន្ធលូថ្មីនៅ ៣ កន្លែងធំៗ

ដើម្បីកែលម្អប្រព័ន្ធរំដោះទឹកនៅក្នុងទីក្រុងអោយកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹក និងជីកដាក់ប្រព័ន្ធលូ នៅក្នុងទីតាំងធំចំនួន ៣ កន្លែង។ នេះបើយោងតាមប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ៨ កុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ។

បើយោងតាមឯកសារខាងលើ គម្រោងទាំងបីរួមមាន៖

១. គម្រោងសាងសង់អាងស្តុកទឹកក្រោមដី ដែលមានចំណុះ ៣,០០០ម៉ែត្រគូប និងស្ថានីយបូមទឹក ដែលមាន សមត្ថភាពបូមទឹក៤.៥ម៉ែត្រគូបក្នុងមួយវិនាទី នៅសួនច្បារស្ពាននាគភ្លោះ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

២. គម្រោងសាងសង់អាងស្តុកទឹកក្រោមដី ចំណុះ១០០ម៉ែត្រគូប និងបំពាក់ម៉ូទ័រស្វ័យប្រវត្តិ ដែលនឹងមានសមត្ថភាពបូមទឹក៥០០ម៉ែត្រគូប/ម៉ោង នៅជ្រុងរបងខាងកើតស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន។

៣. គម្រោងជីកដាក់បណ្តាញលូមេពង្វាងទឹកកខ្វក់ ចេញពីទន្លេបាសាក់តូច ទៅកាន់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក។ លូនេះនឹងមានទំហំមុខកាត់ ១.២ ម៉ែត្រ និង១.៥ ម៉ែត្រ ដែលមានប្រវែង២,៦៦០ម៉ែត្រ ហើយឆ្លងកាត់តាមបណ្តោយវិថីសបិត មហាវិថីសម្តេចសុធារស និងកំណាត់មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ និងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

យោងតាមរបាយការណ៍ដដែលនេះ ការអនុវត្តគម្រោងទាំងបីខាងលើនេះនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ពីខែកុម្ភៈ ឆ្នាំ២០១៩ តទៅ ហើយគ្រោងនឹងបញ្ចប់ នៅចុងខែវិច្ឆិកា ឆ្នាំ២០២០។ ក្រោយការសាងសង់រួច ប្រព័ន្ធរំដោះទឹកថ្មីនេះនឹងជួយកាត់បន្ថយបញ្ហាជំនន់ទឹកភ្លៀងដែលតែងតែមានការលិចលង់នៅក្នុងរាជធានីភ្នំពេញ។

Source From: https://www.construction-property.com/khread-news-1641/

Leave a Reply

Your email address will not be published. Required fields are marked *