News

Check out real estate news updates

ភ្នាក់​ងារ​អ​ច​ល​ន​ទ្រព្យ​បន្ត​កើន ​ដោយ​សារ​កំ​ណើន​វិ​ស័យ​សំ​ណង់

ភ្នំពេញៈ​ វិ​ស័យ​អ​ច​ល​ន​​ទ្រព្យ​ និង​សំ​ណង់​នៅ​កម្ពុជា ត្រូវ​​​គេ​មើល​ឃើញ​ថា​បាន​​​រីក​ចម្រើន​​ជា​បន្ត​បន្ទាប់ ខណៈ​បច្ចុ​ប្បន្ន​នេះ​ក្រុម​ហ៊ុន​ក្នុង​ស្រុក និង​ក្រុម​ហ៊ុន​​អន្តរ​ជាតិ ដែល​​មក​បើក​ដំ​ណើរ​ការ​នៅ​កម្ពុជា​បាន​កើន​ឡើង​ ជា​បន្ត​បន្ទាប់។

ទិន្ន​ន័យ​​​ពី​ស​មា​គម​អ្នក​វាយ​តម្លៃ និង​​ភ្នាក់​ងារ​អ​ច​ល​ន​វត្ថុ​កម្ពុជា​(CVEA) ​ដែល​ភ្នំ​ពេញ ប៉ុស្តិ៍ ​​ទទួល​​បាន​កាល​ពី​ម្សិល​មិញ​​បង្ហាញ​ថា ក្រុម​ហ៊ុន​អច​លន​ទ្រព្យ​ដែល​​ជា​ស​មា​ជិក​សមា​គម​​បាន​កើន​ឡើង​ដល់​​​ ១០៧ ក្នុង​នោះ​ក្រុម​ហ៊ុន​​​​បរ​ទេស​មាន​ចំ​នួន​ ១៨ ខណៈ​​ពី​ដើម​ឆ្នាំ​ ២០១៨ ក្រុម​ហ៊ុន​ជា​សមា​ជិក​មាន​​​ ៩៦ និង​​​ក្រុម​ហ៊ុន​បរ​ទេស​មាន​ ១៤​។​

លោក ម៉ុត វណ្ណ​នេត អគ្គ​លេ​ខា​ធិ​ការ​​សមា​គ​ម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អច​លន​វត្ថុ​កម្ពុជា បាន​និ​យាយ​​ថា ការ​​រីក​ចម្រើន​នៃ​វិ​ស័យ​អ​ច​ល​ន​ទ្រព្យ​បាន​ធ្វើ​ឲ្យ​ទី​ផ្សារ​នេះ​មាន​ការ​ប្រ​កួត​ប្រ​ជែង​​កាន់​តែ​ខ្លាំង​។ ដើ​ម្បី​អាច​ទទួល​បាន​ចំ​ណែក​ទីផ្សារ ​ក្រុម​ហ៊ុន​នី​មួ​យ​ៗ​ត្រូវ​តែ​គោ​រព​ច្បាប់ ​និង​ពង្រឹង​សេវា​កម្ម​របស់​​ខ្លួន​ឲ្យ​បាន​ល្អ។ ការ​ធ្វើ​ការ​​​ប្រ​កប​ដោយ​វិ​ជ្ជា​ជីវៈ និង​មាន​ស្ថាប័ន​ច្បាស់​លាស់ នឹង​​ទទួល​បាន​ទំ​នុក​ចិត្ត​​ខ្ពស់​ពី​អតិ​ថិ​ជន។

លោក​ថ្លែង​​​ថា៖ ​«​​កំ​ណើន​ក្រុម​ហ៊ុន​​ជា​សមា​ជិក​នេះ​បាន​​បង្ហាញ​ពី​ភាព​​រីក​ចម្រើន​​​ទីផ្សារ​​​​អ​ច​ល​ន​ទ្រព្យ​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​យល់​ដឹង​ពី​សារៈ​សំ​ខាន់​ក្នុង​​ការ​គោ​រព​ច្បាប់​ផង​ដែរ​»។

ទោះ​បី​យ៉ាង​ណា នៅ​កម្ពុជា​បច្ចុ​ប្បន្ន​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ដែល​កំ​ពុង​ប្រ​កប​​អា​ជី​វកម្ម​ដោយ​​មិន​ចុះ​​បញ្ជី​ផង​ដែរ​។​

ខណៈ​មាន​ក្រុម​ហ៊ុន​ ៣-៤​ កំ​ពុង​ដាក់​​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមា​ជិក​នោះ លោក វណ្ណ​នេត និ​យាយ​ថា៖​ «​ខ្ញុំ​រំ​ពឹង​ថា​ នៅ​ដំ​ណាច់​ឆ្នាំ​នេះ ចំ​នួន​ក្រុម​ហ៊ុន​សមា​ជិក​ស​មាគ​ម​នឹង​កើន​ឡើង​​ដល់​ ១១០ ​ក្រុម​ហ៊ុន​»​។

ក្រុម​ហ៊ុន​បរ​ទេស ដែល​ជា​សមា​ជិក​ស​មា​គម​អ្នក​វាយ​តម្លៃ មាន​​មក​ពី​ប្រ​ទេស​ ចិន ម៉ា​ឡេ​ស៊ី អា​មេ​រិក និង​សិង្ហ​បុរី ជា​ដើម​។​

ក្នុង​សន្និ​បាត​ប្រ​ចាំ​ឆ្នាំ​របស់​ក្រុម​ហ៊ុន​​​​អ​ច​ល​​ន​ទ្រព្យ​​ Century 21 ដែល​រៀប​​ចំ​ឡើង​នៅ​កម្ពុជា កាល​ពី​ចុង​សប្តាហ៍​មុន នា​យិ​កា​ក្រុម​ហ៊ុន​ Century 21 Cambodia លោក​ស្រី Grace Rachny Fong បាន​ប្រាប់​​ថា បច្ចុ​ប្បន្ន​វិ​ស័យ​អ​ច​ល​ន​ទ្រព្យ​​​កម្ពុជា​​កំ​ពុង​ទាក់​ទាញ​​វិនិ​យោ​គិន​ពី​ប្រ​ទេស​ជា​ច្រើន​លើ​ពិ​ភព​លោក​ឲ្យ​ចូល​មក​បណ្តាក់​ទុន ឬ​បើក​ក្រុម​ហ៊ុន​នៅ​កម្ពុជា។

លោក​ស្រី​បាន​បន្ត​ថា ការ​ធ្វើ​ដំ​ណើរ​របស់​ភ្ញៀវ​ទេស​ចរ និង​​វិ​និ​យោ​គិន​​បរ​ទេស​សុទ្ធ​តែ​ផ្តល់​​នូវ​អត្ថ​ប្រ​យោជន៍​ជា​ច្រើន​ដល់​​​កំ​ណើន​សេដ្ឋ​កិច្ច​ជាតិ​។

លោក​ស្រី​ថ្លែង​ថា៖​ «​នេះ​ជា​លើក​ទី ១ ហើយ​ដែល​ព្រឹត្តិ​ការណ៍​ដ៏​ធំ​នេះ​​​ត្រូវ​បាន​រៀប​ចំ​នៅ​កម្ពុជា។ ព្រឹត្តិ​ការណ៍​នេះ​បាន​ជួយ​​ផ្សព្វ​ផ្សាយ​ពី​សក្តា​នុ​ពល​នៃ​វិ​ស័យ​អ​ច​ល​ន​ទ្រព្យ និង​​សំ​ណង់​នៅ​កម្ពុជា​ទៅ​កាន់​ពិភព​​លោក​​​»។

កម្ពុជា ជា​ប្រ​ទេស​ទី​ ៧៥​ ដែល​​បាន​នាំ​​យក​សិទ្ធិ​អា​ជីវ​កម្ម​​​ផ្តាច់​មុខ​ (Fran-​chise) ក្រុម​ហ៊ុន Century 21 ពី​ស​ហ​រដ្ឋ​អា​មេ​រិក។

ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ​លំ​ដាប់​អន្តរ​ជាតិ​ដែល​កំ​ពុង​ធ្វើ​អា​ជីវ​កម្ម​​នៅ​កម្ពុជា​ផ្សេង​ទៀត​ មាន​ដូច​ជា CBRE Cambodia, Knight Frank, Keller Williams Realty និង Era Real Estate ជា​ដើម៕​ LA

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *