News

Check out real estate news updates

ភាពរឹងមាំនៃវិស័យអចលនទ្រព្យ ស្របពេលកម្ពុជាមានកំពុងប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ

កំណើននៃការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា​បានក្លាយជាកត្តាសំខាន់មួយដែលបានជួយជម្រុញដល់កំណើនផលិតផលក្នុងស្រុកសរុបក្នុងរង្វង់៧%ក្នុងរយៈពេលប្រមាណជិតមួយទសវត្សចុងក្រោយ។

ក្នុងពេលបច្ចុប្បន្ននេះ វិស័យទេសចរណ៍ កសិកម្ម និងឩស្សាហកម្មហាក់បានជួយជំរុញដល់កំណើន នៃវិស័យអចលនទ្រព្យ និងពង្រីកទំហំនៃការសាងសង់កាន់តែច្រើននៅក្នុងប្រទសកម្ពុជា។ ផលិតកម្មវិស័យរោងចក្រកាត់ដេរ ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជាបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវិស័យអចលនទ្រព្យ។ តំបន់ ឬទីតាំង ដែលប្រមូលផ្តុំដោយរោងចក្រគឺជាតំបន់ដែលបានប្រមូលផ្តុំដោយអាជីវកម្ម ប្រជាជាជន សកម្មភាពសេដកិច្ចនានា។

យោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបង្ហាញថាវិស័យវិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជាផ្ដល់ការងារដល់ប្រជាជនជិតមួយលាននាក់ដែលក្នុងនោះ៨០ម៉ឺននាក់កំពុងធ្វើការនៅក្នុងវិស័យរោងចក្រកាត់ដេរ។ ក្នុងចំណោមរោងចក្រចំនួន១,៥២២ដែលបានចុះបញ្ជី​ដើម្បីប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុនមានជាង១ពាន់រោងចក្រជារោងចក្រផលិតសម្លៀកបំពាក់។ ក្រៅពីនេះឧស្សាហកម្មបន្ទាប់មកទៀតរួមមាន៖ រោងចក្រម្ហូបអាហារ និងភេសជ្ជៈ រោងចក្រកៅស៊ូ រោងចក្រគីមី រោងចក្រអេឡិចត្រូនិច និងរោងចក្រក្រដាស។

ក្នុងចំណោមរោងចក្រទាំងអស់ភាគច្រើនមានទីតាំងនៅជិតទីក្រុងភ្នំពេញ។ ទោះជាយ៉ាងណាមានរោងចក្រមួយចំនួនស្ថិតនៅតាមបណ្តាខេត្តសំខាន់មួយចំនួនដូចជា៖ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ កណ្តាល ស្វាយរៀង កំពង់ឆ្នាំង តាកែវ និងកំពង់ចាម។

នៅពេលតំបន់ណាមួយបានក្លាយជាទីតាំងរោងចក្រប្រជាជននៅក្នុងតំបន់ក្បែរនោះបានទទួលផលប្រយោជន៍ច្រើនតាមរយៈសកម្មភាពសេដ្ឋកិច្ចលំហូរនៃចំនួនប្រជាជន និងការកើនឡើងនៃតម្លៃអចលនទ្រព្យជាដើម។​

លោក James Whitehead នាយកប្រតិបត្តិនៃគេហទំព័រ yula.la ដែលជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យនាំមុខគេរបស់ប្រទេសឡាវបានកត់សម្គាល់ឃើញថារាជធានីភ្នំពេញពិសេសតំបន់ក្រៅក្រុងមានរោងចក្រជាច្រើនដែលកំពុងដំណើរ។

លោក Whitehead បាននិយាថា «វិស័យផលិតកម្មបានជំរុញខ្លាំងទៅលើកំណើនអចលនទ្រព្យ ដោយសារប្រជាជនជាច្រើនផ្លាស់ទីមកកាន់ទីក្រុងដើម្បីស្វែងរកឱកាសការងារ»។ លោក Whitehead បន្ថែមថាកំណើននៃវិស័យអចលនទ្រព្យភាគច្រើនប្រមូលផ្តុំនៅក្នុងទីក្រុងភ្នំពេញ។

លោកបានពន្យល់ថា «ចំនួនប្រជាជនដ៏ច្រើននៅក្នុងទីក្រុងនឹងធ្វើឲ្យទីក្រុងមានការអភិវឌ្ឍ និងពង្រីក ធំជាងមុនទាក់ទងនឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន សេវាកម្ម និងកន្លែងកំសាន្តជាដើម»។ ស្របពេលជាមួយគ្នានេះនៅពេលមានចំនួនប្រជាជនកើនឡើងច្រើនតម្រូវការម្ហូបអាហារ ការស្នាក់នៅ ការកំសាន្ត និងសេវាកម្មផ្សេងៗក៏នឹងកើនឡើងខ្លាំងផងដែរ។

លោក Whitehead ប្រៀបធៀបប្រទេសកម្ពុជា និងឡាវ។ លោកថា ប្រទេសឡាវហាក់មិនរោងចក្រកាត់ដេរច្រើនដូចនៅកម្ពុជានោះទេ។ ហេតុដូច្នេះហើយទើបវិស័យអចលនទ្រព្យឡាវរីកចម្រើនយឺតជាងកម្ពុជា។

ទីក្រុងវៀងចន្ទន៍មិនមានឧស្សាហកម្មផលិតកម្មដែលមានភាពររីកចម្រើនឡើយ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវត្រូវពឹងផ្អែកយ៉ាងខ្លាំងលើវិស័យរ៉ែ វារីអគ្គីសនី និងកសិកម្ម។ នេះបើតាមលោក Whitehead។

លោក ស៊ន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បាននិយាយថារោងចក្រកាត់ដេរជាចំណែកដ៏ចាំបាច់មួយសម្រាប់កំណើនវិស័យអចលនទ្រព្យ។

លោកសៀបបានពន្យល់ពីទំនាក់ទំនងគ្នារវាងអចលនទ្រព្យ និងឧស្សាហកម្មរោងចក្រ។ លោកបាននិយាយថាកំណើនសេដ្ឋកិច្ចបានផ្តល់ផលប្រយោជន៍ដល់វិស័យអចលនទ្រព្យ។ ហើយមួយផ្នែកនៃកំណើនសេដ្ឋកិច្ចគឺបានជំរុញដោយវិស័យរោងចក្រ។

លោកបានពន្យល់ថា សកម្មភាពសេដ្ឋកិច្ចតូចៗ បានរីកលូតលាស់នៅក្នុងតំបន់ជុំវិញរោងចក្រ។ អ្នកលក់ម្ហូបអាហារ អ្នកលក់រាយ និងអាជីវករ តែងតែបើកអាជីវម្ម ឬលក់ដូរនៅតំបន់នេះដើម្បីបំពេញតម្រូវការកម្មករជាច្រើន។

លោក សៀប បានអះអាងថា «រោងចក្របានជំរុញឲ្យមានតម្រូវការផ្ទះជួលដ៏ច្រើននៅតាមតំបន់ជាយក្រុង»។ លោក Whitehead ក៏មានទស្សនៈស្រដៀងលោកសៀបដែរ។ លោកថាវិស័យរោងចក្រកាត់ដេរមានឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យកម្រិតមធ្យម និងទាប ដូចជា លំនៅដ្ឋានតម្លៃសមរម្យ និងដីឡូតិ៍។

ក្នុងរយៈប៉ុន្មានសប្តាហ៍កន្លងមកនេះមានការពិភាក្សាគ្នាអំពីការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយសហភាពអឺរ៉ុប ដែលបញ្ហានេះបាននាំឱ្យមានការព្រួយបារម្ភថាតើវិស័យអចលនទ្រព្យនឹងទទួលរងផលប៉ះពាល់ឬយ៉ាងណា។

លើកឡើងអំពីចំណុចនេះ លោក Whitehead បានអះអាងថាការបញ្ឈប់ការអនុគ្រោះពន្ធអាចផ្តល់ ផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យកម្ពុជា​ ប៉ុន្តែនឹងជម្រុញឲ្យការផ្លាស់ប្តូរជាវិជ្ជមាន។

លោកបានបកស្រាយថាឧស្សាហកម្មគួរមានការអភិវឌ្ឍហើយការងារគួរតែវិវត្តពីប្រភេទ ដែលគ្មានជំនាញ ឬប្រើប្រាស់ជំនាញតិចតួចទៅជាការងារដែលមានជំនាញខ្ពស់ ដែលអាចផ្តល់ប្រាក់ខែខ្ពស់ និងផ្តល់ចំណូលច្រើនដល់សេដ្ឋកិច្ចជាតិ។ ពិនិត្យលក្ខណៈស៊ីជម្រៅងបន្ថែមទៀត លោក Whitehead បាននិយាយថាភាគច្រើននៃរោងចក្រនៅ កម្ពុជារកប្រាក់ចំណូលពីផលិតផល ដែលមានតម្លៃទាបនៅក្នុងទីផ្សារដ៏ធំនៅសហភាពអឺរ៉ុប។ លោកជឿថាបច្ចុប្បន្នអាចជាពេលដ៏ល្អសម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកផលិតកម្មសំលៀកបំពាក់បែបទាន់សម័យ ឬរោងចក្រអេឡិចត្រូនិចដែលទាមទារកម្មករដែលមានជំនាញមានការអប់រំ និងការបណ្តុះបណ្តាលបន្ថែម។ ការផ្លាស់ប្តូរបែបនេះបានធ្វើនៅប្រទេសជិតខាងដូចជា៖ ប្រទេសវៀតណាម និងប្រទេសចិន។

លោក Whitehead បញ្ជាក់ទៀតថា «វិស័យនេះត្រូវបង្កើនខ្សែសង្វាក់ផលិតកម្ម និងបណ្តុះបណ្តា បុគ្គលិក សម្រាប់ការផលិត ដែលមានកម្រិតខ្ពស់។ កម្ពុជាអាចសំឡឹងពីឱកាសវិនិយោគលើរោងចក្រ អេឡិចត្រូនិច ឬរោងចក្រច្នៃពេជ្រ សម្រាប់នាំចេញទៅជប៉ុន ឬទីផ្សារដ៏ទៃទៀត។

លើសពីនេះទៀតរដ្ឋាភិបាលអាចជួយជំរុញ ដោយបង្កើតផែនការឧស្សាហកម្មកម្រិតខ្ពស់បន្ថែមទៀតដើម្បីផ្តល់ឱកាស និងអភិវឌ្ឍឧស្សាហកម្មទាំងនេះឲ្យឈានទៅមុខប្រកបដោយចីរភាព។

បន្ថែមលើការលើកឡើងរបស់ Whitehead  លោក សៀប បានការអះអាងថាប្រព័ន្ធអនុគ្រោះពន្ធពិតជាមានប្រយោជន៍។ ទោះជាយ៉ាងណាក៏ដោយការអប់រំ និងការអភិវឌ្ឍន៍មានសារៈសំខាន់បំផុតសម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស។

ចំណែកការព្យាករណ៍ផ្សេងទៀតសម្រាប់លទ្ធផលនៃការដកការអនុគ្រោះពន្ធគឺបានបង្ហាញថាវាអាចផលប៉ះពាល់ច្រើន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ង៉ែត ជូ ជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានឱ្យដឹងថាការបញ្ឈប់ការអនុគ្រោះពន្ធនឹងផ្តល់ផលប៉ះពាល់ខ្លាំងដល់កាត់ដែរនេះផ្ទាល់តែម្តងខណៈដែលការនាំចេញផលិតផលផ្សេងទៀតក៏រងផលប៉ះពាល់ដែរ។

លោក ជូ បានអះអាងថា ប្រសិនបើវិនិយោគិនភាគច្រើន [លើសពី៥០%)]បិទទ្វាររោងចក្ររបស់ខ្លួន នោះ វាអាចនឹងមានផលប៉ះពាល់ដល់វិស័យអចលនទ្រព្យ រួមមានដីធ្លី និងលំនៅដ្ឋាន។

លោកបានលើកជា សេណារីយ៉ូថា “កម្មករជួលផ្ទះ ហើយម្ចាស់ផ្ទះរបស់ពួកគេខ្ចីប្រាក់ពីធនាគារ។ ប្រសិនបើមិនមានកម្មករជួលផ្ទះទៀត នោះម្ចាស់ដីនឹងបាត់បង់អាជីវកម្មដែរ”៕

Source From: https://business-cambodia.com/2018/11/26/revoke-eba-will-affect-real-estate-sector-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *