News

Check out real estate news updates

ភាគខាងត្បូងតម្លៃដីធ្លីហាក់ថ្លៃមែន តែជាទីតាំងស៊ិចស៊ីនៃគម្រោងយក្ស

ដោយសារ ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ត្រូវបានអភិវឌ្ឍន៍ដោយការតភ្ជាប់ផ្លូវសម្តេចតេជោ ហ៊ុន សែន ទំហំ៦០ម៉ែត្រ ព្រមទាំងការពង្រីក ផ្លូវក្រវាត់ក្រុងចេញពីផ្លូវជាតិលេខ២ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ៣ បានធ្វើឲ្យគម្រោងយក្សជាច្រើន កំពុងបាញ់ព្រួញសំដៅទៅ តំបន់សក្តា នុពល មួយនេះ។

ត្រួសៗនៅតំបន់នេះ មានគម្រោងយក្សមិនក្រោម១០នោះទេដែលគ្រោងវិនិយោគ ក្នុងនោះ រួមបញ្ចូលទាំង គម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងរបស់ចិន និងគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុកផងដែរ។

ថ្មីៗនេះ សាលា​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​ប្រទេស​បារាំង គ្រោងនឹង​អភិវឌ្ឍ​តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ឲ្យ​ក្លាយជា​ទីក្រុង​បៃតង ស្របពេល​ដែលអ្នក​ជំនាញ​អចលនទ្រព្យ​បាន​អះអាងថា​តំបន់នេះ​កំពុង​មាន​សន្ទុះ​រីក​ចម្រើន​ជាងគេ​ទី២​នៅ​រាជធានី​ភ្នំពេញ។

ជាមួយគ្នានេះដែរ ទី​ក្រុង​រណប ING CITY ទំហំ​ជាង​​ ២០០០ ​ហិកតា ដែល​ជា​ក្រុង​រណប​មាន​ទំហំ​ធំ​ជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ​ ដែល​ស្ថិត​នៅ​តំបន់​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ និង​មាន​ផ្លូវ​សម្តេច​តេជោ ហ៊ុន សែន ឬ ផ្លូវ​ ៦០ ​ម៉ែត្រ​ពុះ​កាត់​ចំ​កណ្ដាល និង​មាន​ផ្លូវធំៗ​ចំនួន​ ២ ​ទៀត​ដោយ​ទី​ ១ ចេញ​ពី​ផ្លូវជាតិ​លេខ​ ២ ឆ្ពោះ​ទៅ​កាន់​ផ្លូវ​លេខ​ ២៧១ និង​ ១ ​ខ្សែ​ទៀត​ចេញ​ពី​ម្តុំ​រង្វង់​មូល​មុខ​សាលា​ខេត្ត​កណ្តាល ឆ្ពោះ​ទៅ​កាន់​ផ្លូវ​លេខ ​៣៧១ ​ដែរ​នោះ​កំពុង​មាន​ការវិវឌ្ឍ​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស ។

ពិសេសជាងនេះទៅទៀត គម្រោង The Star Diamond របស់ក្រុមហ៊ុន បុរីប៉េង ហួត មានការអភិវឌ្ឍ​បុរីដែល​មាន​ប្រភេទ​លំនៅឋានប្រណិតៗ ការអភិវឌ្ឍចម្រុះ មានអគារខុនដូ  ការិយាល័យកណ្តាលថ្មី ការិយាល័យលក់ និងការិយា​ល័យជួល អគារពាណិជ្ជកម្មខ្ពស់ៗ ក្លឹបហែលទឹក និងសួនកំសាន្តធំទូលាយដែល​មានដើមឈើ​ធម្មជាតិ​លំអតាម​ដងផ្លូវ​ប្រកបដោយទេសភាពបៃតងលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៤០ហិកតា នៅលើផ្លូវ៦០ម៉ែត្រផងដែរ។

ហើយ ​កាលពី​ពេល​ថ្មីៗ​នេះ​ ក្រុមហ៊ុនក្នុងស្រុកដ៏ធំ១នេះ បាន​សម្ពោធ​បុកគ្រឹះ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ថ្មី​មួយ​របស់​ខ្លួន​ឈ្មោះ PH Diamond Place ដែល​មាន​ទុនវិនិយោគ​ចំនួន​ ៦០ ​លាន​ដុល្លារ​អាមេរិក​នៅ​លើ​ផ្ទៃដី​ជិត​ ៦ ​ហិកតា ​។

អមជាមួយគ្នានេះ ​គម្រោង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន R&F Property ដែល​កំពុង​បើក​ការដ្ឋាន​សាងសង់​ក្នុង​តម្លៃ​ទឹកប្រាក់​ចំនួន​ ៧០០ ​លាន​ដុល្លារ ក៏បានបោះទីតាំងនៅភាគខាងត្បូងផងដែរ។

ក្រុមហ៊ុន អ៊ីអន ម៉ល របស់ជប៉ុន បានប្រកាសថា ផ្សារទំនើបទីបីរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នឹងមានទីតាំងស្ថិត នៅក្នុង ទី ក្រុង អាយអិនជី (ING City) ដែលជាគម្រោងអភិវឌ្ឍធំបំផុតក្នុងរាជធានីភ្នំពេញ ហើយនឹងគ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ហិកតា គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានធ្លាប់លើកឡើងថា តំបន់​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ ស្ថិត​នៅ​លើ​ទីតាំង​ដ៏ល្អ​ (Best of The best) ដែល ​ជា​តំបន់​ថ្មី​ដែល​អាច​សាងសង់​អគារ​បាន​ខ្ពស់ៗ និង​ផ្សារ​ទំនើប​នានា​ងាយស្រួល ព្រមទាំង ជា​តំបន់​មាន​សណ្ឋាន​ដី​ល្អ និង​ស្ថិត​នៅ​ចន្លោះ​រវាង​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​តាខ្មៅ​។

គួរជម្រាបផងដែរថា អ្វីដែលពិសេស នៅក្នុងខែមករា ឆ្នាំ២០១៩នេះ នឹងមានគម្រោងខ្នាតយក្សធំៗ២ទៀត របស់ក្រុមហ៊ុនក្នុងស្រុកមួយ នឹងរំលេចខ្លួនឡើងនៅក្នុងតំបន់ខាងលើនេះផងដែរ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

More information visit: https://www.business-cambodia.com/public/article/the-south-the-price-of-land-is-just-like-the-sexy-location-of-the-giant-project

Leave a Reply

Your email address will not be published. Required fields are marked *