ពាណិជ្ជករចិន ដាក់ទុនជាង ៣០ម៉ឺនដុល្លារ បើកហាងថែសម្ផស្សស្តង់ដារកូរ៉េ លើកដំបូងនៅកម្ពុជា

មជ្ឈមណ្ឌលថែរក្សាសម្ផស្សដ៏ល្បីរបស់កូរ៉េ HANJIN EYMAYត្រូវបានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី០៤ វិច្ឆិកា ២០១៨ មានទីតាំងស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ។ ពាណិជ្ជករចិន ទិញសិទ្ធិអាជីវកម្ម (Franchise) ពីកូរ៉េខាងត្បូង ចូលមកកម្ពជា ហើយបានបណ្តាក់ទុនជាង៣០ម៉ឺនដុល្លារ ដើម្បីបើកហាងដ៏ប្រណីតដែលស្របតាមស្តង់ដារអន្តរជាតិមួយនេះ។
ថ្លែងនៅក្នុងកម្មវិធីសម្ពោធមជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ កញ្ញា កូកូ (COCO) នាយកប្រតិបត្តិប្រចាំ HANJIN EYMAY សាខាភ្នំពេញ បានឲ្យដឹងថា ក្នុងចំណោមវិស័យទាំងអស់នៅកម្ពុជា វិស័យថែរក្សាសម្ផស្សក៏កំពុងមានសក្តានុពលមួយផងដែរ ទើបសម្រេចដាក់ទុនដូច្នេះ។
កញ្ញា កូកូ បានលើកឡើងថា វត្តមាន និងការនាំចូលនូវផលិតផលថែរក្សាសម្រស់ HANJIN EYMAY រួមនឹងបច្ចេកទេសថ្មីឈានមុខរបស់កូរ៉េ មកកាន់ទីផ្សារកម្ពុជា គឺជាបេសកម្មដ៏ធំរបស់កញ្ញា ដើម្បីឲ្យប្រជាជនកម្ពុជា ទទួលបានភាពស្រស់ស្អាតក្មេងជាងវ័យពិតៗ សុវត្ថិភាព និងសេវាកម្មល្អរបស់កូរ៉េតាមកម្រិតស្តង់ដាអន្តរជាតិ។
លោកវេជ្ជបណ្ឌិត គីម ជីតាយ ឯកទេសកែសម្ផស្សប្រចាំទីស្នាក់ការកណ្តាលរបស់ HANJINEYMAY បានថ្លែងថា ការផ្តោតទៅលើភាពស្រស់ស្អាតនៃសម្រស់ ក្នុងពិភពលោកទាំងមូល មានការកើនឡើងជារៀងរាល់ថ្ងៃគួរឲ្យកត់សម្គាល់។ ការកែសម្ផស្សរបស់កូរ៉េ បានឈានដល់កម្រិតស្តង់ដារពិភពលោក ដែលមានអតិថិជនជុំវិញពិភពលោក បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េដើម្បីធ្វើការកែសម្ផស្ស។
គួរជម្រាបថា HANJIN EYMAY គឺជាម៉ាកផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុនថែសម្ផស្ស ប្រទេសកូរ៉េ។ មកដល់ឆ្នាំ២០១៨នេះ HANJIN EYMAY បានចែកចាយទៅដល់ប្រទេស៨លើពិភពលោកមាន៖ ប្រទេសកូរ៉េ ជប៉ុន សិង្ហបុរី អូស្ត្រាលី និងកាណាដា ជាដើម៕
Source From: http://kleykley.sabay.com.kh/article/1100756#utm_campaign=onpage