News

Check out real estate news updates

ពល​រដ្ឋ​ក្រី​ក្រ​ជិត ២ ម៉ឺន​គ្រួសារ ​នឹង​ទទួល​បាន​ដី​លំនៅឋាន​និង​ដី​កសិកម្ម

ភ្នំពេញៈ រាជ​រដ្ឋា​ភិបាល​គ្រោ​ង​នឹង​ពង្រីក «​គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គម​កិច្ច​ និង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជំហាន​ ២ (LASED III)»​ ឆ្នាំ​ ២០២០​-២០២៥​ ក្នុង​​ទំហំ​ទឹក​ប្រាក់​ពី​ ៦០ ទៅ​ ៩០​ លាន​ដុល្លារ​អា​មេរិក​ ក្នុង​ខេ​​ត្ដ​គោល​ដៅ​ចំនួន​ ៥ ​នៃ​ភាគ​ឦសា​ន ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ ​ដោះ​​ស្រាយ​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​គ្មាន​ផ្ទះ​សំបែង​និង​ផ្តល់​​ដី​កសិកម្ម​​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ១៨ ០០០ គ្រួសារ។

លោក ​ដោក ដូ​ម៉ា អគ្គ​នា​យ​ក​​រង​ នៃ​អគ្គ​នា​យក​ដ្ឋាន​ លំ​នៅ​ឋាន​ នៃ​ក្រសួង​រៀបចំ​ដែនដី​ នគ​រូប​នី​យកម្ម​និង​សំណង់ ​និង​ជា​នា​យក​គម្រោង​បែង​ចែក​ដី​ ដើម្បី​សង្គម​កិច្ច​ និង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ជំហាន​ទី២ (Land Allocation for Social and Economic Development Project Phase III) (LASED III) បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា គម្រោង​ ៥ ​ឆ្នាំ​ខាង​មុខ​ទៀ​ត​នេះ យ៉ាង​ហោច​ណាស់​ ប្រជា​ពល​រដ្ឋ​ក្រីក្រ​ចំនួន ១៨០០០ ​គ្រួសារ​ នឹង​ទទួល​បាន​ផល​ពី​គម្រោង​នេះ។ ​បើ​គិត​ជា​ការចំណាយ​លើ​គ្រួសារ​នីមួយ​ៗ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័​ន្ធ​ក្នុង​ភូមិ ​ឃុំ​ នៃ​គម្រោង​នេះ ពលរដ្ឋ​ម្នាក់​ អាច​​ទទួល​បាន​ផល​ពី​គម្រោង​នេះ​ប្រមាណ ៥ ០០០​ ដុល្លារ។

លោកថ្លែងថា៖ «ដោយសារតែអត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងទូទាំងប្រទេស នៅសល់ ១០ ភាគរយ ដូច្នេះ​យើង​មាន​គោលបំណងទម្លាក់អត្រានៃភាពក្រីក្រនេះ ឲ្យចុះថែមទៀត អ៊ីចឹងគម្រោងនេះ យើងសំដៅចំពោះប្រជាពលរដ្ឋក្រីក្រ ដោយសារតែពួកគាត់ អត់មានដី។ អ៊ីចឹងបើគាត់អត់មានដី យើងចែកដីជូនពួកគាត់ទាំងដីលំនៅឋាន និងដីកសិកម្ម ព្រោះពេលពួកគាត់មានដី ពួកគាត់អាចប្រកបរបរកសិកម្ម ឬសាងសង់ផ្ទះសំបែងបាន»។

បើតាមលោក ដូម៉ា ពលរដ្ឋដែលគម្រោងនេះ ចាត់ទុកថា ជាពលរដ្ឋស័ក្តិសមទទួលបានការជួយគាំទ្រនោះ លុះត្រាតែ ជាប្រជាពលរដ្ឋ ដែលរស់នៅអចិន្រៃ្តយ៍ក្នុងភូមិ ឃុំជាក់ស្ដែង ក្នុងមូលដ្ឋានរបស់ពួកគាត់ និងមាន​បណ្ណ​ក្រីក្រ ដែល​ចេញ​ដោយ​មន្រ្ដី​មូលដ្ឋាន ទើបអាចផ្ដល់ដីតាមគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដល់ពួកគាត់។

បើពួកគាត់ជាពលរដ្ឋដែលចំណាកស្រុកពីខេត្ដមួយ ទៅខេត្ដមួយទៀត នឹងមិនទទួលបានការជួយពីគម្រោងនេះទេ។

លោក​បន្ដថា​ បច្ចុប្បន្ន​ ក្រុម​ការ​ងារ​ពាក់ព័ន្ធ​ កំពុង​សិក្សា​​ខេត្ត​ចំនួន ៥ ទៀត ដើម្បី​​ពង្រីក​គម្រោង​ទី៣ នេះ ទៅខេត្ត​កំពង់ធំ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ​ដើម្បី​អនុវត្ត​​គម្រោង​នេះ ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ផ្ទះសំបែង​ និង​ដី​កសិកម្ម។

លោក​ ដូម៉ា ​​ថ្លែង​ថា​៖​ «ខេត្ត​ទាំងអស់​នៅ​ភាគ​ឦសា​ន ភាពក្រីក្រ​មាន​កម្រិត​ខ្ពស់រាជ​​​រដ្ឋាភិបាល​មានការ​តាំងចិត្ត​ខ្ព​ស់​​ក្នុងការ​ដោះស្រាយ​ភាព​ក្រីក្រ​នេះ​ឲ្យ​នៅក្រោម​ជាង ១០ ភាគរយ ហើយ​គម្រោង​ដែល​យើង​គ្រោង​ពង្រីក​នៅ​ដំណាក់​កាល​ទី ២ ​នេះ ​គឺ​ចាប់ពី​ឆ្នាំ ២០២០ រហូត​ដល់​ឆ្នាំ ២០២៥»។

លោក​បន្ថែមថា គម្រោង​​នេះ រាជរដ្ឋាភិបាល​នឹង​ផ្តល់​ដី​សម្រាប់​​សង់​លំនៅ​ឋាន​ផ្តល់​ដី​ធ្វើ​កសិក​ម្ម ​ហើយ​រៀបចំ​ភូមិ​លំនៅឋាន​ឲ្យ​បាន​ត្រឹម​ត្រូវមាន​ផ្លូវថ្នល់​ចេញ​ចូល​ងាយ​ស្រួល សង់​សាលា​​រៀន ផ្សារ​សហគមន៍ ប៉ុស្តិ៍​សុខ​ភាពអណ្តូងទឹកនិង​ស្រះ​ទឹក​ស្អាត ​ផ្ទះ​សម្រាប់​គ្រូបង្រៀន​និង​គិលានុបដ្ឋាក​ជាដើម។

បើតាម​លោក ដូម៉ា តាមរយៈ​គម្រោងនេះនឹង​ជួយ​បណ្តុះ​បណ្តា​ល​បច្ចេកទេស​ចិញ្ចឹមសត្វ​ ដាំ​ដុះ ​ឬ​ប្រភេទ​ដំណាំ​ដែល​ត្រូវ​​នឹង​សមាសភាព​ដី​ ដែល​បាន​​ចែក​ជូនពលរដ្ឋ​ ផ្តល់​ពូជ​ដំណាំ ការ​សាងសង់​ប្រព័ន្ធធារាសា​ស្ត្រ​​​នា​នា ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ប្រជាពលរដ្ឋ​និង​ផ្ដល់​ភាព​ងា​យ​​ស្រួល​ក្នុង​ការដាំដុះ​ឲ្យ​ទទួល​​បា​ន​ទិន្នផល​ខ្ពស់​ធានា​បាន​សន្តិ​សុ​ខ​ស្បៀង​​សម្រាប់​សហគមន៍​ផង ​និង​ការ​បញ្ចេញ​លក់​ទៅ​​ទីផ្សារ​ខាងក្រៅ​ជាដើម។

លោក ប៊ូ សារឿន មន្ត្រី​ទំនា​ក់​​​ទ​នង​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ ក្នុង​ពេល​ចុះ​​ទៅ​​កាន់​ទីតាំង​ដីសម្ប​ទាន​សង្គម​កិច្ចរបស់គម្រោង LASE​D II នៅឃុំទីពោ ស្រុកសន្ទុកខេ​ត្ត​កំពង់ធំ កាល​ពីថ្ងៃ​ព្រហ​ស្ប​តិ៍​សប្ដាហ៍មុន​ថា ធនាគារ​ពិភ​ព​លោក​​គាំទ្រ​​ចំពោះគម្រោង​បែ​ងចែក​ដីសង្គមកិច្ច​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នេះ ដើម្បី​ពង្រីក​ទៅ​កាន់​ខេត្ត​ចំនួន​ ៥ ទៀត ប៉ុន្តែ​មិ​ន​ទាន់​​កំណត់​ច្បាស់​​ពី​ទំហំ​ថវិកា​​សម្រាប់​អនុវត្ត​គម្រោង​នេះ​នៅ​ឡើយ​ទេ។

លោក​​​ថា៖ «គម្រោង​នេះ​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មាន​ភាពល្អ​ប្រសើរឡើង​ដោ​យ​មាន​ផ្ទះ​រស់នៅ​សមរម្យ មាន​ដី​ធ្វើ​ស្រែ​​ចម្ការ​សម្រាប់​ចិញ្ចឹ​ម​ជីវិត ហើយ​បញ្ជូន​កូនចៅ​បាន​ទៅ​រៀន​ទៀងទាត់»។

គួរបញ្ជាក់ថា គម្រោង​បែង​ចែ​ក​​ដី​ដើម្បី​សង្គមកិច្ចនិង​ការ​អភិវ​ឌ្ឍ​​សេដ្ឋកិច្ចជំហាន​ទី១​ បាន​អនុវ​ត្ត​​នៅលើ​ទីតាំង​ចំនួ​ន ១៤ ​កន្លែង ​​ស្ថិ​ត​ក្នុង​ខេត្ត​ចំនួន ៥ មាន​ដូចជា​ខេត្ត​ក្រចេះ ត្បូង​ឃ្មុំ កំពង់​ធំ កំពង់ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ។

គម្រោង​ទី១ នេះ​​បា​ន​​អនុវត្ត​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូ​ប​នីយកម្ម​និង​សំណ​ង់ ក្រសួង​​​​កសិ​​កម្ម​រុក្ខាប្រមាញ់​និ​ង​​នេ​សា​ទ​និ​ង​​លេខា​ធិការដ្ឋាន​គណៈ​​​​​​កម្មា​​​​ធិកា​​រ​ជាតិ​ សម្រាប់​ការអភិវឌ្ឍ ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោ​ម​ជាតិ (គជ​អប) ដែល​មា​ន​រយៈពេល ៥ ឆ្នាំ ចាប់ពី​ឆ្នាំ​ ២០​១​៦​ ដល់ ​ឆ្នាំ ២០២១ ដោយ​ត្រូវ​​ចំណាយ​ថវិកា​ប្រមាណ ២៦ ​លាន ៨​ សែ​ន​​ដុល្លារ​​ បានមកពី​ការផ្តល់​ហិរ​ញ្ញ​​ប្ប​ទា​​ន​​ពី​ធនា​គា​រពិភ​ពលោ​ក​ និង​បដិភា​គ​រប​ស់​រាជ​រដ្ឋា​ភិបា​ល​ ​ដោយ​​​មាន​ប្រជា​ពល​រដ្ឋ​ទទួល​ផល​ប្រមា​ណ ៥ ១​៤១ គ្រួសារ​រួចហើយ៕

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *