News

Check out real estate news updates

ពលរដ្ឋ​ ៥០០ ​នាក់​បន្ត​ទារ​សំណង​ពី​ក្រុមហ៊ុន​លីយ៉ុងផាត់

កំពង់ស្ពឺ: ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៥០០ ​នាក់​មកពី​ ១៤ ​ភូមិ​នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់​កាលពី​ថ្ងៃទី​ ២០ ខែ​តុលា​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​វត្ត​ត្រពាំងជោរ​ដើម្បី​រៀបចំ​ផែនការ និង​វិធីសាស្ត្រ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ ជា​សំណុំ​រឿង​ជម្លោះដីធ្លី​ដែល​អភិបាល​ខេត្ត​អះអាង​ថា​មាន​អ្នក​ញុះញង់​មិន​ឲ្យ​ពលរដ្ឋ​ទទួល​យក​ដំណោះស្រាយ​របស់​អាជ្ញាធរ​។

លោក សឹង សុខុម តំណាង​សហគមន៍​ទាំង​ ១៤ ​ភូមិ​នៅ​ឃុំ​ត្រពាំងជោរ​បាន​ថ្លែង​ថា អ្នកភូមិ​ទាំង​ ១៤ ​ភូមិ​បាន​មូលមតិ និង​ជួប​ប្រជុំ​គ្នា​ដោយ​បាន​លើក​យក​ចំណុច​មួយ​​ ចំនួន​ដូចជា ការប្រមូល​ទិន្នន័យ ទាក់ទង​នឹង​ចំនួន​អ្នក​បាត់បង់​ដីធ្លី និង​ចំនួន​ដី​ដែល​ត្រូវ​ក្រុមហ៊ុន​រំលោភ​យក ការស្វែងរក​នីតិវិធី​ចរចា​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ស្វែងរក​យុទ្ធសាស្ត្រ ដើម្បី​តវ៉ា​ទាមទារ​បន្ត​ទៀត ប្រសិន​បើ​ក្រសួង​នៅ​តែ​មិន​ព្រម​ដោះស្រាយ​បញ្ចប់​។

លោក​បាន​ថ្លែង​បន្ត​ថា​ដីស្រែ​ចំនួន ១០៣២,១៣១ ហិកតា ដីចម្ការ​ចំនួន ៣៦៦,៥៧៥ ហិកតា និង​ដី​ភូមិ​ចំនួន ១២៨,៩៣០ ហិកតា​របស់​ពលរដ្ឋ​ទាំង ១៤ ភូមិ​នៅក្នុង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ និង​ស្រុក​ឧដុង្គ​ត្រូវ​បាន​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ ឈូសឆាយ​រំលោភ​យក​ចាប់​តាំងពី​ឆ្នាំ​ ២០១០ រហូត​សល់​ឆ្នាំ​ ២០១៨ នេះ​នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​។

លោក​បញ្ជាក់​ថា​៖ «​ពួក​ខ្ញុំ​បាន​ធ្វើការ​តវ៉ា តស៊ូ​មតិ ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ ដើម្បី​ទាមទារ​ដី​របស់​ពួក​ខ្ញុំ​មក​វិញ ព្រោះ​ពួកខ្ញុំ​បាន​រស់នៅ និង​បង្កបង្កើត​ផល​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៩ ហើយ​អ្នកខ្លះ​បាន​ទទួល​ពី​ការបែងចែក​ពី​ដូនតា​របស់​ខ្លួន​តាំងពី​មុន​ហ្នឹង​ទៅ​ទៀត​។ ក្រោយពី​បាត់បង់​ដីធ្លី ជីវភាព​របស់​ប្រជាពលរដ្ឋ​បាន​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​ថែម​ទៀត​»​។

អ្នកស្រី គី ស៊ាងហេង ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​ថ្លែង​ថា​អ្នកស្រី​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រញាប់​ដោះស្រាយ​បញ្ហា​ទំនាស់​នេះ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ដីធ្លី​របស់​ពលរដ្ឋ​បាន​បាត់បង់​ជិត ១០ ​ឆ្នាំ​មក​ហើយ ដែល​ជា​បញ្ហា​នាំ​ឲ្យ​ជីវភាព​គ្រួសារ​អ្នកស្រី​កាន់តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ពួក​ខ្ញុំ​គ្មាន​ដីធ្លី​សម្រាប់​ធ្វើ​កសិកម្ម​ទេ ព្រោះ​ក្រុមហ៊ុន​បាន​រំលោភ​យក​ជាច្រើន​ឆ្នាំ ដោយ​មិន​បាន​ផ្ដល់​សំណង​សមរម្យ​ជូន​ពលរដ្ឋ​ទេ​។ ពួក​ខ្ញុំ​នៅ​តែ​បន្ត​ទាមទារ​រហូត​មាន​ដំណោះស្រាយ​ណា​មួយ​សមរម្យ​សម្រាប់​ពួកខ្ញុំ​»​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​មាន​ឆន្ទៈ​ដោះស្រាយ​ជូន​ពួកគាត់​យ៉ាង​ពេញ​ទំហឹង ប៉ុន្ដែ​ពួកគាត់​បាន​ជឿជាក់​លើ​ក្រុម​ទុច្ចរិត​មួយ​ក្ដាប់​តូច​ដើរ​ញុះញង់​ពួកគាត់​មិន​ឲ្យ​ទទួល​សំណង​ដែល​អាជ្ញាធរ​បាន​រៀបចំ​ដោះស្រាយ​ជូន​ពួកគាត់​។

លោក​បាន​មានប្រសាសន៍​ថា​អាជ្ញាធរ​ស្វាគមន៍​ពួកគាត់​ក្នុង​ការចរចា​គ្នា​រក​ដំណោះស្រាយ​សមរម្យ ហើយ​ពួកគាត់​មិន​គួរ​ជឿ​ទៅ​តាម​មេខ្យល់​ដែល​បញ្ចុះបញ្ចូល​បែប​នេះ​នោះ​ទេ ព្រោះ​ក្នុង​នាម​ជា​អាជ្ញាធរ​មិន​អាច​បោះបង់​អ្នកវិនិយោគ ហើយ​ក៏​មិន​អាច​បោះបង់​ពលរដ្ឋ​បាន​ដែរ​ពោល​គឺ​បើ​មាន​បញ្ហា​អ្វី ភាគី​ទាំង​ ២ ត្រូវ​តែ​ចូល​តុ​ចរចា​គ្នា​រក​ដំណោះស្រាយ​ទើប​ដោះស្រាយ​បញ្ហា​ឆាប់​ចប់​។

លោក វ៉ី សំណាង បញ្ជាក់​ថា​៖ «​មាន​មេខ្យល់​ម្នាក់​ទៅ​បញ្ចេះ​ពលរដ្ឋ​ហ្នឹង អត់​ឲ្យ​ទទួល​យក​សំណង​ដែល​ក្រុមការងារ​យើង​ខ្ញុំ ខំ​ដោះស្រាយ​នោះ​ទេ ហើយ​គេ​ឲ្យ​ទារ​យក​សំណង​ច្រើនៗ​ពី​ក្រុមហ៊ុន​មួយ​គ្រួសារ​សុទ្ធ​តែ​រាប់ម៉ឺន​ដុល្លារ​ឯណោះ ហើយ​បើ​ទារ​ម្លឹងៗ​ពី​ណា​មាន​លុយ​ឲ្យ​? អ៊ីចឹង​គេ​មាន​មេខ្យល់​គេ​មួយ​»​។

បើ​តាម​លោក​សំណាង នៅ​ពេល​នេះ​លោក​មិន​ទាន់​ចាត់វិធានការ​ទៅ​លើ​មេខ្យល់​នោះ​ទេ «​បណ្ដោយ​មួយ​ខ្យល់​សិន​ទៅ​ចាំ​មើល​គេ​ធ្វើ​ម៉េច​ទៀត​»​។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) បាន​ជួបប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ជាង ៥០០ ​នាក់​នៅ​វត្ត​ត្រពាំងជោរ ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់​កាលពី​ថ្ងៃទី​ ២០ តុលា​នេះ​បាន​ថ្លែង​ថា​អាជ្ញាធរ​ត្រូវ​តែ​ជំរុញ​ការដោះស្រាយ​ឲ្យ​បាន​ឆាប់​បំផុត ព្រោះ​គេ​បាន​សង្កេត​ឃើញ​ថា​បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​ស្រុក​ឱរ៉ាល់​នេះ វា​គឺជា​បញ្ហា​រ៉ាំរ៉ៃ និង​ជា​កន្លែង​គំរូ​អាក្រក់ សម្រាប់​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​យើង​ឃើញ​ថា​កន្លង​មក​នេះ​មាន​ការ​ចោទ​ប្រកាន់​ពួកគាត់​ (​ប្រជាពលរដ្ឋ​) ​ថា​មាន​អ្នកនេះ អ្នកនោះ​នៅ​ពីក្រោយ​ខ្នង ប៉ុន្ដែ​ខ្ញុំ​មិន​ដឹង​ថា​វា​យ៉ាង​ណា​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​អាជ្ញាធរ​ត្រូវ​ចរចា​គ្នា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើ​យ៉ាងណា​បញ្ចប់​បញ្ហា​វិវាទ​ដីធ្លី​នេះ​ឲ្យ​បាន​កាន់តែ​ឆាប់ កាន់​តែ​ល្អ​»៕

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *