News

Check out real estate news updates

ពលរដ្ឋបារម្ភ​ ខណៈ​មាន​ការ​កាយដី​សង់​ព្រលាន​យន្តហោះ​ខុស​ទីតាំង

មណ្ឌលគិរីៈ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ​ស្រុក​អូររាំង ខេត្ត​មណ្ឌល​គិរី​ កំពុង​បារម្ភ​អំពី​ការបាត់បង់​ដីចម្ការ​ និង​ដី​សហគមន៍​សម្រាប់​កប់​សព បន្ទាប់​ពី​មាន​គ្រឿង​ចក្រ​កាយ​ដី​សម្រាប់គម្រោង​សង់​ព្រលាន​យន្ត​ហោះ​ធ្វើ​ឡើង​ខុស​ពី​ទីតាំង​ដែល​អាជ្ញា​ធរបានកំណត់​ និង​រំលោភ​ចូល​ដី​របស់​ពួក​គាត់។

លោក សារឿន ប៉ូ​រ៉ាត់ អាយុ​ ៣២ ​ឆ្នាំ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិល​មិញ​ថា កាលពី​រសៀល​ថ្ងៃទី​ ២ ខែ​ មិថុនា​ មាន​គ្រឿង​ចក្រ​ ១ គ្រឿង ​បានធ្វើ​សកម្ម​ភាព​កាយ​ដី​ជម្រៅ​ប្រហែល​ ១ ​ម៉ែត្រ​ ដើម្បី​កំណត់​​ព្រំ​ប្រទល់​សម្រាប់​គម្រោង​សាងសង់​ព្រ​លាន​យន្ត​ហោះ​ក្នុង​ខេត្ត​មណ្ឌល​គិ​រី។ ប៉ុន្តែ​លោក​អះ​អាង​ថា ​ការ​កាយ​ដី​នោះ​គឺ​ធ្វើ​ឡើង​ខុស​ពី​ទី​តាំង ​ដែល​បាន​បោះ​បង្គោល​ទុក​សម្រាប់​សង់​ព្រលាន​យន្ត​ហោះ​ ហើយ​បានរំលោភ​មក​ចូល​ដី​ពល​រដ្ឋ​ប្រ​វែង​ជាង​ ១ ​គីឡូម៉ែត្រ។

លោក​បន្ត​ថា មុន​ពេល​កាយ​ដី​នេះ​ អាជ្ញា​ធរ​ពុំ​បាន​ពិភាក្សា​ជា​មួយ​ពលរដ្ឋ​ក្នុង​ភូមិ​ជា​មុន​ឡើយ។ ប៉ុន្តែ​លោក​ថា ក្រោយ​ពី​កាយ​ដី​បាន​ប្រវែង​ប្រហែល ២០០​ ម៉ែត្រ អ្នក​បើក​គ្រឿង​ចក្រ​បាន​បញ្ឈប់​សកម្ម​ភាព និង​ប្ដូរ​ទៅ​កាយ​លើ​ទីតាំង​ដែល​មាន​ការបោះ​បង្គោល​ស​ម្រា​ប់​ធ្វើព្រលាន​យន្ត​ហោះ​វិញ​ បន្ទាប់​ពី​ក្រុមពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​សួរ​អ្នក​បើក​គ្រឿង​ចក្រ​នោះដើម្បី​សុំ​មើល​ឯក​សារ ​និង​អ្នក​បញ្ជា​ឱ្យ​កាយ។

លោក​ថា៖​ «(មូល​ហេតុ​នៃ​ការកាយ​ដី​ហ្នឹង) ខ្ញុំ​បាន​សាក​សួរ​ទៅ​អាជ្ញា​ធរ​ដែរ សួរ​មេភូមិ​ និង​មេ​ឃុំ គេ​ឆ្លើយថា​ អត់​ដឹងហើយ​សួរ​ទៅ​លោក​អភិ​បាល​ស្រុក គាត់​ថា អា​ហ្នឹង​ជា​កន្លែង​គេ​ចត​យន្ត​ហោះ ប៉ុន្តែ​ក្នុង​គម្រោង​ដែល​បោះ​បង្គោល​ហ្នឹង ​តាម​ធម្មតា​ វា​មាន​កន្លែង​ចត និង​កន្លែង​ស្ដុក​សាំង​អី​ក្នុង​ហ្នឹង​អស់​ហើយ»។

បើ​តាម​លោក ប៉ូ​រ៉ាត់ នៅ​ក្នុង​ដី​ដែល​កាយ​ខុសពី​ទីតាំង​​នេះ គឺ​មួយ​ចំនួន​ជា​ដី​សហ​គមន៍​សម្រាប់​កប់​សព​របស់​ក្រុម​ជនជាតិ​ដើម​ព្នង ​និង​ទីតាំង​សម្រាប់​ឃ្វាល​គោ​ក្របី​ហើយ​មួយ​ចំនួន​ទៀត​គឺជា​ចម្ការ​សម្រាប់​ដាំ​ដើម​ស្វាយច​ន្ទី និង​ម្រេច​ជា​ដើម​ដែល​ពលរដ្ឋ​សង្ស័យ​ថា​អាច​ប៉ះពាល់​ដី​ពល​រដ្ឋ​ជិត​ ៤០ ​គ្រួសារ ឬ​ស្មើ​ជិត ១០០ ហិកតា។​

លោក​បាន​បញ្ជាក់​ថា៖ «កាលពី​ព្រឹក​មិញ ​[ថ្ងៃច​ន្ទ] ក្រុម​ពលរដ្ឋ​បាន​នាំ​គ្នា​ប្រជុំ​ និង​បាន​ឯក​ភាព​គ្នាលើ ​​២ ចំណុច​ដោយ​ទី១ ​បាន​ស្នើ​សុំ​អាជ្ញា​ធរ​បក​ស្រាយ​ឱ្យបាន​ច្បាស់​លាស់​អំពី​ការ​កាយ​ដី​ខុសពី​ទីតាំង​បង្គោល​សម្រាប់​ធ្វើ​ព្រ​លាន​បែប​នេះ​តើ​មាន​បំណង​អ្វី?​ ហើយ​បើ​សាង​សង់​អ្វី​មួយ​មែន​គឺ​ត្រូវ​ពិ​ភាក្សា​អំពី​ផល​ប៉ះ​ពាល់​ជាមួយ​ពលរដ្ឋ​ជា​មុន​សិន​ និង​ទី២ ដី​សហ​គមន៍​សម្រាប់​ក​ប់​សព​មិន​អនុញ្ញាត​ឱ្យ​យក​ទៅ​អភិវឌ្ឍ​អ្វី​ឡើយ​ និង​ត្រូវ​ឆ្វៀល​ទុក​ដី​នោះ​វិញ»។

លោក ​សៀក មុន្នី អភិ​បាលស្រុក​អូរ​រាំ​ងបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិល​មិញ​ថា ​ការ​កាយ​ដី​នោះ​គឺ​ស្ថិត​ក្នុង​ទីតាំង​ត្រូវ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​គម្រោង​បង្កើត​ព្រលាន​យន្ត​ហោះ និង​មិន​ខុសទីតាំង​ដូច​មាន​ការ​លើក​ឡើងរ​បស់​ពលរដ្ឋ​ឡើយ។

ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​ បន្ទាប់​ពី​មាន​ការ​តវ៉ា អាជ្ញា​ធរ​បាន​សម្រេច​ផ្អាក​សកម្ម​ភាព​កាយ​ដី​នោះ​បណ្ដោះ​អាសន្ន​ដោយ​រ​ង់ចាំ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ជាមុន​សិន។

លោក​ថា៖ «បញ្ហា​ហ្នឹង ខ្ញុំ​កំពុង​ដោះ​ស្រាយ​ជាមួយ​គាត់ (ពលរដ្ឋ) ហើយ​ខ្ញុំ​កំពុង​ប្រជុំ​ជាមួយ​ថ្នាក់ខេត្តដើម្បី​ដោះ​ស្រាយ​ជូន​គាត់»។

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ តែ​ប ខ្វើ​ត អាយុ ៥០ ឆ្នាំ បាន​លើក​ឡើង​ដែរ​ថា ដី​របស់​គាត់​សរុប​ទាំង​ដី​កូ​នៗ​ចំនួ​ន ៥​ នាក់​ផង គឺ​មាន​ប្រហែល ១​០ ហិ​កតា ដែ​ល​ស្ថិ​ត​នៅ​ក្បែរ​កន្លែង​បោះ​បង្គោល​គម្រោង​បង្កើត​ព្រ​លាន​យន្តហោះ។

លោក​បន្ត​ថា​ ដី​ទាំង​នេះ​ជា​ដី​ដែល​បន្សល់​ទុក​តាំង​ពី​ដូនតាឱ្យ​លោក​ជា​អ្នក​គ្រប់​គ្រង​ហើយ​បច្ចុប្បន្ន​កំពុង​ដាំ​ដើម​ស្វាយច​ន្ទី​និង​ពោត ប៉ុន្តែ​ត្រូវ​បាន​គ្រឿង​ចក្រ​ចូល​កាយ​រំលោភ​យក​ទាំង​លោក​មិន​បាន​ដឹង​ជាមុន។

លោក​ថា៖​ «ប្រជា​ពល​រដ្ឋ​ឆ្ងល់ ហេតុ​អី​បាន​ជា​កាយ​ឆ្ងាយ​ប្រហែល​ ១​ គីឡូ​ដី​ ខុសពី​អា​កន្លែង​ដាក់​បង្គោល​ហ្នឹង »។

មន្ត្រី​រដ្ឋាភិ​បាល​ធ្លាប់​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា កា​រសិក្សា​រយៈ​ពេល ៦ ​ខែ​ ពី​កា​រសាង​ស​ង់​ព្រលាន​យន្តហោះ​ថ្មី​មួយ​ស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គិ​រីនឹង​ត្រូវ​ចាប់ផ្ដើម​នៅឆមាស​ទី២ ក្នុងឆ្នាំ​​នេះ ហើយ​ការសិក្សា​អំពី​ការបង្កើត​ព្រលាន​យន្តហោះ​នេះ ដើ​ម្បី​ផ្ដល់​ជម្រើស​ដល់​អ្នកទេ​សចរ​ក្នុងការ​សន្សំ​ពេលវេលា​បាន​ច្រើនក្នុង​ដំណើរ​ទៅ​ទស្សនា​ខេត្ត​មណ្ឌល​គិរី​ ដែលជា​តំបន់​មាន​សក្ដានុ​ពល​សម្រាប់​អេកូ​ទេសចរណ៍។

ជុំវិញ​បញ្ហា​នេះ​ ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការ​អត្ថាធិប្បាយពី​លោក ​អ៊ាង ​ម៉េង​លី មន្ត្រី​សម្រប​សម្រួល​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្ត​មណ្ឌល​គិរី​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​សារ​ទូរ​ស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន៕

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *