News

Check out real estate news updates

ផ្សារ​ទំនើប​ខ្នាតតូច (​ម៉ា​ត​) កំពុង​ពង្រីក​ខ្លួន​ទ្រង់ទ្រាយ​ធំ

កំណើន​ហាង​លក់រាយ បាន​បង្កើន​តម្រូវការ​ទីតាំង​ដើម្បី​ដំណើរការ​អាជីវកម្ម​។ តម្រូវការ​ច្រើនជាង​មុន ស្របពេល​ការផ្គត់ផ្គង់​ថយចុះ បានធ្វើ​ថ្លៃឈ្នួល​កើនឡើង​យ៉ាងខ្លាំង។ នេះជាបញ្ហាប្រឈម​មួយ​ ដែល​បាន​រារាំង​មហិច្ឆតាបង្កើន​ចំនួនហាងរបស់​ភោជនីយដ្ឋាន ផាក កាហ្វេ និងម៉ាកអាជីវកម្មដទៃទៀត។

លោក ហេង សេង​លីអ្នកគ្រប់គ្រងភោជនីយដ្ឋាន ផាក កាហ្វេ បានរំឭកថា លោក ​បាន​ក្លាយជា​អ្នកគ្រប់គ្រង​ទូទៅ​ភោជនីយដ្ឋាន ផាក កាហ្វេ កាលពី​ឆ្នាំ ២០១៤ ។ គ្រានោះ លោក​តាំងចិត្ត​​​ពង្រឹង​កេ​រ្ត៍​ឈ្មោះ​ម៉ាក​យីហោ​អាហា​រដ្ឋា​ន​ក្នុងស្រុក​មួយ​នេះ ​ឲ្យ​រឹងមាំ ហើយ​គ្រោង​បង្កើន​ចំនួន​ហាង ដើម្បី​ទំនុកចិត្ត​អតិថិជន​។​ ត្រលប់​ទៅ​ពេលនោះ​វិញ វិស័យ​អាហារ និង​ភេសជ្ជៈ មិនទាន់​រីក​ខ្លាំង ឬ​មាន​តម្រូវការ​ធំ ដូច​ពេលនេះ​នៅឡើយ​ទេ ហើយ​ហាង ផាក កាហ្វេ មាន​សាខា​ត្រឹម ៦ ប៉ុណ្ណោះ​នៅ​កម្ពុជា​។​

​នាពេលនោះ មាន​ទីតាំង​ជាច្រើន​ដែលមាន​សក្តានុពល និង​នៅ​ទំនេរ​ដើម្បី​បើកហាង​ថ្មី​បាន ប៉ុន្តែ លោក សេង​លី មាន​បញ្ហា​ប្រឈម​ធំ​មួយ គឺ​ការទទួលបាន​អតិថិជន​ថ្មី​បន្ថែម​ឲ្យ​កើន​លឿន​ដូច​ចិត្ត ដែល​ចង់​ពង្រីក​ហាង​។ ប៉ុន្តែ​ឈានដល់​ឆ្នាំ​ទី​ប្រាំ នៃ​បេសកកម្ម​របស់លោក វិស័យនេះ​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​។ ការទទួលបាន​កំណើន​អតិថិជន​ថ្មី លែង​សូវ​ជា​ក្តីបារម្ភ​របស់លោក សេង​លី ទៀតហើយ តែ​ជំនួស​វិញ លោក​ប្រឈម​បញ្ហា​ថ្មី​វិញ គឺ​ការកើនឡើង​នូវ​ខ្ទង់ចំណាយ​លើ​ថ្លៃ​ជួល​ទីតាំង ដែល​អាច​ប៉ះពាល់​ដល់​ប្រាក់ចំណេញ​។​
​លោក​ថ្លែងថា​៖«​ហាង​អាហារ ហាង​កាហ្វេ និង​ហាង​លក់ទំនិញ​បែប​ទំនើប បាន​កើនឡើង​យ៉ាងខ្លាំង នៅ​បី​ឆ្នាំ​ចុងក្រោយ ហើយ​ហាង​ទាំងនេះ កំពុង​បង្កើន​តម្លៃ​អចលនទ្រព្យ​នៅ​ភ្នំ ពេញ​»​។ លោក​បន្តថា ផាក​កាហ្វេ កំពុងដំណើរការ​ហាង ១៥ នាពេល​បច្ចុប្បន្ន ហើយ​ត្រូវ​ចំណាយ​ជា​មធ្យម ក្នុង​មួយ​ហាង ៥,០០០ ដុល្លារ សម្រាប់​ការជួល​ទីតាំង​នីមួយៗ ក្នុង​មួយខែ​។ លោក​បញ្ជាក់ថា​៖«​យើង​ត្រូវ​ចំណាយ​ច្រើនជាង​មុន​ជិត​ពីរដង ធៀប​នឹង​កាលពី​បី​ឆ្នាំមុន ដើម្បី​ជួល​ទីតាំង​ទំហំ​ដដែល​»​។​
​វិស័យ​លក់រាយ ដែល​សំដៅ​ដល់​ហាង​អាហារ និង​ភេសជ្ជៈ ហាង​លក់ទំនិញ​រាយ និង​ផ្សារ​ទំនើប​ជាដើម បាន​កំពុង​រីកចម្រើន​យ៉ាងខ្លាំង​នៅ​កម្ពុជា​។ ហាង​ម៉ាក​យីហោ​អន្តរជាតិ​ជាច្រើន​កំពុង​ចូលមក​ទីផ្សារ​កម្ពុជា​កាន់តែច្រើន ហើយ​កំណើន​នេះ បានធ្វើ​ឲ្យ​តម្លៃ​អ​ចនទ្រ​ព្យ​នៅ​ទីតាំង​ដែល​ហាង​ទាំងនេះ​ទៅដល់ បាន​ឡើងថ្លៃ​។
​គ្រាន់តែ​ចំនួន​ហាង​កាហ្វេ​មួយ​មុខ អ្នក​នៅក្នុង​ឧស្សាហ​កម្មនេះ បានលើកឡើង​ថា​មាន​មិន​ក្រោម ៣០០ ហាង​ធំៗ​ទេ នៅ​ភ្នំពេញ​។​
​កញ្ញា ពៅ ធីតា ប្រធាន​ផ្នែក​ទីផ្សារ​លក់រាយ ក្រុមហ៊ុន​ផ្តល់​សេវា​អចលនទ្រព្យ CBRE បាន​លើកឡើងថា វិស័យ​លក់រាយ​នៅ​កម្ពុជា​កំពុង​រីកចម្រើន ហើយ​បាន​ទាក់ទាញ​ម៉ាក​យីហោ​អន្តរជាតិ​ជាច្រើន បោះទុន​ដើម្បី​ដំណើរការ​។ កញ្ញា​បន្តថា តម្រូវការ​ទីតាំង​បាន​កើនឡើង ស្របពេល​ដែល​ការ​ផ្ត​ត់​ផ្គង់​នៅ​ដដែល ឬ​កាន់តែ​តិចជាង​មុន បានធ្វើ​ឲ្យ​ថ្លៃឈ្នួល​កើនឡើង​ជា​លំដាប់​។​
​កញ្ញា​បន្តថា​៖«​តំបន់​ពាណិជ្ជកម្ម​មួយចំនួន កំពុងមាន​ការខ្វះខាត​ទីតាំង​នាពេលនេះ​។ ទីតាំង​ល្អ ដូចជា​នៅ​បឹង​កេងកង នៅ​ទួលគោក​ជុំវិញ​ផ្សារ TK Avenue អី​ជាដើម គឺ​សឹង​ពេញ​អស់ហើយ ហើយ​ពិបាក​រក​កន្លែង​មែនទែន​»​។ កញ្ញា​បញ្ជាក់ថា​៖«​នៅ​ថ្ងៃ​ខាងមុខ ហាង​លក់រាយ​ទាំងអស់​ហ្នឹង លែង​សូវ​ដាក់​ទីតាំង​ដាច់ដោយឡែក​ទៀតហើយ (Standalone) [​ដោយសារ​ពិបាក​រក​ទីតាំង​] ហើយ​ទៅ​ដាក់​នៅក្នុង​ផ្សារ​ទំនើប​វិញ​»​។​
​ហាង​លក់រាយ​ទំនើប ក៏មាន​តម្រូវការ​ទីតាំង​ខ្លាំង​ដែរ​
​បន្ថែម​លើ​កំណើន​តម្រូវការ​ទីតាំង​សម្រាប់​ហាង​អាហារ ចំនួន​ហាង​លក់ទំនិញ​រាយ​បែប​ទំនើប ក៏​កំពុង​កើនឡើង​នៅ​កម្ពុជា ហើយ​កំពុង​ត្រូវការ​ទីតាំង​ច្រើន​។​
​ហាង​Super Duper ជា​ហាង​លក់ទំនិញ​បែប​លោកខាងលិច​ដំបូង​គេ​នៅ​កម្ពុជា ដែល​ដំណើរ ការ ២៤ ម៉ោង បាន​បើក​ដំណើរការ​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៥​។ គិត​មកដល់​នាពេលនេះ ហាង​នេះ កំពុងដំណើរការ​ដោយមាន​ហាង ៤ ទីតាំង​។​
​ហាង Circle K ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក បាន​បើក​ដំណើរការ​នៅ​កម្ពុជា កាលពី​ខែ កុម្ភៈ ឆ្នាំ​២០១៨ ហើយ​គិត​មកទល់ពេលនេះ បាន​ពង្រីក​ទីតាំង​រហូតដល់ ២៣ កន្លែង​។ កាលពី​ថ្ងៃទី​១ កក្កដា ក្រុមហ៊ុន​គ្រប់គ្រង​ផ្សារ​ទំនើប​ខ្នាតតូច​ដ៏​ធំជាងគេ​របស់​ថៃ  CP All បានបង្ហាញ​ពី​គម្រោង​ថា នឹង​នាំយក ហាង​លក់រាយ 7-Eleven មក​ដំណើរការ​នៅ​កម្ពុជា​។​
​បន្ទាប់ពី​បើក​ដំណើរការ​ហាង​លក់រាយ​ទំនើប​ខ្នាតតូច សាខា​ទីមួយ នៅ​កម្ពុជា កាលពីដើមឆ្នាំ​២០១៧ Aeon Maxvalu បាន​ពង្រីក​ទីតាំង​ជា​បន្តបន្ទាប់ ហើយ​បាន​បើក​ដំណើរការ​ហាង​ទី​៩ របស់ខ្លួន កាលពី​ថ្ងៃ​ពុធ​ទី ៣ កក្កដា ដោយ​ដាក់​ទីតាំងនៅ បឹង​កេងកង​មួយ​។
​លោក ជ័យ រតនា ជំនួយការ​នាយក​ប្រតិបត្តិការ​ហាង​លក់រាយ Aeon Maxvalu បាន​ឲ្យ​ដឹងថា ហាង Aeon Maxvalu គ្រោង​ពង្រីង​ទីតាំង​បន្ថែម​ដល់ ៣០០ ហាង នៅ​ទូទាំងប្រទេស នៅ​ឆ្នាំ​២០២៥​។ លោក​បន្តថា ហាង​ទី ១០ នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី ១៩ ខែកក្កដា​នេះ ស្របពេល​ហាង ៣ ផ្សេងទៀត នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ខែវិច្ឆិកា​ខាងមុខ ដែល​ធ្វើ​ឲ្យ​ចំនួន​ហាង​សរុប​កើន​ដល់ ១៣ ទីតាំង នៅ​ដំណាច់ឆ្នាំ ២០១៩ នេះ​។​
​យោងតាម លោក រតនា អ្នកប្រើប្រាស់​កម្ពុជា កំពុងមាន​ការផ្លាស់ប្តូ​រ​ទម្លាប់​នៃ​ការដើរ​ទិញ​អីវ៉ាន់​។ ពួកគេ​ហ៊ាន​ចំណាយ​ច្រើនជាង​មុន ដើម្បី​ទិញ​ទំនិញ​នៅក្នុង​ទីតាំង​ដែលមាន​បរិយាកាស​ល្អ ម៉ាស៊ីនត្រជាក់ និង​មាន​ធានា​ពី​គុណភាព​ទំនិញ​។​
​ស្របពេល​ដែល​ហាង​លក់ទំនិញ​គ្រោង​បង្កើន​ទីតាំង លោក​រតនា ក៏បាន​បញ្ជាក់ដែរថា កំណើន​តម្លៃ​ឈ្នួល កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ដល់​ផែនការ​នេះ​។ លោក​បន្តថា​៖«​ហាង​យើង​ជាច្រើន កំពុង​ជួប​បញ្ហា​ឡើងថ្លៃ​ជួល​ទីតាំង​នេះ​។ បញ្ហា​ថ្លៃឈ្នួល​នេះ អាច​ប៉ះពាល់​ខ្លាំង​ដល់​ផែនការ​ពង្រីក​ហាង​របស់​យើង សម្រាប់​រយៈពេល​វែង​»​។​
​យ៉ាងណាក៏ដោយ មិនមែន​សុទ្ធតែ​គ្រប់គ្នា​បារម្ភ​ខ្លាំង ពី​និន្នាការ​នេះ​នោះទេ​។ បុគ្គលិក​ថ្នាក់​គ្រប់គ្រង​ម្នា​ក់នៅ ហាង Super Duper ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ទទួលស្គាល់ថា តម្លៃ​ជួល​ទីតាំង​ពិតជា​កើន​បន្តិច​មែន ចំណែក​ប្រតិបត្តិការ​មួយចំនួន ដូចជា​ហាង​កាហ្វេ ឬ​ហាង​អាហារ​ជាដើម កំពុង​ជួប​ការលំបាក ហើយ​អាច​ប្រឈម​នឹង​ការបិទ​ហាង​។​
​លោក​បន្តថា​៖«​ហាង​ខ្លះ​អាច​បិទ​វិញ ហើយ​ទីតាំង​ដែល​គេ​ប្រើប្រាស់​នាពេលនេះ នឹង​ទំនេរ​វិញ​។ ខ្ញុំ​សង្ឃឹមថា តម្លៃ​ជួល​ទីតាំង​នឹង​នៅ​ថេរ​នា​ថ្ងៃ​ខាងមុខ​»៕
More information visit: https://www.thmeythmey.com/?page=detail&id=80147

Leave a Reply

Your email address will not be published. Required fields are marked *