News

Check out real estate news updates

ផ្សារទំនើប សុវណ្ណា គ្រោងកែលម្អមុខមាត់ថ្មីកាន់តែមានលក្ខណៈទាក់ទាញ

ផ្សារទំនើប សុវណ្ណា ដែលជាផ្សារទំនើបបើកដំណើរការយូរឆ្នាំមកហើយ គ្រោងនឹងធ្វើការកែលម្អអគារផ្សារ ដើម្បីឲ្យមានមុខមាត់ថ្មី និងមានលក្ខណៈទាក់ទាញ ខណៈសន្ទុះនៃការបើកផ្សារទំនើប ក្នុងទីក្រុងភ្នំពេញកំពុងកើនឡើង។

ការកែលម្អមុខមាត់ថ្មីនៃផ្សារទំនើប សុវណ្ណា នឹងតម្រូវឲ្យមានការផ្អាកជាបណ្តោះអាសន្ន ដើម្បីដំណើរការជួសជុល។ នេះបើយោងតាមការបញ្ជាក់របស់គណៈគ្រប់គ្រងផ្សារ។

លោកស្រី ជា សុខហៀក អគ្គនាយក ផ្សារទំនើប សុវណ្ណា បានឲ្យដឹងថា ផ្សារទំនើប សុវណ្ណា នឹងផ្អាកបណ្តោះអាសន្នមួយរយៈ ដើម្បីធ្វើការកែលម្អ និងរៀបចំឡើងវិញ ឲ្យមានមុខមាត់ថ្មី ដើម្បីទាក់ទាញអតិថិជន។

លោកស្រី ជា សុខហៀក ថ្លែងថា៖ «ការកែលម្អនៃអគារផ្សារទំនើប សុវណ្ណា គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាការ លើកកម្ពស់ និងកែលម្អសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពទាក់ទាញ និងល្អប្រសើរ»។

ស្ថិតនៅភូមិសាស្រ្ត ស្ពានស្ទឹងមានជ័យ ផ្សារទំនើប សុវណ្ណា សាងសង់លើផ្ទៃដី ជាង៤ម៉ឺនម៉ែត្រការ៉េ និងមានកម្ពស់៥ជាន់។

ផ្សារទំនើប សុវណ្ណា គឺជាវិនិយោគរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ។ ក្រៅពីផ្សារទំនើប សុវណ្ណា ក្រុមហ៊ុន ក៏បានវិនិយោគលើផ្សារទំនើប សូរិយា និងផ្សារទំនើបរតនាផ្លាហ្សាផងដែរ។

ដោយសារសេដ្ឋកិច្ចប្រទេសកម្ពុជា រីកចម្រើន ចំណូលប្រជាពលរដ្ឋធូធារ វិស័យលក់រាយ ឬ ផ្សារទំនើបកំពុងមានសន្ទុះកើនឡើង។

សម្រាប់លោកស្រី ជា សុខហៀក ជឿជាក់ថា ការរីកដុះដាលនៃផ្សារទំនើប គឺដោយសារការហូរចូលអ្នកវិនិយោគក្រៅប្រទេស។

លោកស្រី ជា សុខហៀក ថ្លែងថា៖ «ធម្មតាសេដ្ឋកិច្ចប្រទេសកម្ពុជារីកចម្រើនល្អ និងលំហូរចូលនៃអ្នកវិនិយោគពីក្រៅប្រទេសច្រើន ធ្វើឲ្យមាន ផ្សារទំនើបច្រើន ហើយយើងត្រូវតែកែលម្អឲ្យមានលក្ខណៈពិសេសដើម្បីមានភាពទាក់ទាញ»។

Source From: https://www.construction-property.com/khread-news-1871/

Leave a Reply

Your email address will not be published. Required fields are marked *