ផ្សារទំនើបដំបូងបង្អស់នៅខេត្តព្រះសីហនុលេចចេញជារូបរាងហើយ

ស្របពេលដែលសំណង់អគារតូចធំបានរីកលូតលាស់ពាសពេញទីក្រុង សំណង់ផ្សារទំនើបដំបូងបង្អស់ក្នុងខេត្តព្រះសីហនុបាននិងកំពុងលេចចេញជារូបរាងហើយ។
កាលពីព្រឹកថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៨ កញ្ញា លីម សុខាដាវីន ប្រធានផ្នែកលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Furi Real Estateបានបញ្ជាក់ឲ្យដឹងថាផ្សារទំនើបដំបូងបង្អស់ក្នុងខេត្តព្រះសីហនុឈ្មោះថា Furi Times Square បានចាប់ផ្តើមសាងសង់ហើយ។
តាមការបញ្ជាក់ដដែលរបស់កញ្ញា ផ្សារទំនើបFuri Times Squareដែលមានកម្ពស់៤ជាន់នេះគឺបានចាប់ផ្តើមសាងសង់ហើយកាលពីអំឡុងខែវិច្ឆិកាកន្លងទៅនេះ។
កញ្ញាបានមានប្រសាសន៍ថា៖«បច្ចុប្បន្ននេះ យើងបានសាងសង់គ្រោងឆ្អឹងជាន់ផ្ទាល់ដីរួចរាល់ ហើយនឹងបញ្ចប់ការសាងសង់ក្នុងខែ ៦ ឆ្នាំក្រោយ[២០១៩]»។
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីបានចាប់ផ្តើមការសាងសង់រួចមកគម្រោងផ្សារទំនើបមួយនេះក៏បាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អាជីរករផងដែរ។
កញ្ញា លីម សុខាដាវីន បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនទទួលបានការកក់ហាងរហូតប្រមាណជា ៧០ ភាគរយដែលភាគច្រើនគឺសម្រាប់អាជីវកម្មផ្នែកម្ហូបអាហារនិងភេសជ្ជៈ។
សូមបញ្ជាក់ជូនថាផ្សារទំនើបនេះគឺត្រូវបានសហការវិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យFuri Real Estateនិងវិនិយោគគិនមកពីម៉ាកាវនិងហុងកុងក្នុងទំហំទឹកប្រាក់វិនិយោគរហូតដល់ទៅ ១០ លានដុល្លារអាមេរិក។ ផ្សារទំនើប Furi Times Squareនេះទៀតសោតគឺគ្របដណ្តប់លើផ្ទៃដីចំនួន ៦.០០០ម៉ែត្រការ៉េ ហើយ ៤០ភាគរយ នៃផ្ទៃដីសរុបគឺក្រុមហ៊ុននឹងទុកសម្រាប់ជាទីធ្លាសាធារណៈ។ អានបន្ថែម
Source From; https://www.construction-property.com/khread-news-1532/