News

Check out real estate news updates

ផ្លូវថ្មី ១ ត្រូវ​បាន​បើក​នៅ​ម្ដុំ​ក្បាលថ្នល់ ដើម្បី​សម្រួលការ​កក​ស្ទះ​ចរាចរណ៍

ជា​រៀងរាល់​ថ្ងៃ​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ក្បាល​ថ្នល់ ក្នុង​ទិសដៅ​ទៅ​ខណ្ឌ​ច្បារអំពៅ ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដាល តែង​ប្រឈម​នឹង​​ការ​កកស្ទះ​ចរាចរណ៍។

មិនថា​ពេល​ព្រឹក ឬ​ល្ងាច​ទេ អ្នក​ធ្វើ​ដំណើរ​ភាគច្រើន​បាន​ចំណាយ​ពេល​មិន​ក្រោម​ពី​៣០​នាទី ទៅ​១​ម៉ោង ឬ​លើស​ពី​នេះ​ក៏​មាន ដើម្បី​ឆ្លង​កាត់​ចេញ​ផុត​ចំណុច​ស្ទះ​ចរាចរណ៍​កក​កុញ​ខ្លាំង រាប់​ចាប់​ពី​ចំណុច​ម្ដុំ​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់​ទៅ។ ក្រៅពី​ពេល​វេលា ការ​កកស្ទះ ក៏​បាន​បង្ក​ជា​ការ​ខាត់​បង់​ថវិកា​ចាក់សាំង ម៉ូតូ ឬ​យានយន្ត និង​ប៉ះពាល់​សុខភាព​អ្នកដំណើរ​ផង​ដែរ។

ដើម្បី​​​ចូលរួម​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ចំណុច​ខាង​លើ​ក្រុមហ៊ុន ជីប ម៉ុង លែន​ បាន​កែ​លម្អ​ និង​បើក​ឲ្យ​ប្រើប្រាស់​ដោយ​សេរី​ផ្លូវ​១​ខ្សែ ស្ថិត​ក្នុង​គម្រោង ដឹ­­ លែន ម៉ាក ២៧១ ភ្ជាប់​មក​ផ្លូវ​អ្នកឧកញ៉ា ហ៊ុន នាង ដែល​ចាក់​កៅស៊ូ​ទីមីន័រ​ប្រវែង​៧៥៣ ម៉ែត្រ ហើយ​ការ​កែ​លម្អ​ផ្លូវនេះ​បាន​ចំណាយ​ថវិកា​សរុប​ ២៨ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

ផ្លូវ​នេះ​អាច​ឲ្យ​អ្នកដំណើរ​ធ្វើ​ចរាចរណ៍​បាន​ស្រួល ដោយ​សារ​វា​បាន​ភ្ជាប់​ទៅ​ផ្លូវ​សំខាន់ៗ ដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និង​មហាវិថី​សម្ដេច​តេជោ​ហ៊ុន​សែន ឬ​ហៅថា ផ្លូវ៦០ម៉ែត្រ។ ផ្លូវ​នេះ​បាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាល​ពី​ថ្ងៃទី៨ ខែ​មេសា ឆ្នាំ២០១៩។

លោក លាង ហេនរី អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែន បាន​មាន​ប្រសាសន៍​ថា៖ “ជីប ម៉ុង លែន មិន​ត្រឹម​តែ​សាង​សង់​លំនៅ​ដ្ឋាន​នោះ​ទេ យើង​ថែម​ទាំង​កសាង​សហគមន៍​មួយ​ ប្រកប​ដោយ​ផាសុកភាព​សម្រាប់​បងប្អូន​ ដែល​រស់នៅ​ក្នុង​គម្រោង​នេះ និង​ធ្វើ​យ៉ាង​ណា​សម្រួល​ដល់​ចរាចរណ៍​និង​បញ្ចៀស​ ការ​កក​ស្ទះ​ពេល​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ដែល​ធ្វើដំណើរ​ឆ្លង​កាត់​ផ្លូវ​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​របស់​យើង​ផង​ដែរ”។

សូម​បញ្ជាក់​ថា ផ្លូវ​អ្នក​ឧកញ៉ា ហ៊ុន នាង​ដែល​កែ​លម្អ​ដោយ​ក្រុមហ៊ុន ជីប ម៉ុង លែន ភ្ជាប់​ទៅ​នឹង គម្រោង ដឹ លែន ម៉ាក ២៧១ (The Landmark 271) ដែល​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃ​ដី​ទំហំ​ ៤៣​ហិកតា ជាមួយ​នឹង​ច្រក​ចេញ​ចូល​ធំៗ​ ចំនួន​៥ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ផ្លូវ​២៧១ ផ្លូវ​៣៧១ អាច​មាន​លទ្ធភាព​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ក្នុង​គម្រោង​ខាង​លើ​ដោយ​សេរី​ ទៅ​កាន់​ផ្លូវជាតិ​លេខ​២ ឬ​តំបន់​ផ្លូវ​៦០ម៉ែត្រ បាន​យ៉ាង​ងាយ​ស្រួល៕

Source From: http://kleykley.sabay.com.kh/article/1138924#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *