News

Check out real estate news updates

ផ្លូវជាតិលេខ១ និងលេខ៥ក្លាយជាផ្លូវយុទ្ធសាស្រ្តដ៏មានសារៈសំខាន់​នៃសេដ្ឋកិច្ចទីក្រុងហូជីមិញនិងបាងកក

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានអោយដឹងថាសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ប្រមាណថានឹងបន្តមានកំណើនក្នុងរង្វង់ជាង ៧% ដែលធ្វើអោយកម្ពុជាបន្តតំណែង របស់ខ្លួនជាបន្តទៀតដែលមាន​សេដ្ឋកិច្ចរីកចម្រើន​បំផុត​នៅក្នុងតំបន់អាស៊ីក្នុងរយៈពេល៣ឆ្នាំជាប់គ្នា។ នេះបានបង្ហាញថាកម្ពុជាស្ថិតនៅលើគន្លងនៃ​ការឈានទៅសម្រេច​បាន​ឋានៈ​ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ តាមការគ្រោងទុកក្នុងរបៀបវារៈ​នៃគោលនយោបាយ​ជាតិរបស់ខ្លួន។

ម៉្យាងវិញទៀត កម្ពុជាក៏មានជំនួយពីសំណាក់ប្រទេសនានាជាច្រើនសម្រាប់ជំរុញដល់ការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ ដូចជា​ប្រទេសជប៉ុនបាននិងកំពុងគាំទ្រលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការកសាងស្ពានគីហ្សូណា, ស្ពានត្សឺបាសា, ការ​ធ្វើ​ឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥, ការអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ, និង​ការធ្វើ​ឱ្យ​ប្រសើរឡើងនូវការការពារទឹកជំនន់រាជធានីភ្នំពេញជំហានទី៤។ ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥ បាន និង នឹងធ្វើឱ្យផ្លូវទាំងនេះក្លាយជាផ្លូវយុទ្ធសាស្រ្ត ដ៏មានសារៈសំខាន់នៃរបៀងសេដ្ឋកិច្ចភាគខាងត្បូងតភ្ជាប់ប៉ូលសេដ្ឋកិច្ច​ធំពីរនៃមហាអនុតំបន់មេគង្គ គឺរវាងទីក្រុងហូជីមិញ និងទីក្រុងបាងកក។

គួរជម្រាបផងដែរថា រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងក្លាយជាទីក្រុងប្រមូលផ្តុំកណ្តាលដ៏សំខាន់​ស្ថិតនៅតាមបណ្ដោយរបៀងសេដ្ឋកិច្ចនេះ ហើយនឹងកាន់តែជំរុញឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុន ជប៉ុនទាំងធំ ទាំង​តូច មកបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកនូវផលប្រយោជន៍ជាអតិបរមាពីយុទ្ធសាស្រ្តថៃ+១ និងវៀតណាម+១។

ស្ពានគីហ្សូណា និងស្ពានត្សឺបាសាដែលជាស្ពានដ៏វែងជាងគេឆ្លងកាត់ទន្លេមេគង្គកម្ពុជានេះ មិនត្រឹមតែបានជួយ​សម្រួលដល់​ការ​ធ្វើ​ដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម-ឡាវប៉ុណ្ណោះទេ តែក៏បាន​ក្លាយ​ជាទីកន្លែងទេសចរណ៍សម្រាប់ប្រជាជនកម្ពុជាប្រកប ដោយភាពទាក់ទាញផងដែរ។

លើសពីនេះ រូបស្ពានទាំងពីរត្រូវបានបោះពុម្ពនៅលើក្រដាសប្រាក់ ៥០០រៀលថ្មី ដែលនេះ ជាករណីដ៏កម្របំផុតដែលទង់ជាតិ​នៃ​ប្រទេសមួយ​បានផុសឡើងនៅលើក្រដាសប្រាក់នៃប្រទេសមួយទៀត។

More information visit: https://www.business-cambodia.com/public/article/national-road-1-and-5-are-the-main-strategic-routes-of-ho-chi-minh-city-and-bangkok

Leave a Reply

Your email address will not be published. Required fields are marked *