News

Check out real estate news updates

ផល​ប៉ះពាល់​ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ មុន​ធ្វើការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​បើកកិច្ចប្រជុំ​ស្តីពី​គម្រោង​ផល​ប៉ះពាល់ នៃការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិកាដ្ឋាន​អាកាសចរ​ស៊ីវិល លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និងលោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ នៅ​សាលាខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ​២០១៩។

យោងតាម​ការចុះផ្សាយ​របស់​វិបសាយ​ក្រសួង​ព័ត៌មាន​ដែល​ដកស្រង់​របាយការណ៍​សង្ខេប ស្ដីពី​ការអភិវឌ្ឍ​អាកាសយានដ្ឋានអន្តរជាតិ​ខេត្ត​ព្រះសីហនុ (KOS) បង្ហាញ​ថា វាមាន​ផលប៉ះពាល់​លំនៅឋាន​មិនរៀបរយ​មួយចំនួន ដែល​តម្រូវឱ្យ​អាជ្ញាធរ ក៏ដូចជា​អាកាសចរណ៍ស៊ីវិល​ត្រូវចុះ​ត្រួតពិនិត្យ ដោះស្រាយ​គម្រោង​ការដ្ឋាន​សាងសង់​របងការពារ​សុវត្ថិភាព និងដោះស្រាយ​ផលប៉ះពាល់ដី​ក្នុង​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ ទើបឈាន​ទៅធ្វើការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ប្រកបដោយ​សុវត្ថិភាព ដើម្បីឱ្យ​យន្តហោះ​ប្រភេទ​ធុនធំ ចុះចត​បាន។ ម្យ៉ាងទៀត​ខេត្តព្រះសីហនុ ត្រូវបាន​រាជរដ្ឋាភិបាល​ជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ​ត្រៀមរៀបចំ​ព្រឹត្តិការណ៍​បុណ្យសមុទ្រ ជុំទី៣ នៅចុងឆ្នាំ​២០២០ និង​ត្រៀមរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅឆ្នាំ​២០២២ ផងដែរ។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា ការដោះស្រាយ​ផលប៉ះពាល់​លើគម្រោង​សាងសង់​របង​សុវត្តិភាព និង​សំណង់​មិនរៀបរយ មុននឹង​ដាក់​គ្រឿងចក្រ​ធ្វើរបង​ការពារ​សុវត្ថិភាព​នៅព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ជំហាន​ដំបូង​គឺ​ត្រូវ​ធ្វើការ​ដោះស្រាយ​ផលប៉ះពាល់​ជាក់ស្តែង ដើម្បី​ការពារ​ដីធ្លី​ដែលត្រូវធ្វើការ​អភិវឌ្ឍ​របស់អាកាសចរណ៍ស៊ីវិល​តែប៉ុណ្ណោះ ដើម្បី​ធានា​សុវត្ថិភាព​ជូនភ្ញៀវ​ទេសចរ នាំមក​នូវការ​រីកចម្រើន​នូវសេដ្ឋកិច្ច​សង្គម​ថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *