News

Check out real estate news updates

ប្រ​ទេស​ វៀត​ណាម ​ជា​ទី​ផ្សារ​សក្តា​នុ​ពល​​សម្រាប់​ក្រុម​ហ៊ុន​បដិ​សណ្ឋារ​កិច្ច

ក្រុង​ហូ​ជី​មិញៈ ​ប្រ​ទេស​ វៀត​ណាម​ បាន​ក្លាយ​ជា​ទី​ផ្សារ​សក្តា​នុ​ពល​​​មួយ​​ក្នុង​វិ​ស័យ​ប​ដិ​​សណ្ឋា​រ​កិច្ច​ក្នុង​ចំ​ណោម​​ប្រ​ទេស​​ជា​ស​មា​ជិក​អា​ស៊ាន​ ជា​​ពិ​សេស​ក្នុង​វិ​ស័យ​សណ្ឋា​គារ ​និង​រម​ណីយ​ដ្ឋាន​ប្រ​ណីត​ៗ។ នេះ​​បើ​យោង​តាម​សន្និ​សីទ​​​កាល​​​​ពី​ចុង​​ខែ​មុន​នៅ​​ទី​ក្រុង​ហូ​ជី​មិញ។

សន្និ​សីទ​ស្តី​ពី​សណ្ឋា​គារ​ និង​​រម​ណីយ​ដ្ឋាន​ជា​ស​ក​ល​ប្រ​ចាំ​ឆ្នាំ​លើក​​​ទី​ ២ ​​នៅ​ទី​ក្រុង​ហូ​ជី​មិញ​ មាន​អ្នក​ចូល​រួម​ជិត ១០០ នាក់​ដែល​តំ​ណាង​​ឲ្យ​​ភ្នាក់​ងារ​របស់​រដ្ឋ ក្រុម​ហ៊ុន​​អភិ​​វឌ្ឍន៍​សណ្ឋា​គារ​ និង​រ​ម​ណីយ​ដ្ឋាន ក្រុម​ហ៊ុន​ឌី​ហ្សាញ​ និង​ស្ថា​បត្យ​ករ និង​ក្រុម​អ្នក​ផ្តល់​ដំ​ណោះ​ស្រាយ​នៅ​ទូ​ទាំង​ពិ​ភពលោក។

លោក​ស្រី Vanya Tran អគ្គ​នា​យក​ក្រុម​ហ៊ុន Vietnam Resort Resort Pro (VHRPRO) និង​ជា​ប្រ​ធាន​សន្និ​សីទ​នេះ​​​បាន​ថ្លែង​ប្រាប់​សារ​ព័ត៌​មាន Vietnam News នៅ​​ខាង​​ក្រៅ​ព្រឹ​ត្តិ​ការណ៍​នេះ​ថា ​​វៀត​​ណាម​មា​ន​ស​ក្តា​នុព​ល​ដ៏​អ​ស្ចារ្យ​ ប៉ុ​ន្តែ​នៅ​ខ្វះ «បទ​ពិ​សោធ និង​ជំ​នាញ​វិ​ជ្ជា​ជីវៈ​ក្នុង​ការ​ផ្តល់​ជូន​​​ផលិត​ផល ​និង​សេ​វា​កម្ម​លំ​ដាប់​ពិភព​លោក​ក្នុង​ផ្នែក​បដិ​សណ្ឋារ​កិច្ច»។

លោក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ថា​ អ្វី​ដែល​វិ​សេស​បំ​ផុត​អំ​ពី​វិ​ស័យ​ទេស​ចរណ៍​ និង​ប​ដិ​សណ្ឋារ​កិច្ច​របស់​វៀ​ត​ណា​ម​ គឺ​ទេស​ភាព ប្រជា​ពល​រដ្ឋ និង​ម្ហូប​អា​ហារ។ ទេស​ភាព​នៅ​​វៀត​ណាម​​​ពិត​ជា​អស្ចារ្យ​ណាស់​ ហើយ​ចំ​ពោះ​ម្ហូប​អា​ហារ​វិញ​​កាន់​តែ​ពិ​សេស​»។

លោក​ស្រី​បន្ថែម​ថា៖ «ការ​អនុវត្ត​បច្ចេក​វិ​ទ្យា​ទំ​នើប​ដូច​ជា​ទី​ផ្សារ​​ឌី​ជី​ថល​ ការ​គ្រប់​គ្រង​បដិ​សណ្ឋារ​កិច្ច​ និង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ទាំង​អស់​នេះ​ គឺ​ជា​កូន​សោរ​គន្លឹះ​នៅ​ក្នុង​​​ការ​អភិ​វឌ្ឍ»។

លោក​ស្រី​បាន​ឲ្យ​ដឹង​​ទៀត​ថា​ ទំ​នាក់​ទំ​នង​​​កាន់​តែ​ប្រ​សើរ​​​ក្នុង​ចំ​ណោម​​ក្រុម​ហ៊ុន​បដិ​សណ្ឋារ​កិច្ច ​នឹង​ជួយ​បង្កើន​ខ្សែ​ចង្វាក់​មួយ​នេះ​​ឲ្យ​កាន់​តែ​ប្រ​សើរ។

លោក Tran Phu Cuong អគ្គនា​យក​នៃ​នាយក​ដ្ឋាន​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នៃ​​រដ្ឋ​បាល​ទេស​ចរណ៍​វៀត​ណាម​បាន​កត់​សម្គាល់​ថា​ ​វៀត​ណាម​កំ​ពុង​ប្រ​កួត​ប្រ​ជែង​ជា​មួយ​​ប្រ​ទេស ថៃ ​ដើ​ម្បី​ឲ្យ​ក្លាយ​ទៅ​ជា​ទិស​ដៅ​ទេស​ចរណ៍​ដ៏​ល្អ​បំផុត​មួយ​​​ក្នុង​តំ​បន់​អា​ស៊ាន។

លោក​ថ្លែង​ថា៖ «​ហេតុ​អ្វី​បាន​​ប្រ​ជែង​​ជា​មួយ​ប្រ​ទេស​​ថៃ? ថៃ​​ស្ថិត​ក្នុង​ចំ​ណោម​ប្រ​ទេស​​អា​ស៊ាន​​ដែល​​ចំ​នួន​ភ្ញៀវ​ទេស​ចរ​អន្ដរ​​ជាតិ​​ទៅ​ទស្សនា​ច្រើន​បំ​ផុត​ ដែល​​​វា​បាន​​រួម​ចំ​ណែក​ជួយ​ដល់​ផលិត​ផល​ក្នុង​ស្រុក​សរុប​​​របស់​ប្រទេស​នេះ​បាន​យ៉ាង​ច្រើន»។

ទោះ​បី​ជា​មាន​ភាព​ស្រ​ដៀង​គ្នា​ផ្នែក​វប្បធម៌​ និង​ទេស​ភាព​ធម្ម​ជាតិ​ក្តី​ ក៏​ឧស្សា​ហកម្ម​ទេស​ចរណ៍​​ថៃ ​មាន​ការ​ប្រ​កួត​ប្រ​ជែង​​ច្រើន​ជាង​​វៀត​ណាម។

លោក Cuong ថ្លែង​ថា៖ «វៀត​ណាម​អាច​រៀន​សូត្រ​បាន​ច្រើន​ពី​ប្រ​ទេស​ ថៃ ​ប៉ុន្តែ​យើង​គួរ​តែ​រក្សា​លក្ខណៈ​ពិ​សេស​ផ្ទាល់​ខ្លួន​របស់​យើង»។

លោក​ស្រី Lian Miew Ching នា​យិ​កា​ក្រុម​ហ៊ុន​រចនា​ប្លង់ CHIL Interior Design in Asia របស់​សិង្ហ​បុរី​បាន​ថ្លែង​​ថា ​លោក​ស្រី​បាន​ឃើញ​មាន​ការ​រចនា​ប្លង់​សណ្ឋា​គារ ​និង​រម​ណីយ​ដ្ឋាន​ស្អាត​ៗ​ជា​ច្រើន​នៅ​​​វៀត​ណាម។

លោក​ស្រី​បាន​មាន​ប្រ​សាសន៍​​​ថា៖ «សេដ្ឋ​កិច្ច​វៀត​ណាម​កំ​ពុង​រីក​ចម្រើន​​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​ដែល​មិន​ធ្លាប់​មាន​ ជា​ពិ​សេស​​ក្នុង​ឧស្សា​ហកម្ម​បដិ​សណ្ឋារ​កិច្ច»។

លោក Brenton Smith នាយក​ក្រុម​ហ៊ុន​អូ​ស្ត្រា​លី​ Bates Smart ​​ដែល​ផ្តល់​នូវ​ការ​រចនា​​​ស្ថា​បត្យ​កម្ម​ផ្ទៃ​​ក្នុង​ និង​យុទ្ធ​សាស្ត្រ​​រចនា​ទី​ក្រុង​បាន​​​ឲ្យ​ដឹង​ថា ​វៀត​ណាម​មាន​សក្តានុ​ពល​​ក្នុង​ការ​អភិ​វឌ្ឍ​ ការ​គ្រប់​គ្រង​គម្រោង ការ​វិនិ​យោគ និង​ស្ថា​បត្យ​កម្ម​ និង​ការ​រចនា​ផ្ទៃ​ក្នុង។

នៅ​ឆ្នាំ​មុន​អង្គ​ការ​ទេស​ចរណ៍​​​ពិភព​លោក UNWTO បាន​​ចាត់​​ចំ​ណាត់​ថ្នាក់​​​វៀត​ណាម​​ជាប់​លេខ​ ៣ ​ក្នុង​ប្រ​ភេទ​​ប្រ​ទេស​ទិស​ដៅ​ទេស​ចរណ៍​ដែល​​កំ​ពុង​​រីក​លូត​លាស់​លឿន​បំ​ផុត។

អចល​ន​ទ្រព្យ​ថ្មី​លំ​ដា​ប់​ផ្កាយ​ ៤​ និង​ផ្កាយ ៥ ​​​ជាង ​១៥០ ​ត្រូវ​បាន​គេ​រំ​ពឹង​ថា​ នឹង​បើក​ដំ​ណើរ​ការ​​ក្នុង​ប្រ​ទេស​នេះ​នៅ​​​ឆ្នាំ​​ ២០២០។

លើស​ពី​នេះ​ទៀត កិច្ច​ព្រម​ព្រៀង​ពា​ណិជ្ជ​កម្ម​សេ​រី​រវាង​សហ​ភាព​ អឺ​រ៉ុប-វៀត​ណាម ដែល​នឹង​លុប​ពន្ធ​លើ​ទំ​និញ​ចំ​នួន ៩៩ ​ភាគ​រយ ​រំ​ពឹង​ថា​ នឹង​បើក​ទី​ផ្សារ​សេ​វា​កម្ម​វៀត​ណាម​ទៅ​ដល់​ក្រុម​ហ៊ុន​អឺ​រ៉ុប​ និង​​ជួយ​ជំ​រុញ​វិ​ស័យ​ទេស​ចរណ៍​​រវាង​ភាគី​ទាំង ២។

យោង​តាម​ស្ថិតិ​របស់​ការិ​យា​ល័យ​ស្ថិតិ​ទូ​ទៅ​វៀត​ណាម ប្រ​ទេស​នេះ​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​ជិត ១៣​ លាន​នាក់​កាល​ពី​ឆ្នាំ​មុន​កើន​ឡើង ២​៩,​១ ភាគ​រយ​​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៦៕

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *