News

Check out real estate news updates

ប្រទេស​នៅ​អាហ្វ្រិក​មួយ ចង់​នាំអង្ករ​កម្ពុជា ទៅ​កាន់​ទីផ្សារ​របស់​ខ្លួន

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ភាគី​ដែល​មកពី​ប្រទេស​សេរ៉ាឡេអូន នៅ​ទ្វីបអាហ្វ្រិក ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​ក្នុង​ការ​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​របស់ ​សេរ៉ាឡេអូន នា​ពេល​ដ៏​ខ្លី​ខាងមុខ ក៏ដូចជា​សហ​ប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​។

ជំនួប​រវាង​លោក វេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ជាមួយ​លោក Joseph J. Ndanema ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​រុក្ខា​ប្រមាញ់​សេរ៉ាឡេអូន ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០១៨​ នៅ​សណ្ឋាគារ Raffles Le Royal ។

លោក Joseph J. Ndanema បាន​បញ្ជាក់​ថា​ ប្រទេស​របស់​លោក​មាន​ស្ថានភាព និង​ដំណើរការ​នៃ​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស​ប្រហាក់ប្រហែល​នឹង​ប្រទេស​កម្ពុជា​ គឺ​ងើប​ចេញ​ពី​សង្គ្រាម​រ៉ាំរ៉ៃ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង សន្តិសុខ​ស្បៀង​ត្រូវ​បាន​ប្រឈម​ជាដើម​។

លោក​បន្ត​ថា បច្ចុប្បន្ន​ប្រទេស​មួយ​នេះ បាន​និង​កំពុង​កសាង​និង​អភិវឌ្ឍ​ជា​បណ្ដើរៗ តែ​ទោះជា​យ៉ាងណា​ ផលិតកម្ម​ស្រូវ​អង្ករ​នៅ​ជួប​បញ្ហា​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង។ ហេតុផល​នេះ គឺ​ជា​កត្តា​ចម្បង​ដែល​លោក​និង​ប្រតិភូ​ សម្រេចចិត្ត​មក​ធ្វើ​ទស្សន​កិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​នា​ពេល​នេះ ដើម្បី​ធ្វើការ​សិក្សា​លើ​ការ​ចុះ​កិច្ច​ព្រមព្រៀង​នៃ​ការ​យោគយល់​គ្នា ក្នុង​ការ​នាំចេញ​អង្ករ​កម្ពុជា ទៅ​កាន់​ប្រទេស​សេរ៉ាឡេអូន នា​ពេល​អនាគត។

លោក វេង សាខុន ​បាន​ឲ្យដឹង​ថា ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​មាន​សុខ​សន្តិភាព​ស្បៀង ដោយ​សល់​ចំនួន ៥,៥​លាន​តោន សម្រាប់​ធ្វើការ​នាំចេញ។ ក្រៅ​ពី​ស្រូវ កម្ពុជា​នៅ​មាន​ផលិតផល​កសិកម្ម​ជាច្រើន​ទៀត​ដូចជា ដំឡូងមី ស្វាយ ស្វាយចន្ទី ដែល​ផលិតកម្ម​ទាំងនោះ​កំពុង​តែ​មាន​សក្ដានុពល​ធ្វើការ​វិនិយោគ កែច្នៃ និង​នាំចេញ​។

តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យដឹង​ថា កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន​ជាង ៣៨​ម៉ឺន​តោន (៣៨៩២៦៤​តោន) ទៅ​កាន់​ទិសដៅ​ចំនួន ៥៩​ប្រទេស ក្នុង​រយៈ​ពេល ៩ខែ ឆ្នាំ​២០១៨។

ថ្មីៗនេះ អង្ករ​កម្ពុជា ទទួល​បាន​ពាន​រង្វាន់​អង្ករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ក្នុង​សន្និសីទ​ស្រូវ-អង្ករ​ពិភពលោក​លើក​ទី​១០ (១០-១២ តុលា ២០១៨) ដែល​រៀបចំ​ដោយ The Rice Trader នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ កម្ពុជា​ធ្លាប់​គ្រប់គ្រង​ពាន​រង្វាន់​អង្ករ​​ល្អ​ជាងគេ​បំផុត​លើ​ពិភពលោក រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា គឺ​ឆ្នាំ​២០១២, ២០១៣ និង​២០១៤ ហើយ​សម្រាប់​ឆ្នាំ​ក្រោយ​មក​ទៀត គឺ​ឆ្នាំ​២០១៥, ២០១៦ និង​២០១៧ កម្ពុជា​ទទួល​ចំណាត់ថ្នាក់​លេខ​២៕

Source From: http://kleykley.sabay.com.kh/article/1099031#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *