News

Check out real estate news updates

បើលង់ខ្លួនរកស៊ីអចលនទ្រព្យបរាជ័យធ្ងន់ធ្លាក់ក្រោមសូន្យ តើសហគ្រិនងើបដោយវិធីណា?

មូលហេតុធ្វើឱ្យសហគ្រិនអចលនទ្រព្យបរាជ័យមានច្រើន អាស្រ័យទៅតាមស្ថានភាពជាក់ស្តែងរៀងៗ​ខ្លួន យើងមិននិយាយរឿងនាំឱ្យបរាជ័យនោះទេ តែបើសិនជាបរាជ័យ ឬរកស៊ីខាតហើយរហូតធ្លា​ក់​ក្រោមសូន្យដែលសហគ្រិនខ្លះសុខចិត្តបោះបង់អាជីវកម្មចោលតែម្តងនោះ។ សម្រាប់ភាពជោគជ័យធំនៃអាជីវកម្មរបស់មហាសេដ្ឋីពិភពលោក ហាក់មិនងាយស្រួលពេកទេ ព្រោះពួកគេបានខិតខំប្រឹងប្រែងជម្រះនូវឧបសគ្គធំៗជាច្រើន ឆ្លងកាត់ព្យុះភ្លៀង ទម្រាំរកផ្លូវត្រូវឃើញ។ ជាការពិតណាស់បើជួបឧបសគ្គកាន់តែធំ អាចដោះស្រាយបាន នោះយើងនិងទទួលបានជោគជ័យធំមិនខាន។

ភាពបរាជ័យ ឬរកស៊ីខាតក្នុងអាជីវកម្ម តែងកើតមានជារឿយៗ ចំណុចសំខាន់តើសហគ្រិនខ្លួនឯង អាចរៀនសូត្រពីមេរៀនបរាជ័យទាំងនោះ បានប៉ុណ្ណា សម្រាប់ជាទុនក្នុងការចេញរកស៊ីនៅពេលបន្ទាប់។ តាមការសង្កេត បរាជ័យធ្ងន់ៗភាគច្រើន កើតឡើ​ងចំពោះអ្នកចេញរកស៊ីថ្មីថ្មើង ព្រោះបទពិសោធន៍រកស៊ីមានកម្រិត ឬក៏គ្មានបទពិសោធន៍សោះ តើយើងគួរធ្វើបែបណា ដើម្បីស្តារស្ថានការណ៍ និងមានកម្លាំងងើបឡើងវិញម្តង​ទៀត។

ក្រោយពីបរាជ័យរឿងមួយចំនួនបានផ្លាស់ប្តូរ ឬបានបាត់បង់ជាបន្តបន្ទាប់ ខាតបង់ទ្រព្យសម្បត្តិជារឿង​ម្យ៉ាង តែបាត់បង់មិត្តភក្ត មានបញ្ហាផ្ទៃក្នុងគ្រួសារ និងជាប់បំណុលគេនោះ ទើបជារឿងស្មុគស្មាញពិបាកដោះ​ស្រាយ​ណាស់ ទើបសហគ្រិនខ្លះធ្លាក់ខ្លួនរហូតងើបមុខមិនរួចទៀតផង។ ជាពិសេសហគ្រិនអចលនទ្រព្យដែលប្រើប្រាស់ទុនច្រើនសម្រាប់វិនិយោគ បើខាតមិនមែនចំនួនតិចតួចដូចអាជីវកម្មតូចតាចនោះទេ គឺមានតែរាប់ម៉ឺនដុល្លារឯណោះ។

សម្រាប់ដំណោះស្រាយដែលល្អបំផុតដែលសហគ្រិនរកស៊ីខាតត្រូវធ្វើមុនគេ ពង្រឹងទឹកចិត្ត ឬចិត្តសាស្ត្រ​ខ្លួនកុំឱ្យបរាជ័យដូចអាជីវកម្មឱ្យសោះ ដូចគេលើកឡើងថា រកស៊ីបរាជ័យចុះ តែកុំឱ្យចិត្តបរាជ័យ ព្រោះបើបរាជ័យទាំងចិត្ត ច្បាស់ជាគ្មានកម្លាំងរកវិធីសាស្ត្រ ដើម្បីងើបមកវិញនោះទេ។ ត្រូវតែព្យាយាមពង្រឹងចិត្តខ្លួនឯង​ឱ្យបានរឹងមាំ មិន​ត្រូវ​បាក់ទឹកចិត្ត​ទៅតាម​រឿងបរា​ជ័យនោះទេ។

សហគ្រិនដែលខ្លាំងដល់កម្រិត ទោះរកស៊ីចំណេញ​ប្រាក់រាប់លានដុល្លារ​ ក៏មិនញ៉ាប់ញ័រ រកស៊ីខាតធ្លាក់ដល់បាតដាល ក៏មិនតក់ស្លុត នៅឈរយ៉ាងរឹងមាំលើទីលាន ប្រយុទ្ធតស៊ូ ដើម្បី​ក្រោកឈរមកវិញ​ ទាំងក្លាហ៊ាន និងមោះមុតបំផុត​។

ស្ថាបនិកក្រុមហ៊ុនយក្ស Samsung លោក Lee លោកបានចាប់ផ្តើមអាជីវកម្មដំបូងរបស់លោក គឺបើកក្រុមហ៊ុន Rice Mill ក៏ប៉ុន្តែត្រូវទទួលបរាជ័យយ៉ាងយ៉ាងធ្ងន់ធ្ងរ ក៏ព្រោះតែជាលើកដំបូង គ្មានបទពិសោធន៍ និងគ្មានយុទ្ធសាស្ត្រច្បាស់លាស់ ធ្វើឱ្យខាតបង់ដើមទុនជាច្រើន។ សម្រាប់អាជីវកម្មដំបូងនេះខាតច្រើនក៏ពិតមែន តែវាបានបង្រៀនលោកច្រើន ទាក់ទងនឹងដំណើរការគ្រប់គ្រងក្រុមហ៊ុន រៀបចំយុទ្ធសាស្ត្រ ការសិក្សាឱកាសឱ្យកាន់តែស៊ីជម្រៅជាងមុន។

លោកថាប្រឡូកលើកដំបូងមិនគួរបាក់ទឹកចិត្តលែងចង់ងើបនោះទេ ព្រោះអ្នកបានទទួលមេរៀនយ៉ាងល្អ ដែលបានបង្រៀនអ្នក ឱ្យអ្នកឈានជើងដើរទៅមុខបន្តទៀត។ ក្រោយពីបរាជ័យលើកដំបូងមក ក៏មិនអង្គុយអស់សង្ឃឹម​នោះដែរ នៅឆ្នាំ១៩៣៨ លោកក៏បានបង្កើតក្រុមហ៊ុនថ្មីមួយទៀត គឺមានឈ្មោះ Samsung Trading  ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន។ មិនយូរប៉ុន្មាន នៅឆ្នាំ១៩៤៥ ក្រុមហ៊ុនរបស់លោកក៏ទទួលបានជោគជ័យកាន់តែខ្លាំង និងបានផ្លាស់ប្តូរទីតាំងក្រុមហ៊ុនទៅទីក្រុងសេអ៊ូលតែម្តង។ លោកLee ក៏បានបញ្ជាក់ថា ភាពជោគជ័យនៃក្រុមហ៊ុនថ្មី នេះក៏ព្រោះតែលោកបានទទួលចំណេះដឹង អំពីការបរាជ័យអាជីវកម្មលើកដំបូងរបស់លោកដែរ។

សរុបសេចក្តីមក ដើម្បីងើបចេញពីការរកស៊ីខាតធ្ងន់ធ្លាក់ក្រោមសូន្យបាន លុះត្រាតែយើងមានភាពរឹងមាំផ្នែកផ្លូវចិត្តជាមុនសិន ទើបអាចថែរក្សាបាននូវកម្លាំងផ្សេងៗ ដើម្បីរកវិធីសាស្ត្រល្អៗ ដើម្បីដោះស្រាយបញ្ហាម្តងៗមួយរហូតមានឱកាសចេញរកស៊ីម្តងទៀតបាន។ ជាការពិតណាស់ ភាពជោគជ័យនៃអាជីវកម្ម ពិតជាបានបង្កប់នូវភាពអត់ធ្មត់ សេចក្តីព្យាយាម ការខិតខំប្រឹងប្រែងខ្លាំងណាស់។ រកស៊ីបរាជ័យហើយ អាចមានកម្លាំងចិត្ត និងសមត្ថភាពរកផ្លូវងើបឡើងមកវិញបាន សុទ្ធតែជាសហគ្រិនពូកែ មិនដែលភ័យខ្លាចគ្រប់ស្ថានភាពដែលខ្លួនជួបប្រទះ។

Source From: https://www.business-cambodia.com/public/article/how-to-get-up-when-fail-business-real-estate

Leave a Reply

Your email address will not be published. Required fields are marked *