News

Check out real estate news updates

បឹងកក់ទី២កំពុងស្រូបយកទីផ្សារជួលអាផាតមិនច្រើនជាងគេក្នុងខណ្ឌទួលគោក

ស្របពេលដែលខណ្ឌទួលគោកកំពុងមានសក្តានុពលខ្លាំងស្ទើគ្រប់ផ្នែកទាំងអស់នៃវិស័យអចលនទ្រព្យ តំបន់បឹងកក់ទី២បាននិងកំពុងស្រូបយកទីផ្សារជួលអាផាតមិនយ៉ាងគំហុកក្នុងអត្រាមួយដ៏ខ្ពស់បំផុត។

ក្នុងន័យនេះ របាយការណ៍អចលនទ្រព្យថ្មីចងក្រងដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា Vtrust Appraisal Cambodia បានបង្ហាញថាអាផាតមិនក្នុងសង្កាត់បឹងកក់ទី២ទទួលបានការជួលច្រើនជាងសង្កាត់ដទៃទៀតក្នុងខណ្ឌទួលគោក។

ក្នុងចំណោមអាផាតមិនសម្រាប់ជួលទាំង ១៤៥០ យូនីតទាំងអស់ក្នុងខណ្ឌទួលគោក បឹងកក់ទី២ទទួលបានចំណែកប្រមាណជា ៥៤ ភាគរយឬស្មើទៅនឹង៧៧៣ យូនីត (២៩ គម្រោង) នៃទីផ្សារជួលសរុបក្នុងសង្កាត់ទាំង១០នៃខណ្ឌទួលគោក។

ការលេចធ្លោរបស់តំបន់បឹងកក់ទី២គឺដោយសារបច្ចុប្បន្ននិន្នាការនៃការអភិវឌ្ឍសកម្មភាពពាណិជ្ជកម្មជាច្រើនបាននិងកំពុងឆ្ពោះទៅរកតំបន់នេះ។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំកាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុនVtrust Appraisal Cambodiaបានឲ្យដឹងថាតំបន់បឹងកក់ទី២ទទួលបានចំណែកច្រើននៃទីផ្សារជួលគឺដោយសារតំបន់នេះស្ថិតជិតទីតាំងនៃCBD ឬតំបន់ពាណិជ្ជកម្មកណ្តាលក្នុងរាជធានីភ្នំពេញព្រមទាំងកត្តាជាច្រើនទៀត។

លោកបានបន្ថែមយ៉ាងដូច្នេះថា៖ «អាផាតមិនតំបន់បឹងកក់ទី២ទទួលបានការជួលច្រើនព្រោះគម្រោងផ្សេងៗដូចជា សាលាអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្ម មន្ទីពេទ្យជាដើមបានសាងសង់នៅទីនោះ…..ដូចនេះប្រជាជនទៅរស់នៅតំបន់នោះច្រើន»។

ជាក់ស្តែង កំណើននៃប្រជាជនរស់នៅតំបន់បឹងកក់ទី២បានធ្វើឲ្យតម្លៃទីផ្សារជួលអាផាតមិននៅទីនោះមានការកើនឡើងដែលមានអត្រាខ្ពស់ជាងសង្កាត់នានាក្នុងខណ្ឌទួលគោក។

តាមការបញ្ជាក់របស់លោក ហ៊ឹម សីហា តម្លៃជួលអាផាតមិនក្នុងមួយយូនីតដែលមានបន្ទប់គេងមួយគឺជាមធ្យមមានតម្លៃចន្លោះពី៥០០ ទៅ ៨០០ ដុល្លារអាមេរិកក្នុងមួយខែដែលនេះគឺខ្ពស់ជាងសង្កាត់នានា។

Source From: https://www.construction-property.com/khread-more-1504/

Leave a Reply

Your email address will not be published. Required fields are marked *