News

Check out real estate news updates

បណ្តាញភ្នាក់ងារអចលនទ្រព្យអាស៊ានលើកទី៣ប្រារព្ធធ្វើនៅកម្ពុជាជាលើកដំបូង

ដើម្បីពង្រីកវិសាលភាពអាជីវកម្មអចលនទ្រព្យទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា CVEA បានរៀបចំសន្និបាត និងពិព័រណ៍ Asean Real Estate Network Alliance (ARENA) លើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដែលប្រព្រឹត្តិទៅនៅឯសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញកាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។

ក្រោមប្រធានបទ៖ «របៀបនៃការធ្វើធុរកិច្ចក្នុងវិស័យអចលនទ្រព្យនៅក្នុងតំបន់អាស៊ាន How to Run Real Estate Companies in Asean» កម្មវិធីរយៈពេល៣ថ្ងៃ (២៣ ដល់ ២៥ សីហា) នេះ គឺមានការចូលរួមពីបណ្តាអ្នកវាយតម្លៃអចលនទ្រព្យ ភ្នាក់ងារលក់អចលនទ្រព្យ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ ដែលសរុបប្រមាណជិត ៧០០ នាក់មកពីប្រទេសក្នុងតំបន់អាស៊ាន។

ថ្លែងទៅកាន់អង្គពិធី លោកឆារស៍ វ៉ាន់ តំណាងដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានមានប្រសាសន៍ថាព្រឹត្តិការណ៍នេះគឺនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកទាំងអស់គ្នាដែលបានចូលរួម។

លោកមានប្រសាសន៍ថា៖ «កម្មវិធីនេះជាឱកាសរបស់យើងហើយ ដែលអាចក្រេបជញ្ជក់នូវចំណេះដឹង និងដកស្រង់បទពិសោធន៍ដែលបណ្តាប្រទេសមួយចំនួនបានធ្វើបទបង្ហាញនាពេលនេះ អំពីភាពជោគជ័យ និងបទពិសោធន៍នានាសម្រាប់ទទួលជោគជ័យក្នុងវិស័យអចលនទ្រព្យ»។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា ក៏បានចង្អុលបង្ហាញពីសក្តានុពលរបស់វិស័យមួយនេះផងដែរ ដោយលោកមានប្រសាសន៍ថា៖ «គ្មានព្រំដែនឡើយក្នុងការធ្វើអាជីវកម្មអចលនទ្រព្យដីធ្លី»។

សូមបញ្ជាក់ថា ARENA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដែលនេះគឺជាវេទិកាសម្រាប់ពង្រីកបណ្តាញអាជីវកម្មអចលនទ្រព្យដែលតំណាងឲ្យសមាជិកសមាគមជិត២ម៉ឺននាក់ និងមានភ្នាក់ងារអចលនទ្រព្យជិត ១០ម៉ឺននាក់។

ព្រឹត្តិការណ៍ឆ្នាំនេះគឺជាការរៀបចំឡើងដោយ ARENA ដែលបានសហការឧបត្ថម្ភកម្មវិធីដោយសមាគមអ្នកអភិវឌ្ឍន៍កម្ពុជា និងធនាគារកាណាឌីយ៉ាភីអិលស៊ី។

Source From: http://www.construction-property.com/khread-news-1367/

Leave a Reply

Your email address will not be published. Required fields are marked *