News

Check out real estate news updates

នូវែលសេឡង់​អនុម័ត​ច្បាប់​ទប់ស្កាត់​ការទិញ​ផ្ទះ​ដោយ​បរទេស

ក្រុងវែលីងតោនៈ ប្រទេស​នូវែលសេឡង់ បាន​អនុម័ត​ច្បាប់​ទប់ស្កាត់​លទ្ធភាព​ក្នុង​ការទិញ​អចលនទ្រព្យ​លំនៅឋាន​របស់​ជនបរទេស​ក្នុង​គោលបំណង​គ្រប់គ្រង​តម្លៃ​លំនៅឋាន​ដែល​កើនឡើង​របស់​ប្រទេស​ដែល​ស្ថិត​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​មួយ​នេះ​។

ច្បាប់​ដែល​បាន​អនុម័ត​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ឆ្លើយតប​ទៅ​តាម​ការសន្យា​ក្នុង​យុទ្ធនាការ​ដ៏សំខាន់​របស់​លោកស្រី​នាយករដ្ឋមន្ដ្រី Jacinda Ardern ដែល​បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើឲ្យ​លំនៅឋាន​មាន​តម្លៃ​កាន់តែ​សមរម្យ​នៅ​មុនពេល​ការបោះឆ្នោត​កាលពី​ឆ្នាំ​មុន​។

ការ​រឹតបន្តឹង​ថ្មី​នេះ​មាន​ន័យ​ថា​ជា​ការ​ហាមឃាត់​ទាំង​ស្រុង​លើ​ការទិញ​អចលនទ្រព្យ​លំនៅឋាន​របស់​ជនបរទេស​នៅក្នុង​ប្រទេស​នូវែលសេឡង់ ដោយ​មាន​ការលើក​លែង​មួយ​ចំនួន​ប៉ុណ្ណោះ​។

លោក David Parker រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​នូវែលសេឡង់​បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖ «​នេះ​ជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ និង​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើឲ្យ​សុបិន​នៃ​ការគ្រប់គ្រង​ផ្ទះ​ក្លាយ​ជា​ការពិត​សម្រាប់​ពលរដ្ឋ​នូវែលសេឡង់​កាន់តែ​ច្រើន​»​។

លោក​បន្ថែម​ថា​ការផ្លាស់ប្តូរ​នេះ​៖ «​ធានា​ថា​ទីផ្សារ​សម្រាប់​លំនៅឋាន​របស់​យើង​ត្រូវ​បាន​កំណត់​នៅ​ប្រទេស​នូវែលសេឡង់​មិនមែន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នោះ​ទេ​»​។

ពលរដ្ឋ​នូវែលសេឡង់​ជាទូទៅ​ចង់​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ជា​ជាង​ជួល ប៉ុន្តែ​កម្រិត​ការធ្វើ​ចំណាកស្រុក​ខ្ពស់​ខ្លាំង និង​កង្វះ​ស្ដុក​លំនៅឋាន​បាន​ជំរុញ​ឲ្យ​តម្លៃ​កើនឡើង​។

របាយការណ៍​របស់​រដ្ឋាភិបាល​កាលពី​ដើម​ឆ្នាំ​នេះ​បាន​រកឃើញ​ថា តម្លៃ​ផ្ទះ​បាន​កើនឡើង ៣០ ភាគរយ​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​មក​ដែល​កើន​លើស​កំណើន​ប្រាក់ចំណូល​។

ជា​លទ្ធផល​របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​លំនៅឋាន បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​កម្រិត​ទាប​បំផុត​រយៈពេល ៦០ ឆ្នាំ​។

រដ្ឋាភិបាល​របស់​លោកស្រី Ardern បាន​ឲ្យ​ដឹង​ថា អ្នកទិញ​ជា​ជនបរទេស​គឺជា​ផ្នែក​ដ៏ធំ​មួយ​នៃ​បញ្ហា​នេះ ដោយសារ​តែ​ពួកគេ​ឲ្យ​តម្លៃ​ខ្ពស់​ជាង​ប្រជាជន​ក្នុង​ស្រុក​។

ក្នុង​ពេល​កន្លង​មក​រដ្ឋាភិបាល​បាន​ចាត់​ទុក​អ្នកទិញ​ជា​ជនជាតិ​ចិន​ថា ជា​អ្នកជំរុញ​ដ៏សំខាន់​មួយ​នៅក្នុង​ទីផ្សារ​ទីក្រុង Auckland ដែល​បណ្ដាល​ឲ្យ​មាន​ការ​ចោទប្រកាន់​ពី​បទ​រើសអើង​ជាតិសាសន៍​ពី​ក្រុម​អ្នក​រិះគន់​។

ច្បាប់​ថ្មី​នេះ​នឹង​ទប់ស្កាត់​ជនបរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​នេះ​ដូចជា ជនជាតិ​ចិន​ដែល​ជា​ប្រភព​ដ៏សំខាន់​នៃ​អ្នកទិញ​ជា​ជនបរទេស មិន​ឲ្យ​ទិញ​លំនៅឋាន​ក្នុង​ប្រទេស​នូវែលសេឡង់​។

ប៉ុន្តែ​ជនជាតិ​អូស្ត្រាលី​ដែល​ជា​អ្នកទិញ​ជា​ជនបរទេស​ទូទៅ​ធំ​បំផុត​ទី ២ នឹង​ត្រូវ​បាន​លើកលែង ដោយសារ​តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ហើយ​ចំពោះ​ជនជាតិ​សិង្ហបុរី​ក៏​ដូច្នេះ​ដែរ​។

ទីតាំង​ភូមិសាស្ត្រ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​គេ​របស់​នូវែលសេឡង់​ដែល​ធ្លាប់​ត្រូវ​បាន​ចាត់ទុក​ថា ជា​ឧបសគ្គ​មួយ​សម្រាប់​អ្នកទិញ​បាន​ធ្វើឲ្យ​ប្រទេស​នេះ​មាន​ភាព​ពេញនិយម​សម្រាប់​ជនបរទេស​មាន​ប្រាក់​ច្រើន​បំផុត​ដែល​ស្វែងរក​កន្លែង​លាក់​ខ្លួន​។

ពួកគេ​ទាំង​នោះ​រួមមាន លោក Peter Thiel ជា​មនុស្ស​ដ៏សំខាន់​ផ្នែក​បច្ចេកវិទ្យា​អាមេរិក​លោក James Cameron ជា​ចាងហ្វាង​ភាពយន្ត​លោក Alexander Abramov មហាសេដ្ឋី​ដែកថែប​របស់​ប្រទេស​រុស្ស៊ី និង​លោក Matt Lauer អ្នក​ផ្សាយ​ព័ត៌មាន​អាមេរិក​។

លោក​រដ្ឋមន្ត្រី Parker បញ្ជាក់​ពី​ច្បាប់​ថ្មី​នេះ​ថា​នឹង​អនុវត្ត​ចំពោះ​គ្រប់​ទីតាំង​ទាំងអស់ «​បើ​ទោះបី​វា​ជា​មាត់បឹង​ដ៏ស្រស់ស្អាត ឬ​អចលនទ្រព្យ​នៅ​ជាប់​សមុទ្រ ឬ​លំនៅឋាន​ជាយក្រុង​ដែល​មាន​តម្លៃ​ទាប​ក៏ដោយ​» ។

លោកស្រី Bindi Norwell ប្រធាន​វិទ្យាស្ថាន​អចលនទ្រព្យ​របស់​ប្រទេស​នូវែលសេឡង់​បាន​ចោទ​ជា​សំណួរ​អំពី​តម្រូវការ​សម្រាប់​ច្បាប់​ថ្មី​នេះ​ដែល​លើកឡើង​ថា អ្នក​ទិញ​ជនបរទេស​ត្រឹម​តែ​បង្កើត​ចំណែក​តូច​មួយ​នៃ​ទីផ្សារ​នេះ​តែ​ប៉ុណ្ណោះ​។

លោកស្រី​បាន​ប្រាប់​គេហទំព័រ stuff.co.nz ថា​៖ «​យើង​មិន​ជឿ​ថា ការហាមឃាត់​អ្នកទិញ​ជា​ជនបរទេស មិន​ឲ្យ​ទិញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​នូវែលសេឡង់​នឹង​មាន​ផលប៉ះពាល់​មួយ​ចំនួន​លើ​តម្លៃ​លំនៅឋាន ហើយ​វា​ក៏​មិន​ជួយ​ដល់​ប្រជាជន​វ័យក្មេង​ក្នុងការ​ស្វែងរក​ទិញ​លំនៅឋាន​ដំបូង​របស់​ពួកគេ​ផងដែរ​»៕

Leave a Reply

Your email address will not be published. Required fields are marked *