News

Check out real estate news updates

និ​ន្នា​ការ​នៃ​ការ​អភិ​វឌ្ឍ​លំ​នៅ​ឋាន​ តម្លៃ​មធ្យម​បន្ត​កើន​ឡើង

ភ្នំពេញ: ខណៈ​និ​ន្នា​ការ​​​វិ​និ​យោគ​លើ​​ការ​អភិ​វឌ្ឍ​លំ​នៅ​ឋាន​​នៅ​តែ​បង្ហាញ​ពី​សញ្ញា​វិជ្ជ​មាន​ ការ​អភិ​វឌ្ឍ​លំ​នៅ​ឋាន​តម្លៃ​មធ្យម​កាន់​តែ​បង្ហាញ​ពី​សម្ទុះ​ ជា​ពិ​សេស​នៅ​តាម​តំ​បន់​ជាយ​ក្រុង។

​ការ​សិក្សា​របស់​ក្រ​សួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំ​ណង់ នា​​អំ​ឡុង​ឆ្នាំ​​ ២០១៥ ​បាន​​​​រក​ឃើញ​ថា តម្រូវ​ការ​​​​លំ​នៅ​ឋាន​ថ្មី​នៅ​កម្ពុជា​​ គិត​ចាប់​ពី​ឆ្នាំ​ ២០១៥ ​​ឆ្នាំ​ ២០៣០ នឹង​មាន​ចំ​នួន​ប្រ​មាណ​ ៨០ ​ម៉ឺន​ខ្នង​​ ដែល​កត្តា​នេះ​​ជំ​រុញ​ឲ្យ​សកម្ម​ភាព​នៃ​ការ​វិ​និ​យោគ​លើ​ការ​សាង​សង់​លំ​នៅ​ឋាន​បន្ត​ការ​កើន​ឡើង​ជា​លំ​ដាប់​​។​

នៅ​ក្នុង​ពិ​ធី​បើក​ការ​ដ្ឋាន​សាង​សង់​ «បុ​រី​វិ​មាន​ភ្នំពេញ»​ ដែល​ស្ថិត​នៅ​​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ​៦ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ លោក លី ហួរ ប្រ​ធាន​សមា​គម​អ្នក​អភិ​វឌ្ឍន៍​លំ​នៅ​ឋាន​កម្ពុជា និង​ជា​អគ្គ​​នា​យក​ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​បុ​រី​វិ​មាន​ភ្នំ​ពេញ ​បាន​និ​យាយ​ថា ​វិ​ស័យ​​អចលន​ទ្រព្យ​ និង​​ទី​ផ្សារ​លំ​នៅ​ឋាន​នៅ​​​ប្រ​ទេស ​កម្ពុជា ​នា​ពេល​​នេះ​កំ​ពុង​​វិ​វឌ្ឍ​ទៅ​មុខ​យ៉ាង​លឿនមិន​ថា​​ នៅ​​ក្នុង​ទី​​ក្រុង ឬ​ទី​ប្រ​ជុំ​ជន​នោះ​​ទេ​។

លោក​បន្ត​ថា កំ​ណើន​ប្រាក់​ចំ​ណូល និង​​ចំ​នួន​គ្រួ​សារ​ថ្មី​ៗ​ បាន​ធ្វើ​ឲ្យ​ទី​ផ្សារ​លំ​នៅ​ឋាន និង​អចលន​ទ្រព្យ​នៅ​កម្ពុជា​​​មាន​ភាព​ល្អ​ប្រ​សើរ​​ជាង​​ប្រ​ទេស​ ជិត​ខាង​​​ទៀត​ផង​នា​ពេល​នេះ​។

លោក​​ថ្លែង​ថា៖ ​«​ខ្ញុំ​មាន​សុ​ទិដ្ឋិ​និ​យម​​​ថា​ ទី​ផ្សារ​លំ​នៅ​ឋាន​​នៅ​កម្ពុជា​នឹង​បន្ត​រីក​ចម្រើន​រយៈ​ពេល​វែង​​​ទៀត ពិ​សេស​លំ​នៅ​ឋាន​សម្រាប់​ប្រ​ជា​ជន​ដែល​មាន​​​ប្រាក់​​ចំ​ណូល​កម្រិត​មធ្យម​​​​»​​។

លោក​បន្ត​​ថា ដោយ​សារ​ទី​ផ្សារ​លំ​នៅ​ឋាន​​នៅ​តែ​ល្អ​នោះ ក្រុម​ហ៊ុន​របស់​លោក​​នឹង​បន្ត​អភិ​វឌ្ឍ​លំ​នៅ​ឋាន​​ថ្មី​ៗ​បន្ថែម​​​ទៀត​នា​ពេល​ឆាប់​ៗ​នេះ​។

ប្រ​ធាន​សមា​គម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​​ងារ​អចលន​វត្ថុ​កម្ពុជា លោក គីម ហ៊ាង​ ធ្លាប់​បាន​និ​យាយ​​​ថា តម្លៃ​លំ​នៅ​​ឋាន​នៅ​កម្ពុជា​​ចែក​ចេញ​ជា ​៣ ​ប្រ​ភេទ​ គឺ​តម្លៃ​ក្រោម ​៤ ​ម៉ឺន​ដុល្លារ តម្លៃ​ចន្លោះ​ពី​​​ ៤-៨​ ម៉ឺន​ដុល្លារ ​និង​តម្លៃ​​ចាប់​ពី​ ៨ ​ម៉ឺន​ដុល្លារ​ឡើង​ទៅ​។

អ្នក​នាង ឆាយ ស៊ីណា ប្រ​ធាន​ផ្នែក​ទី​ផ្សារ និង​លក់​របស់​ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​​បុរី​វិ​មាន​ភ្នំ​ពេញ​បាន​ប្រាប់​​ថា គម្រោង​​ថ្មី​នេះ​​ត្រូវ​ការ​ពេល​សាង​សង់​ចន្លោះ​ពី​ ៣-៥ ​ឆ្នាំ ដោយ​មាន​ផ្ទះ​​​​សរុប​​ ៣០០០ ​ខ្នង ​ក្នុង​នោះ​​ដំ​ណាក់​កាល​ទី​ ១ ​ក្រុម​ហ៊ុន​នឹង​សាង​សង់​​ផ្ទះ​​ ២ ០០០​ ខ្នង និង​ដំ​ណាក់​​កាល​ទី​ ២ ចំនួន​ ១​ ០០០​ ខ្នង។​ ផ្ទះ​ក្នុង​គម្រោង​នេះ​មាន​តម្លៃ​ចាប់​ពី​​ ៤៧​ ០០០​ ដុល្លារ​រហូត​ដល់​ជាង ​២០០ ០០០ ​ដុល្លារ​។​

អ្នក​នាង ស៊ីណា អះ​អាង​ថា៖ ​«​ខ្ញុំ​គិត​​ថា​ គម្រោង​ថ្មី​ដែល​​​​នៅ​ជិត​ផ្សារ​ព្រែក​អញ្ចាញ​នេះ​នឹង​​ងាយ​​ស្រួល​លក់​បំ​ផុត​ ព្រោះ​តាម​បទ​ពិ​សោធ​ក្នុង​​ការ​លក់​​គម្រោង​ទី ​៧ ដែល​​នៅ​​ផ្លូវ​ជាតិ​​លេខ​ ​៦ ​​នេះ​គឺ​​​​មាន​ល្បឿន​លឿន​​ហួស​ពី​ការ​រំ​ពឹង​ទុក​»។

បុរី​វិ​មាន​ភ្នំ​ពេញ គម្រោង​ទី​ ៩ ដែល​ទើប​​​បើក​ការ​ដ្ឋាន​សាង​សង់​​​នេះ​មាន​ផ្ទៃ​ដី​ជាង​ ៣០ ​ហិក​តា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ក្បែរ​ផ្សារ​​ព្រែក​​អញ្ចាញ​។ គម្រោង​នេះ​រួម​មាន ផ្ទះ​អា​ជីវ​កម្ម ​ផ្ទះ​ល្វែង អគារ​កា​រិ​យា​ល័យ ​កន្លែង​លម្ហែ និង​ក្លិប​ហាត់​ប្រាណ​។

លោក ឌឹត ចណ្ណា នា​យក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ឡាក់​គី រៀល​ធី បាន​​និ​យាយ​ថា ក្នុង​រយៈ​ពេល​ប្រហែល​​ ៣-​៤ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ស្ថាន​ភាព​វិ​ស័យ​អចលន​ទ្រព្យ​ និង​​លំ​នៅ​ឋាន​មាន​ការ​វិវឌ្ឍ​​យ៉ាង​ខ្លាំង​​នៅ​​តាម​​ផ្លូវ​ជាតិ​លេខ​ ៦ ពិ​សេស​ចាប់​ពី​គល់​ស្ពាន​ជ្រោយ​ចង្វារ​​​ ​ដល់​ស្ពាន​ព្រែក​តា​មាក់។ លោក​ថ្លែង​​ថា៖​ «​បច្ចុប្បន្ន​មាន​គ​ម្រោង​លំ​នៅ​ឋាន​ជា​ច្រើន​បាន​លេច​ឡើង​​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៦»​។

បើ​តាម ​លោក ចណ្ណា បច្ចុប្បន្ន​​​ដី​​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​ ៦ ក្បែរ​​តំ​បន់​នោះ​​​​អាច​មាន​​តម្លៃ​ចន្លោះ​ពី​ ៣០០​-៣៥០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រ​កា​រ៉េ ខណៈ​រយៈ​ពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំ​មុន ​អាច​មាន​តម្លៃ​ចន្លោះ​ពី​ ២៥០​-​៣០០ ​ដុល្លារ​។

លោក ឡៅ ទិព្វ​សី​ហា រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំ​ណង់ បាន​ថ្លែង​​​ថា ក្រ​សួង​បាន​ទទួល​​ពាក្យ​ស្នើ​សុំ​ការ​អនុ​ញ្ញាត​​ដើ​ម្បី​អភិ​វឌ្ឍ​គម្រោង​លំ​នៅ​ឋាន​​ជា​ច្រើន​នា​ពេល​នេះ។ គម្រោង​​លំ​នៅ​ឋាន​ ជា​ច្រើន​កំ​ពុង​​ដំ​ណើរ​ការ​នៅ​កម្ពុជា​។​

លោក​ថ្លែង​ថា៖​ «​កំ​ណើន​នៃ​ការ​ស្នើ​សុំ​​ច្បាប់​សាង​សង់ គឺ​ដោយ​សារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ ​កំ​ណើន​សេដ្ឋ​កិច្ច​រឹង​​មាំ កំ​ណើន​គ្រួ​សារ​ថ្មី និង​​លំ​ហូរ​វិ​និ​យោគ​ពី​ក្រៅ​ប្រ​ទេស»។

របាយ​ការ​ណ៍​​​ក្រ​សួង​រៀប​ចំ​ដែន​ដី បាន​ឲ្យ​ដឹង​ថា ​រយៈ​ពេល​​ ៦ ខែ​​ដំ​បូង​ឆ្នាំ​ ២០១៨ សមត្ថ​កិច្ច​ក្រ​សួង និង​រាជ​ធា​នី ខេត្ត បាន​ផ្ដល់​លិ​ខិត​អនុ​ញ្ញាត​សាង​សង់​បាន​ចំ​នួន ១ ៦៤៣ គម្រោង លើ​​ផ្ទៃ​ក្រ​ឡា​សំ​ណង់ ៥,៣៥ ​លាន​​ម៉ែត្រ​កា​រ៉េ និង​មាន​តម្លៃ​ប៉ាន់​ស្មាន ២,១៥ ​ពាន់​​លាន​​ដុល្លារ​​អា​មេ​រិក៕​LA

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *