News

Check out real estate news updates

ធនា​គារ​កណ្តាល​ថៃ រឹត​បន្តឹង​ឥណ​ទាន​ទិញ​ផ្ទះ​សម្រាប់​ការ​ទិញ​ផ្ទះ​ទី​ ៣

ក្រុង​បាង​កកៈ ធនា​គារ​កណ្តាល​​​របស់​​​ប្រ​ទេស​ ថៃ​​ នឹង​ដាក់​ចេញ​វិ​ធាន​ការ​តឹង​រ៉ឹង​ជាង​មុន​ដោយ​តម្រូវ​ឲ្យ​​​​បង់​​​​ប្រាក់​នៅ​ដំ​ណាក់​កាល​ដំ​បូង (down payment) អប្ប​បរមា​​សម្រាប់​កម្ចី​ទិញ​ផ្ទះ​ទី ៣ និង​ផ្ទះ​បន្ត​បន្ទាប់​ក្នុង​អត្រា ​៣០ ភាគ​រយ​​នៃ​តម្លៃ​ផ្ទះ។ នេះ​បើ​យោង​តាម​កា​សែត​បាង​កក​​ប៉ុស្តិ៍។

ប៉ុន្តែ​ធនា​គារ​នេះ​​​នឹង​បន្ធូរ​បន្ថយ​លក្ខ​ខណ្ឌ​​​តម្រូវ​អប្ប​បរមា​​​​សម្រាប់​កម្ចី​ទិញ​ផ្ទះ​​ទី​ ២ ​មក​នៅ​ត្រឹម​ពី ​១០ ភាគ​រយ ទៅ ២០ ភាគ​រយ​នៃ​តម្លៃ​ផ្ទះ​វិញ ​ដោយ​អាស្រ័យ​​លើ​រយៈ​ពេល​ខ្ចី​សម្រាប់​កម្ចី​ទិញ​ផ្ទះ​​ទី​ ១​។

កាល​បរិច្ឆេទ​ចូល​ជា​ធរ​មាន​​​ត្រូវ​បាន​ពន្យារ​ពេល​​​ ៤ ​ខែ​ដែល​​នឹង​ចូល​ជា​ធរ​មាន​នៅ​ថ្ងៃ​ទី​ ១ ខែ​ មេ​សា​​ ឆ្នាំ​ក្រោយ​​​បន្ទាប់​ពី​​មាន​ការ​បញ្ចុះ​បញ្ចូល​ដោយ​​ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​អ​ច​ល​ន​ទ្រព្យ​​និង​ក្រុម​ហ៊ុន​ផ្តល់​កម្ចី​អ​ច​ល​ន​ទ្រព្យ​។

កា​សែត​បាង​កក​ប៉ុស្តិ៍​បាន​ដក​ស្រង់​សម្ដី​លោក Jaturong Jantarangs ​ជំ​នួយ​ការ​ទេ​សា​​ភិ​បាល​​​ធនា​គារ​កណ្តាល​​ថៃ ខណៈ​លោក​​​ថ្លែង​ថា​ ធនា​គារ​កណ្តាល​​នឹង​តម្រូវ​​ឲ្យ​អ្នក​ដែល​ទិញ​ផ្ទះ​​​តម្លៃ​​ក្រោម ​​១០ ​លាន​បាត​ (ប្រ​ហែល ៣ សែន​ដុ​ល្លារ) ហើយ​ស្វែង​រក​កម្ចី​ទិញ​ផ្ទះ​​ទី​ ២ ​​ត្រូវ​​បង់​ប្រាក់​នៅ​ដំ​ណាក់​​កាល​ដំ​បូង​​យ៉ាង​ហោច​ណាស់​​ ១០​ ភាគ​រយ​ក្នុង​ករណី​​ដែល​ពួក​គេ​​​​បង់​​កម្ចី​ទិញ​ផ្ទះ​ទី ១ សម្រាប់​​រយៈ​ពេល​ ៣ ​ឆ្នាំ​ឬ​យូរ​ជាង​នេះ។

លក្ខខណ្ឌ​​តម្រូវ​បង់​​​​ប្រាក់​នៅ​ដំ​ណាក់​​កាល​ដំ​បូង​​អប្ប​បរមា​​នេះ នឹង​ត្រូវ​ដំ​ឡើង​ដល់​ ២០ ភាគ​រយ ​​បើ​អ្នក​ខ្ចី​​​បាន​បង់​សង​កម្ចី​ទិញ​ផ្ទះ​ទី ១ សម្រាប់​​រយៈ​ពេល​តិច​ជាង​ ៣ ​ឆ្នាំ​។

សម្រាប់​​អ្នក​ដែល​ស្វែង​រក​កម្ចី​ទិញ​ផ្ទះ​ទី ២ ​​សម្រាប់​​ទិញ​​តម្លៃ​ ១០ ​លាន​បាត​ឬ​ខ្ពស់​ជាង​​នេះ​ ​ការ​បង់​នៅ​ដំ​ណាក់​កាល​​ដំ​បូង​អប្ប​បរមា​នឹង​ត្រូវ​បង់​ចំ​នួន ២០ ភាគ​រយ​។

អ្នក​ដែល​ដាក់​​ពាក្យ​​​សុំ​កម្ចី​ទិញ​​ផ្ទះ​ទី ៣ ​និង​បន្ត​បន្ទាប់​ទៀត ​​នឹង​ត្រូវ​បង់​ប្រាក់​នៅ​ដំ​ណាក់​កាល​ដំ​បូង​អប្ប​បរមា​ចំ​នួន ​៣០ ភាគ​រយ​​ ​ដោយ​មិន​គិត​ពី​តម្លៃ​ផ្ទះ។

អនុ​បាត​កម្ចី​ធៀប​នឹង​តម្លៃ​ ​(LTV) ​ពី ៩០ ភាគ​រយ ទៅ ១០០ ភាគ​រយ ​នៅ​តែ​​មិន​ផ្លាស់​​ប្តូរ​​សម្រាប់​អ្នក​ដែល​ដាក់​ពាក្យ​សុំ​កម្ចី​ទិញ​ផ្ទះ​ទី ១ ​ដើ​ម្បី​ទិញ​ផ្ទះ​​តម្លៃ​​ទាប​​ជាង ​១០ ​លាន​​បាត​ ប៉ុន្តែ​​អនុ​បាត​​នេះ​នឹង​​ត្រូវ​ទម្លាក់​មក​នៅ​ត្រឹម​ ៨០ ភាគ​រយ​​ក្នុង​​ករណី​​​អ្នក​ខ្ចី​​ទិញ​ផ្ទះ​ ​តម្លៃ​ ​១០ ​លាន​បាត​ឬ​ខ្ពស់​ជាង​នេះ។

ជា​ធម្មតា​ ​កម្ចី​មួយ​ដែល​មាន​​អនុ​បាត LTV ទាប​ ​​មាន​ន័យ​ថា​មាន​ហានិ​ភ័យ​ទាប​​សម្រាប់​ទាំង​អ្នក​ឲ្យ​ខ្ចី​ និង​អ្នក​ខ្ចី​​​ដោយ​សារ​​កម្រិត​មូល​ធន​ដែល​ត្រូវ​ឲ្យ​ខ្ចី​មាន​បរិ​មាណ​តិច៕ PS

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *