News

Check out real estate news updates

ទុន​វិ​និ​យោគ​ក្នុង​វិ​ស័យ​សំ​ណង់​​​ ធ្លាក់​ជាង ១៤%

ភ្នំពេញៈ ទុន​វិ​និ​យោគ​​ក្នុង​វិ​ស័យ​​សំ​ណង់​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ ៩ ​ខែ ឆ្នាំ​ ២០១៨ ​នេះ​បាន​​ធ្លាក់​ចុះ​​ជាង​​​ ១៤ ​​ភា​គ​​រយ ​បើ​ធៀប​ទៅ​នឹង​រយៈ​ពេ​ល​​ដូច​​គ្នា​​កាល​ពី​ឆ្នាំ​ ២០១​៧​។ នេះ​​​បើ​តាម​របាយ​ការណ៍​របស់​ក្រ​សួង​រៀប​ចំ​ដែន​ដី​ ន​គ​រូប​នី​យ​កម្ម​ និង ​សំ​ណង់​ កាល​ពី​ថ្ងៃ​ម្សិល​​​មិញ​។

របាយ​ការណ៍​​​​ឲ្យ​ដឹង​ថា ក្នុង​រយៈ​​ពេល​ ៩ ​ខែ​ឆ្នាំ​ ២០១៨ នេះ​​កម្ពុជា​​​បាន​ផ្តល់​ការ​អនុញ្ញា​ត​លើ​គម្រោង​សាង​សង់​​សរុប​ ២ ៥៤​១ គម្រោង​លើ​ផ្ទៃ​ក្រ​ឡា​សំ​ណង់​​​សរុប ១០,៧៩ លាន​ម៉ែត្រ​កា​រ៉េ និង​មាន​តម្លៃ​ជាង​ ៤ ៨២០​ លាន​ដុល្លារ ខណៈ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៧ ការ​​​អនុ​ញ្ញាត​លើ​គម្រោង​​សាង​សង់​មាន​ចំនួន​ ២ ៥២២ ​គម្រោង​លើ​ផ្ទៃ​ក្រ​ឡា​​សំ​ណង់​​សរុប​ ៩,១​៤ ​លាន​​ម៉ែត្រ​កា​រ៉េ ​និង​មាន​ទុន​វិ​និ​យោគ​ជាង​ ៥​៦៣៦ ​លាន​ដុ​ល្លារ​គឺ​មាន​ការ​ថយ​ចុះ​ចំ​នួន​ ១៤,៤៧ ​ភាគ​រយ​។

លោក ឡៅ ​ទិព្វ​សី​ហា ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​រៀប​ចំ​ដែន​ដី​ន​គ​រូប​នី​យ​កម្ម​ និង​សំ​ណង់ ​​បាន​ប្រាប់​ថា​ វិ​ស័យ​សំ​ណង់​នៅ​​តែ​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​​ការ​លើក​កម្ពស់​កំ​ណើន​សេដ្ឋ​កិច្ច​កម្ពុជា​ បន្ទាប់​ពី​វិ​ស័យ​ឧស្សា​​ហក​ម្ម ក​សិក​ម្ម និង​ទេស​ចរ​ណ៍​។​ ស្ថាន​ភាព​ទី​ផ្សារ​អច​ល​ន​ទ្រព្យ ​និង​សំ​ណង់​នៅ​កម្ពុជា​នឹង​បន្ត​ភាព​ល្អ​ប្រ​សើរ​ជា​បន្ត​ទៀត​។​

លោក​បាន​ថ្លែង​ថា៖ ​«​វិ​ស័យ​សំ​ណង់​​កំ​ពុង​ដើរ​តួ​នា​ទី​​យ៉ាង​សំ​ខាន់​​​ក្នុង​ការ​​ទ្រ​ទ្រង់​​កំ​ណើន​សេដ្ឋ​កិច្ច​ជាតិ​តាម​រយៈ ​ការ​​​បង្កើត​ការ​ងារ​ជួយ​​លើ​ក​​​​កម្រិត​ជីវ​ភាព​ប្រ​ជា​ជន​ និង​​ផ្តល់​នូវ​បទ​ពិ​សោធ និង​ចំ​ណេះ​ដឹង​ថ្មី​ដល់​ប្រ​ជា​ពល​រដ្ឋ​​»​។

ក្នុង​រយៈ​ពេល​ ៩ ​ខែ​នេះ​អ​គារ​​ថ្មី​​ៗ​ដែល​មាន​កម្ពស់​ចាប់​ពី​ ៥ ជាន់​ឡើង​ទៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​​មាន​ចំ​នួន​ ៩២ ​អគារ​ហើយ​​​គិត​ចាប់​​ពី​ឆ្នាំ​ ២០០៥ រហូត​​មក​ទ​ល់​​ពេល​នេះ​​មាន​ចំ​នួន​​ ១ ០​៨​៤ ​​អ​គារ។​

ចំ​ណែក​ទិន្ន​ន័យ​របស់​មន្ទីរ​​រៀប​ចំ​ដែន​ដី​ ន​គ​រូប​នីយ​កម្ម​សំ​ណង់​ និង​សុ​រិ​យោ​ដី​ខេត្ត​ព្រះ​សី​ហ​នុ​បាន​ឲ្យ​ដឹង​ថា គិត​ពី​ឆ្នាំ​ ២០០៥ ដល់​ឆ្នាំ​​ ២០១៦ នៅ​ខេត្ត​ព្រះ​សី​ហ​នុ​សំ​ណង់​ដែល​មាន​​កម្ពស់​ចាប់​ពី​ ៥ ​​ជាន់​ទៅ​ដល់​​ ៣៥ ​ជាន់ មាន​ ៤៦ ​អគារ​​។

បើ​តាម​លោក​ទិព្វ​សី​ហា​ទោះ​បី​​ជា​វិ​ស័យ​សំ​ណង់​នៅ​​ខេត្ត​ព្រះ​សី​ហ​នុ​កំ​ពុង​មាន​សម្ទុះ​​កើន​ឡើង​លឿន​ក៏​ដោយ ក៏​​​រាជ​ធា​នី​ភ្នំ​ពេញ នៅ​តែ​ជា​កន្លែង​ដែល​មាន​ស​ក្តា​នុ​ពល​ខ្ពស់​ជាង​គេ​សម្រាប់​ការ​វិ​និ​យោគ​​វិ​ស័យ​សំ​ណង់​​នៅ​កម្ពុជា​​ដ​ដែល​។​

របាយ​ការណ៍​បាន​ឲ្យ​ដឹង​ទៀ​ត​​ថា ក្នុង​រយៈ​ពេល​ ៩ ​ខែ​កន្លង​មក​ក្រ​សួង​រៀប​ចំ​ដែន​ដី ន​គ​រូប​នី​យក​ម្ម​ និង​សំ​ណង់​បាន​ចុះ​បញ្ជី​ក្រុម​ហ៊ុន​​សិ​ក្សា​គម្រោង​​ប្លង់​បាន​​ចំនួន​ ៤២ ​ក្រុម​​ហ៊ុន​ និង​ក្រុម​​ហ៊ុន​សាង​សង់​មាន​ចំ​នួន ​១ ០២៨ ក្រុម​ហ៊ុន។

ការ​ធ្លាក់​ចុះ​ទុន​វិ​និ​យោគ​វិ​ស័យ​​សំ​ណង់​នា​ពេល​នេះ​មិន​បាន​​ធ្វើ​ឲ្យ​អ្នក​ជំ​នាញ​ក្នុង​វិ​ស័យ​អ​ច​លន​ទ្រព្យ​ព្រួយ​បា​រម្ភ​នោះ​ឡើយ​។

លោក ​ច្រឹក ​សុខ​នីម​ នា​យក​ប្រ​តិ​បត្តិ​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ Century 21 Mekong បាន​និ​យាយ​ថា ការ​ធ្លាក់​ចុះ​​​ចំ​នួន​ទឹក​ប្រាក់​បន្តិច​បន្តួច​ក្នុង​វិ​ស័យ​សំ​ណង់​គឺ​ជា​រឿង​ធម្ម​តា​ ព្រោះ​គ្រប់​គម្រោង​​សាង​សង់​ធំ​ៗ​សុទ្ធ​តែ​ត្រូវ​ការ​ពេល​យ៉ាង​តិច​ ២-៣ ​​ឆ្នាំ​ដើ​ម្បី​បញ្ចប់ ដូ​ច្នេះ​បើ​គេ​ចុះ​បញ្ជី​សាង​សង់​កាល​ពី​ឆ្នាំ​មុន​ច្រើន​វា​នឹង​ធ្វើ​ឲ្យ​ទុន​វិ​និ​យោគ​ឆ្នាំ​នេះ​ធ្លាក់​ចុះ។

នេះ​ជា​រឿង​ធម្មតា​ប៉ុ​ន្តែ​អ្វី​ដែល​សំ​ខាន់ តើ​​​គម្រោង​ដែល​ប្រ​កាស​សាង​សង់​​ទាំង​អស់​នោះ​បាន​បញ្ចប់​ការ​​សាង​សង់​ទៅ​តាម​ផែន​ការ​ដែរ​ ឬ​អត់​?

លោក​ថ្លែង​ថា៖​ «ការ​ធ្លាក់​ចុះ​​ទុន​វិ​និ​យោគ​វិ​ស័យ​សំ​ណង់​ក្នុង​រយៈ​ពេល​ ៩ ​ខែ​នេះ មិន​អាច​និ​យាយ​ថា​ការ​រីក​ចម្រើន​​​នៃ​​វិ​ស័យ​សំ​ណង់​នៅ​កម្ពុជា​ថម​ថយ​នោះ​ទេ​ដោយ​វា​អាច​មក​ពី​ពេល​នេះ​ក្រុម​ហ៊ុន​កំ​ពុង​ចាប់​​​ផ្តើម​សាង​សង់​។​ ​ខ្ញុំ​គិត​ថា​វិ​ស័យ​សំ​ណង់​ និង​អ​ច​ល​ន​ទ្រព្យ​នៅ​កម្ពុជា​នឹង​រីក​ចម្រើន​ក្នុង​​រយៈ​ពេល​យូរ​ជា​បន្ត​ទៀត​ដោយ​មិន​មាន​អ្វី​ជា​ឧប​សគ្គ​នោះ​ទេ​»។​

ក្នុង​ឆ្នាំ​ ២០១៧​ ​ក្រ​សួង​បាន​អនុ​ម័ត​​គម្រោង​សាង​សង់​ស​រុប​​ ៣ ០៥២ គម្រោង លើ​ផ្ទៃ​ក្រ​ឡា​សាង​សង់​សរុប​ ១០,​៧៤ ​​លាន​ម៉ែត្រ​កា​រ៉េ និង​មាន​តម្លៃ​វិ​និ​យោគ​ប្រ​មាណ​ជាង​ ៦ ៤២៨ ​លាន​ដុ​ល្លារ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​ ២០១៦ ដែល​មាន​តម្លៃ​ប្រ​មាណ​ជាង​ ៥ ២៥៦ ​​លាន​ដុ​ល្លារ កើន​ឡើង​ ២២,៣១ ​ភាគ​រយ៕​LA

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *