News

Check out real estate news updates

ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​ទឹកប្រាក់​ជិត៥ពាន់​លាន​ដុល្លារក្នុង​រយៈពេល​ពេល១០ខែ​ឆ្នាំនេះ

ភ្នំពេញ៖ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅក្នុង​រយៈពេល ១០ខែ​ឆ្នាំ២០១៨នេះ សម្រេចបាន​ទឹកប្រាក់​ជិត៥០០០លាន​ដុល្លារ​អាមេរិក ខណៈដែល​កាលពី​ចុង​ត្រីមាស​ទី២ នៃ​ឆ្នាំ​ដដែល​មាន​ចំនួន​វិនិយោគ ត្រឹមតែ1780លាន​ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​ជា សុផារ៉ា បាន​ថ្លែង​ឱ្យដឹង​នា​ព្រឹក​ថ្ងៃទី២៩ វិច្ឆិកា​នេះ​ថា សម្រាប់​ទុនវិនិយោគ​លើ​វិស័យ​សំណង់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គឺមាន​ការកើនឡើង​ជា​បន្តបន្ទាប់ និង​ហួស​ពី​ការរំពឹងទុក ។ លោក​បាន​រំលឹកថា កាលពី​ឆ្នាំ២០១៦ ទុនវិនិយោគ៥០៤៩លាន​ដុល្លារ​សហរដ្ឋអាមេរិក កើនឡើង៦៨ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១។ នៅ​ឆ្នាំ២០១៧ ទុនវិនិយោគ​មាន​ចំនួន ៦២០៧លាន​ដុល្លារ​សហរដ្ឋអាមេរិក មានការ​កើនឡើង​ប្រមាណ​ជាង២១,៨៤ ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ២០១៦ ។

ដោយឡែក​នៅក្នុង​ឆ្នាំនេះ គិត​ត្រឹម​រយៈពេល១០ខែ ទុនវិនិយោគ​សរុប​លើ​វិស័យ​សំណង់​មាន​ចំនួន​រហូតដល់ ៤៩៩០លាន​ដុល្លារ ដែលជា​សញ្ញា​វិជ្ជមាន​បង្ហាញ​ពី​កើនឡើង និង​កំពុង​បន្ត​រីកដុះដាល​យ៉ាងខ្លាំង​នៃ​ផ្នែក​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា។

លោក​ជា សុផារ៉ា​បាន​បន្តថា “ហេតុផល​ដែល​ធ្វើឱ្យ​វិស័យ​សាងសង់​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដូចនេះ គឺ​ដោយសារតែ​វិនិយោគិន​ជាតិ និង​អន្តរជាតិ មាន​ជំនឿ​លើ​ទីផ្សារ​អ​ចនទ្រ​ព្យ​នៅ​កម្ពុជា ជាពិសេស​គឺ​ទំនុកចិត្ត​លើ​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច​រីកចម្រើន ដែល​អា​រក្សាបាន​កំណើន​រង្វង់៧ភាគរយ ក៏ដូចជា​គោលនយោបាយ​បើក​ទីផ្សារសេរី​ផងដែរ។

យ៉ាងណាក៏ដោយ លោក​ក៏បាន​ទទូច​ស្នើសុំ​ដល់​អ្នកវិនិយោគ អ្នក​សាងសង់ ក៏ដូចជា​អ្នកគ្រប់គ្រង​សំណង់ និង​អភិវឌ្ឍ​អចលនទ្រព្យ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់ និង​បទបញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព និង​គុណភាព​សំណង់​នៅ​កម្ពុជា។

លោក​បណ្ឌិត គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន Khmer Real Estate និង​ជា​ប្រធាន​សមាគមន អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ជាមួយនឹង​ការលើកឡើង​ថា លោក​នៅតែ​មើលឃើញថា វិស័យ​អចលនទ្រព្យ​សម្រាប់​រយៈពេល៥ ទៅ១០ឆ្នាំ​ខាងមុខ នឹង​នៅតែ​រីកចម្រើន​បន្តទៀត ដោយសារ​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ភាព​រ៉ឹង​មាំ​ល្អប្រសើរ។

លោក​បញ្ជាក់ថា “កម្ពុជា​នៅតែ​ស្ថិតក្នុង​ក្រសែភ្នែក​អ្នកវិនិយោគ​អន្តរជាតិ ដែល​ពួកគេ​មើលឃើញថា​ទីផ្សារ​នេះ​នៅតែមាន​ភាព​ទាក់ទាញ និង​មានឱកាស​ចំណេញ​បាន​ច្រើន​ពី​ការបោះ​ទុនវិនិយោគ​រប​ស់​ពួកគេ។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន CBRE Cambodia ដែល​បានចេញ​ផ្សាយ​កាលពីពេល​កន្លង​ទៅបាន​ឱ្យដឹងថា ជាមួយនឹង​គំរោង​វិនិយោគ​ដ៏​ច្រើន​នេះ របាយការណ៍​បានកត់សំគាល់​ឃើញថា កាលពី​ដំណាច់ត្រីមាស​ទី 2ឆ្នាំ2018 ចំនួន​ខុន​ដូ​ដែល​បានបញ្ចប់​ការសាងសង់ និង​ដាក់​ចូលក្នុង​ទីផ្សារ​រំពឹង​នឹង​កើន​ដល់2ម៉ឺន​យូ​នី​ត ។ របាយការណ៍​ដដែល​បានបង្ហាញ​ទៀតថា ជាមួយនឹង​កំណើន​នៃ​តម្រូវការ និង​ការវិនិយោគ​បានធ្វើឱ្យ​ទីផ្សារ​ការិយាល័យ ស្ថិតនៅតាម​តំបន់​ពាណិជ្ជកម្ម​មាន​កំណើន 6% និង 3,4% សម្រាប់​ការិយាល័យ​លំដាប់ B និង C។ ជាមួយគ្នានេះ ទំហំ​ផ្សារ​ទំនើប​បាន​កើនឡើង 43% ផងដែរ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017កន្លងទៅ។

ជាមួយនឹង​របាយការណ៍​ខាងលើនេះ អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ឱ្យដឹង​តាម​ទូរស័ព្ទ​ផងដែរ​ថា ស្ថានភាព​នៃ​ការអភិវឌ្ឍន៍ និង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ មិនមាន​សញ្ញា​ណាមួយ ដែល​បង្ហាញ​ពី​ភាពអវិជ្ជមាន​នោះទេ ពោលគឺអ្វីៗនៅតែ​ដំណើរការ​យ៉ាង​ល្អប្រសើរ ដោយសារ​ការផ្គត់ផ្គង់ និង​តម្រូវការ​នៅមាន​ស្ថិរ​ភាពល្អ​នៅឡើយ ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *