News

Check out real estate news updates

ទីស្ដីការ​គណៈរដ្ឋមន្ត្រី មោឃភាព​បណ្ណ​កាន់កាប់​អចលនវត្ថុ​ក្រុមហ៊ុន ING Holding នៅបឹង​ជើងឯក

ទីស្ដីការ​គណៈរដ្ឋមន្ត្រី បានចេញ​លិខិត​មោឃភាព​បណ្ណសម្គាល់​សិទ្ធិកាន់កាប់​អចលនវត្ថុ​របស់​ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holding) របស់លោក​ឧកញ៉ា អ៉ឹង ប៊ុនហូវ នៅបឹង​ជើងឯក។ ការមោឃភាព​នេះ ដោយសារក្រុមហ៊ុន​មិនអនុវត្ត​ការសម្រេច​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ផ្ទៃបឹង​ជើងឯក ស្ថិតក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី បានចេញ​លិខិត​មោឃភាពបណ្ណ​សម្គាល់សិទ្ធិ​កាន់កាប់​អចលនវត្ថុ​របស់​ក្រុមហ៊ុន​អាយអិនជី ហូលឌីង ចំនួន៥បណ្ណ គឺបណ្ណលេខភព ៦៨៥៧៨ , ភព ៦៨៥៧៩ , ភព ៦៨៥៨០ , ភព ៦៨៥៨២ និងភពលេខ ៦៨៥៨៣ ចុះថ្ងៃទី២១ ខែ​មីនា ឆ្នាំ​២០១៩។ នេះបើយោង​តាមលិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ២០១៩ ជម្រាបជូន​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និង​អភិបាល​នៃគណៈអភិបាល​ខេត្ត​កណ្ដាល។

ជាមួយគ្នានេះ ទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានសម្រេចនិរាករណ៍លិខិតលេខ ១៩៨ ស.ជ.ណ ផក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ លិខិតលេខ ៨០១ ស.ជ.ណ ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ និងលិខិតលេខ ១១៤៧ ស.ជ.ណ ឧសចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។

ការមោឃភាពបណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​របស់​ក្រុមហ៊ុន​អាយអិនជី ហូលឌីង ចំនួន​៥ប័ណ្ណ គឺយោងតាម​លិខិតលេខ ១៤៨៨ ដនស/អសដភ ចុះថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់។ លិខិត​លេខ ៣០៨ ខន/០១៩ សជណ ចុះថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០១៩ របស់​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ចំណារ​របស់​សម្តេច ហ៊ុន សែន ចុះថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០១៩ ។

គួររំលឹក​ថា ក្រុមហ៊ុនអភិវឌ្ឍន៍​បឹងទំពុន ING Holding បានធ្វើកិច្ចសន្យា​មួយ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បីកសាង​ផ្លូវថ្មីឈ្មោះ «មហាវិថី​សម្តេចតេជោ» ដែលមាន​ទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង​ជាង៩ គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវលេខ២៧១ ក្បាលថ្នល់ ឆ្ពោះទៅកាន់ផ្លូវជាតិ​លេខ ២ ក្នុងសង្កាត់​ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ហើយក្រុមហ៊ុន គឺត្រូវ​ដោះស្រាយ រាល់ការ​ប៉ះពាល់​នានាដែលពាក់ព័ន្ធ នឹងដីជា​កម្មសិទ្ធិរស់នៅ​របស់ប្រជាជន ប៉ុន្តែ​ក្រុមហ៊ុន ING Holding មិនបាន​ធ្វើតាម​ដូចបាន​សន្យាជាមួយ​នឹងរាជរដ្ឋាភិបាល​ឡើយ៕

More information visit: http://kleykley.sabay.com.kh/article/1151472#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *