News

Check out real estate news updates

ទីបំផុត! ផ្លូវជាតិលេខ ២និងលេខ២២នឹងចាប់ផ្តើមសាងសង់ក្នុងខែវិច្ឆិការខាងមុខនេះ

បន្ទាប់ពីទន្ទឹងរងចាំអស់រយៈពេលជាច្រើនឆ្នាំមក ការស្ថាបនាពង្រីកផ្លូវជាតិលេខ២ និង លេខ ២២ ក្រោមជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងខែវិច្ឆិការខាងមុខនេះ នេះបើយោងតាមលទ្ធផលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវខាងលើរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់កូរ៉េ។

កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវខាងលើជាមួយក្រុមហ៊ុន Hanshin Engineering & Construction Co. Ltd ហើយការសាងសង់នឹងចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានខែបន្ទាប់។

សម្រាប់កាលបរិច្ឆេទនៃការចាប់ផ្តើមការសាងសង់វិញ  ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា បន្ទាប់ពីចុះហត្ថលេខារួចមក ក្រុមហ៊ុននឹងដំណើរការនិតិវិធីបន្តជាមួយធនាគារតាមរយៈពេល២សប្តាហ៍ ហើយបន្ទាប់មកការសាងសង់នឹងចាប់ផ្តើមនៅចន្លោះខែ វិច្ឆិកា ទៅ ខែធ្នូ ឆ្នាំ ២០១៩ខាងមុខនេះ។

គម្រោងស្ថាបនាពង្រីកផ្លូវខាងលើ នឹងត្រូវចំណាយថវិការសាងសង់ប្រមាណជាង ៤៥ លានដុល្លារអាមេរិក ហើយការសាងសង់នឹងបែងចែកជាបីកំណាត់់ ដោយកំណាត់ទី១ចាប់ពីវង្វង់មូលតាខ្មៅ ដល់វង្វង់មូលស្រ្តីបីកួរស្រូវ កំណាត់ទី២គឺចាប់ពីស្រ្តីបីកួរស្រូវដល់អូរចំបក់ និងកំណាត់ទី៣ចាប់ពីអូរចំបក់ដល់ផ្សារអង្គតាសោម (ផ្លូវជាតិលេខ២២) សរុបចំនួន ៧២,១៧គីឡូវម៉ែត្រ។

គម្រោងនេះនឹងត្រូវធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ (Asphalt Concrete)ដែលមានគុណភាពជាប់បានយូរ ហើយការសាងសង់នឹងប្រើប្រាស់រយៈពេលប្រមាណជា ៣០ ខែ។

ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានអំពាវនាវឲ្យក្រុមហ៊ុនសាងសង់ធ្វើការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពផ្លូវខាងលើដើម្បីធ្វើឲ្យផ្លូវនេះមានគុណភាពល្អជាប់បានរយៈពេលពី៩ទៅ១០ឆ្នាំទើបមានការជួសជុល។

Source From: https://www.construction-property.com/khread-news-1905/

Leave a Reply

Your email address will not be published. Required fields are marked *