News

Check out real estate news updates

ទស្សនៈអ្នកជំនាញ៖ ជុំវិញកំណើនពុះដីឡូត៍នៅកម្ពុជា

ការវិនិយោគលើការពុះដីឡូត៍នៅកម្ពុជាបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា កំពុងមានសកម្មភាពយ៉ាងផុសផុលនៅតំបន់ជាយក្រុង ទីរួមខេត្ត និងតំបន់សក្តានុពលសំខាន់ៗផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ហេតុផលសំខាន់នៃការពុះដីឡូត៍ ដោយសារតែមានតម្រូវការច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ ចេះតែមានចំនួនកើនឡើងជារៀងរាល់ឆ្នាំ ស្របពេលចំណូលក៏កើនឡើងផងដែរ។ ក៏ប៉ុន្តែ បើនៅតែបន្តពុះច្រើន ច្បាស់ណាស់ថា នឹងដល់ចំណុចមួយលើសតម្រូវការមិនខានឡើយ នឹងបង្កឲ្យអ្នកវិនិយោគជួបហានិភ័យខ្ពស់ផងដែរ។

លោកគង់ ឌីណា ជាប្រធានផ្នែកលក់ក្រុមហ៊ុន First Property បានលើកឡើងថា កំណើនពុះដីឡូត៍មានសញ្ញាល្អផង និងមិនល្អផង ល្អវាបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលមានចំណូលមធ្យម និងក្រោមមធ្យមអាចមានលទ្ធភាពទិញដីធ្លីសម្រាប់សង់លំនៅឋានបាន ដូចអ្នកមានចំណូលខ្ពស់ ព្រោះពេលមិនទាន់មានពុះដីឡូត៍ គេលក់ទំហំធំតម្លៃថ្លៃ គ្មានការបង់រំលស់នោះទេ ធ្វើឲ្យអ្នកគ្មានលទ្ធភាពមិនអាចទិញបានឡើយ។

ក៏ប៉ុន្តែបើកំណើនកើនខ្លាំង ហើយការពុះដីឡូត៍បែបអនាធិបតេយ្យច្រើនអាចមានផលប៉ះពាល់នៅពេលខាងមុខ បើមានគម្រោងពង្រីកទីក្រុងបន្ថែម។ ដោយសារតែការពុះដីឡូត៍មួយចំនួន មិនគោរពតាមគោលការណ៍ និងស្តង់ដាររបស់ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ ហើយវានឹងធ្វើឲ្យមានភាពស្មុកស្មាញទាំងរាជរដ្ឋាភិបាល និងម្ចាស់ដីឡូត៍ខ្លួនឯងផ្ទាល់។ នេះជាការបន្ថែមរបស់អ្នកជំនាញខាងលើ។

អ្នកជំនាញដដែលបានបញ្ជាក់ថា នៅពេលការវិនិយោគដីឡូត៍កើនដល់កម្រិតកំពូល ឬលើសតម្រូវការ និងបញ្ហាវិបត្តិសេដ្ឋកិច្ច ឬវិបត្តិនយោបាយ អាចប៉ះពាល់ខ្លាំងដល់ការពុះដីឡូត៍ ដោយតែវិបត្តិសង្គមទាំងនេះមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយអតិថិជនទិញដីធ្លី ដែលភាគច្រើនពួកគាត់ធ្វើការបង់រំលស់ស្ទើរតែទាំងស្រុង ហើយចំណូលបែរជាធ្លាក់ចុះ ធ្វើឲ្យបញ្ហាហិរញ្ញវត្ថុ និងការបង់ប្រចាំខែ។

លោកឈុំ ឈន់ ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសម្បត្តិជន ធ្លាប់បានលើកឡើងថា មុនសម្រេចចិត្តពុះដីឡូត៍លក់ យើងត្រូវសិក្សាតម្រូវការទីផ្សារជាមុនសិន តើប្រជាពលរដ្ឋគាំទ្រអត់ ហើយចូលចិត្តឬទេ។ ជាក់ស្តែងវិស័យដីឡូត៍មានតម្រូវការ ដោយសារតែប្រទេសយើងមានកំណើន ហើយដី ឬផ្ទះនៅក្រុងតម្លៃឡើងខ្ពស់ ដូច្នេះតម្រូវការនៃការពុះដីឡូត៍លក់នៅជាយក្រុង និងតំបន់ខេត្តសក្តានុពលមានការកើនឡើង។

លោកបន្តថា «សម្រាប់អតិថិជនមុនទិញដីឡូត៍តំបន់ណាមួយ ត្រូវតែពិនិត្រផ្លូវច្បាប់ តើក្រុមហ៊ុនដែលខ្លួនត្រូវទិញនិងមានការទទួលស្គាល់ត្រឹមត្រូវតាមផ្លូវច្បាប់ និងមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវដែរទេ។ មួយវិញទៀត ប្លង់មានបញ្ចំនៅធនាគារ ឬកំពុងមានវិវាទជាមួយនរណាផ្សេងដែរទេ។ ទាក់ទិនចំណុចនេះ អតិថិជនទិញចង់បានតែដី មិនចង់បានរឿង ឬជម្លោះគ្នានោះទេ តែអតិថិជនខ្លះក្រោយពីទិញរួចបានរឿងឈឺក្បាលជាមួយក្រុមហ៊ុនទៅវិញ»។

ចំណែកលោកភិន សុផល ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យបញ្ញាវ័ន្តលែន បានលើកឡើងថា កំណើននៃការពុះដីឡូត៍ច្រើនដូចសព្វថ្ងៃនេះវាអាចមានសញ្ញាពីរផ្សេងគ្នា ទាំងល្អ និងមិនល្អ។ កត្តាល្អមកពីការពុះដីឡូត៍របស់ម្ចាស់គម្រោងបានប្រែក្លាយពីតំបន់ស្ងប់ស្ងាត់មួយឲ្យក្លាយទៅជាតំបន់អភិវឌ្ឍ ដីប្រជាពលរដ្ឋនៅតំបន់នោះអាចលក់បានថ្លៃ ផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋដៃគាត់មានលុយតិចតួចអាចទិញដីនៅទីប្រជុំជនបានតាមរយៈការបង់រំលស់ជាដើម។

ចំពោះកត្តាមិនល្អ គឺការពុះដីឡូត៍ច្រើនពេកអាចហួសពីតម្រូវការជាក់ស្តែង ធ្វើអោយដីហើមពិបាកដល់អ្នកត្រូវការធ្វើគម្រោងអភិវឌ្ឍធំៗ ឬក៏គម្រោងអភិវឌ្ឍរបស់រដ្ឋ ការរៀបចំមិនបានត្រឹមត្រូវបង្កភាពរញ៉េរញ៉ៃ ពិបាកក្នុងការគ្រប់គ្រងរបស់អាជ្ញាធរ ឬក៏គម្រោងមិនល្អនាំអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះដល់អ្នកដទៃដែលរកស៉ីពុះដីឡូត៍ដូចគ្នា៕

Source From: https://business-cambodia.com/2018/11/26/land-investment-growth%E2%80%8B-in-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *