News

Check out real estate news updates

តោះទៅមើលសក្តានុពលសំខាន់ៗនៃភាគខាងត្បូងរាជធានីភ្នំពេញ

ភ្នំពេញ: គំរោងជាច្រើនបានឆ្ពោះទៅកាន់ភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសសកម្មភាពអភិវឌ្ឍន៍បានផ្តោតលើទីក្រុងរណប ING CITY ទំហំជាង២០០០ហិកតា ដែលជាទីក្រុងមានទំហំធំជាងគេនៅទីក្រុងភ្នំពេញ។

ក្រុងរណប ING City ដែលស្ថិតនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងមានផ្លូវសម្តេចតេជោហ៊ុន សែនឬហៅថាផ្លូវ៦០ម៉ែត្រ ពុះកាត់ចំកណ្ដាលនិងផ្លូវធំៗចំនួនពីរចេញពីផ្លូវជាតិលេខ២ ឆ្ពោះភ្ជាប់ទៅកាន់ផ្លូវ២៧១ និងមហាវិថីមួយទៀតចេញពីម្តុំរង្វង់មូល មុខសាលាខេត្តកណ្តាលឆ្ពោះទៅកាន់ផ្លូវលេខ៣៧១បាន និងកំពុងសាងសង់យ៉ាងសក ម្ម។

បច្ចុប្បន្នគំរោងអភិវឌ្ឍន៍ជាច្រើនបានឆ្ពោះទៅកាន់តំបន់នេះ ដូចជាគំរោង កសាងទីក្រុង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃក្រុមហ៊ុន R&F Property ដែលបាននិងកំពុងបើកការដ្ឋានសាងសង់គំរោងរបស់ខ្លួន ក្នុងតម្លៃទឹកប្រាក៧០០លានដុល្លារអាមេរិក។

គំរោងបុរីWoodland , បុរី ប៉េង ហួត ដែកកាលពីសប្តាហ៍មុន ក្រុមហ៊ុន បុរី ប៉េង ហួត បានសម្ពោធបុកគ្រឹះសាងសង់គម្រោងផ្សារទំនើបថ្មីមួយរបស់ខ្លួនPH Diamond Place ដោយបានវិនិយោគប្រមាណ ៦០លានដុល្លារអាមេរិក នៅលើផ្ទៃដីជិត៦ហិកតា។

សាលាអន្តរជាតិISPP និងសាលតាំងបង្ហាញរថយន្តម៉ាកម៊ែកសឺដេសក៏បានបើកការិយាល័យរបស់ខ្លួននៅតំបន់នេះផងដែរ។

ផ្សារទំនើប PH Diamond Place ដែលសង់លើផ្ទៃដីជិត៦ហិកតា ផ្សារទំនើបនៃបុរីជីព ម៉ុង និងគំរោងផ្សារទំនើបAEON MALL3កាន់តែធ្វើឲ្យតំបន់នេះកាន់តែរសរវើកនាពេលអនាគត។

លោកជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា តំបន់ទីក្រុងរណប ING City នេះ គឺជាតំបន់ដែលមានសក្ដានុពលខ្លាំង ក្នុងការសាងសង់លំនៅដ្ឋាន និងអគារពាណិជ្ជកម្មចម្រុះ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចសង្គមទៅថ្ងៃអនាគត។

លោកបន្តថា “ទោះយ៉ាងណាការលូតលាស់ នៃការអភិវឌ្ឍក្នុងតំបន់នេះ ហាក់នៅមានកម្រិតនៅឡើយ ខណៈដែលគម្រោងភាគច្រើនមានតែក្នុងគំនូររូបភាព តែមិនទាន់ឃើញសាងសង់ចេញជារូបរាងនៅឡើយទេ”។

លោកជា សុផារ៉ាបានបន្តថា តំបន់នេះគឺជាតំបន់មួយ ដែលលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាអ្នករៀបចំការអភិវឌ្ឍ ហើយការអភិវឌ្ឍដែលជាដុំកំភួននោះ គឺផ្លូវ ៦០ម៉ែត្រ ហើយការអភិវឌ្ឍផ្លូវនេះទៀតសោត គឺធ្វើឡើងលក្ខណៈបដិភាគ មានន័យថា អភិវឌ្ឍឆ្លងកាត់ដីនរណា បដិភាគកន្លែងហ្នឹង ហើយការអភិវឌ្ឍនេះ តាំងពីជំនាន់អភិបាលក្រុងឯកឧត្តម ប៉ា សុជាតិវង្ស មកម្ល៉េះ ដោយមានការពិភាក្សាគ្នារវាងខេត្តកណ្ដាល និងរាជធានីភ្នំពេញ។ ឥឡូវនេះ អត់ទាន់ក្លាយទៅជាការពិត ដូចគម្រោងនៅឡើយ។

លោកឧកញ៉ាអ៊ឹង ប៊ុនហូវមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោកមាស ម៉េតភ័ក្តីបានថ្លែងបដិសេធប
ញ្ជាក់លំអិតពីគំរោងអភិវឌ្ឍន៍នេះ ភ្ជាប់គ្នាជាមួយផ្លូវក្រវ៉ាត់ក្រុងទីបីឬយ៉ាងណាទេ
ដោយលោកបានមានប្រសាសន៍ថា គំរោងអភិវឌ្ឍន៍នៅភាគខាងត្បូងក្រុងភ្នំពេញ និងទីក្រុងរណបING CITYធ្វើឡើងតាមប្លង់គោល(master Plan)របស់ក្រុងភ្នំពេញ ហើយគំរោងអភិវឌ្ឈន៍ណាក៏ដោយ ក៏ត្រូវគោរពតាមប្លង់គោលរបស់ក្រុងភ្នំពេញ។

អតីតវិរស្ថាត្យករកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណដែលបានទទួលមរណៈភាពទៅហើយនោះធ្លាប់បានថ្លែងថា ទីក្រុងភ្នំពេញគួរអភិវឌ្ឍន៍ឆ្ពោះទៅភាគខាងត្បូងរាជធានី ដោយសារតំបន់នោះមានសណ្ឋានដីល្អ មានលក្ខខ័ណ្ឌអាកាសធាតុល្អ និងមិនប្រឈមមុខនឹងការលិចទឹក។

អគ្គនាយកក្រុមហ៊ុនCentury21 Mekong លោកច្រឹក សុខនីមបានថ្លែងថា តំបន់ភាគខាងត្បូងក្រុងភ្នំពេញ ពិសេសទីក្រុងរណបING CITY ជាតំបន់ដ៏មានសក្តានុពលមួយ ដែលបច្ចុប្បន្នស្ទើរតែស្ថិតនៅកណ្តាលក្រុងរួចទៅហើយ ដោយសារទី១ ទីតាំងនេះជាទីតាំងBest of The bestឬនិយាយពីការវិនិយោគគឺគេនិយាយពីទីតាំង ទីតាំង ទី២ វាជាតំបន់ថ្មីដែលអាចសាងសង់អាគារបានខ្ពស់ៗ និងផ្សារទំនើបនានាងាយស្រួល។ ទី៣ ជាតំបន់មានសណ្ឋានដីល្អ និងជាតំបន់តភ្ជាប់ជាមួយក្រុងតាខ្មៅ និងស្ថិតនៅកៀកនឹងស្ថាប័នរដ្ឋាភិបាលនានា។

លោកបន្តថា “វាមិនមែនជាតំបន់ទើបមានសក្តានុពលទេ តែជាតំបន់មានសក្តានុពលយូរហើយ”។

ទាក់ទងនឹងការបំពុលផ្សែងពីរោងចក្រ សហគ្រាសនៅតំបន់នេះ លោកសុខនីមបានថ្លែងថា ដោយសារដីឡើងថ្លៃ នាពេលអនាគតរោងចក្រ សហគ្រាសទាំងនោះនឹងរើចេញពីតំបន់នេះមិនខាន ហេតុនេះលោកជឿថា រោងចក្រ សហគ្រាសនៅតំបន់នេះ មិនប៉ះពាល់ដល់ការសម្រេចចិត្តទិញ ឬវិនិយោគពីក្រុមហ៊ុនអភិវឌ្ឍន៍នានានោះទេ។

លោកបន្តថា “តាមធម្មតាគំរោងសាងសង់និមួយៗ ទម្រាំសាងសង់ចប់ចំណាយពេលបីទៅ៥ឆ្នាំ ហេតុនេះទម្រាំគំរោងទាំងនោះសាងសង់ចប់ រោងចក្រ ទាំងនោះនឹងរើចាកចេញហើយ”។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកម៉េត មាសភក្តីបានបដិសេធមិនលើកឡើងពីគម្រោងប្រព័ន្ឋបង្ហូរទឹកចេញពីរាជធានីចូលតំបន់នេះ ដែលត្រូវបានក្រុមហ៊ុនING CITYចាក់ខ្សាច់លុបនោះទេ។

កន្លងមកសាលារាជធានីភ្នំពេញបានសម្រេចរួចហើយ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ឋ ដោយកាត់ផ្ទៃបឹងមួយចំនួនចេញពីគំរោងអភិវឌ្ឈន៍នេះ ដើម្បីរក្សាបឹងស្តុកទឹកភ្លៀង និងទឹកសំអុយដែលបង្ហូរចេញពីរាជធានីភ្នំពេញ ទៅកាន់តំបន់នេះ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *